ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ីវាយតម្លៃថា ទីលានកម្ពុជាអាចទទួលធ្វើជាម្ចាស់ផ្ទះបាន បន្តែទីលានខ្លះត្រូវកែលម្អបន្ថែម

ភ្នំពេញ ៖ លោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី និងលោកស្រី Manpreet Kandhari នាយកប្រតិបត្តិអមដំណើរដោយ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងមន្រ្តីពាក់ព័ន្ធទទួលបន្ទុករៀបចំទីលាន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចូលជួប ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងបានចុះពិនិត្យមើលទីលានកីឡាវាយកូនបាល់ត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក Kitsombat Euammongkol និង លោក ស្រី Manpreet Kandharl បានវាយតម្លៃថា ទីលានកីឡាវាយកូនបាល់របស់កម្ពុជាត្រៀមទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ខាងមុខនេះ មានលក្ខណៈស្តង់ដាគ្រប់គ្រាន់អាចទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយមោទកភាព ។ ចំពោះបន្ទប់សម្រាប់អត្តពលិកចូលសម្រាកពេលត្រៀមប្រកួត និងបន្ទប់ផ្លាស់សៀកបំពាក់ បន្ទប់ទឹក និងបន្ទប់ទទួលភ្ញៀវថ្នាក់ដឹកនាំ គឺរៀបរយរួចរាល់អស់ហើយ ប៉ុន្តែនៅកែលម្អទីលានបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ ដោយសារមានស្នាមប្រេះខ្លះៗដែលចាំបាច់មានការជួសជុលទើបធ្វើឲ្យទីលាននេះអាចដំណើរការប្រកួតស្របតាមស្តង់ដាអន្តរជាតិ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានអបអរសាទរ និងរីករាយក្នុងដំណើរទស្សនកិច្ចផ្តល់ជាយោបល់ និងធាតុចូបន្ថែមសម្រាប់កម្ពុជា ដើម្បីត្រៀមខ្លួនរៀបចំទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយមោទកភាព និងធ្វើឲ្យល្អប្រសើរជាងប្រទេសនៅក្នុងតំបន់។ លោកអះអាងថា រាល់ចំណុចខ្វះខាតពាក់ព័ន្ធនឹងទីលានប្រកួត ភាគីទទួលបន្ទុកទីលានរបស់គណៈកម្មាធិការជាតិ CAMSOC នឹងធ្វើការកែលម្អ ដើម្បីឆ្លើយតបតាមការវាយតម្លៃរបស់អ្នកជំនាញមកពីសហព័ន្ធអាស៊ី។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី លោក Kitsombat Euammongkol និង អ្នកស្រី Manpreet Kandhari នាយកប្រតិបត្តិមកកាន់ប្រទេសកម្ពុជាមានគោលបំណងសំខាន់ គឺដើម្បីត្រួតពិនិត្យ វាយតម្លៃហេដ្ឋារចនាសម្ព័ន្ធ លក្ខណៈសម្បត្តិទីលាន ឱ្យស្របតាមស្តង់ដា បច្ចេកទេសនៃការប្រកួតកម្រិតអន្តរជាតិ ព្រមទាំងបានចែករំលែកបទពិសោធន៍ដល់កម្ពុជាឲ្យត្រៀមខ្លួនកាន់តែល្អឆ្ពោះទៅជោគជ័យសម្រាប់មហាព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តដំបូងដែលរង់ចាំរយៈពេល ៦៤ឆ្នាំ៕

រូបភាព និងអត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner