សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេស នៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេស នៅព្រះរាជាណាចក្រកម្ពុជា ដោយមានអន្កចូលរួមប្រមាណ ៥០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញនាព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣នេះ ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសមានប្រសាសន៍ថា គណៈកម្មការនេះមានតួនាទី និងភារកិច្ច ដឹកនាំពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា កំពុងជាប់ដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយវិបត្តិបណ្តាលមកពីជំនន់ទឹកភ្លៀង នារដូវវស្សាកន្លងមក ពួកឧក្រិដ្ឋជននៅក្រៅប្រទេសមួយចំនួន បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញជនបរទេសឱ្យប្រព្រឹត្តបទល្មើស ល្បែងភ្នាល់អនឡាញខុសច្បាប់ និងទាក់ទាញបោកបញ្ឆោតពលករបរទេសឱ្យចូលមកធ្វើការខុសច្បាប់នៅកម្ពុជា ក្រោមរូបភាពផ្តល់ប្រាក់ឈ្នួលពលកម្មក្នុងតម្លៃខ្ពស់ជាដើម។

សម្ដេចក្រឡាហោម បន្ដថា ប្រឈមមុខចំពោះសភាពការណ៍នេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយតម្លាភាព មានការចូលរួម និងគណនេយ្យភាព ដោយបើកចំហរឱ្យសាមីខ្លួន ក្រុមគ្រួសារ ឬអ្នកពាក់ព័ន្ធនានាដែលអះអាងថា បានរងគ្រោះ ដើម្បីធ្វើការផ្តល់ព័ត៌មាន ឬប្តឹងតាមប្រព័ន្ធហ្វេសប៊ុករបស់ សម្ដេច ឬតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រព័ន្ធទំនាក់ទំនងនានានៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមកទល់ពាក់កណ្តាលខែមករានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានទទួលព័ត៌មាន និងពាក្យបណ្តឹងនានាចំនួន ៧០៧ករណី បានស្រាវជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១.០៤៥នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើស ចំនួន ០៥ក្រុមហ៊ុន ព្រមទាំងផ្អាកអាជីវកម្ម និងបន្តស្រាវជ្រាវ ០៤ក្រុមហ៊ុន។

សម្ដេចក្រឡាហោម បានលើកឡើងទៀតថា ក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។ សម្ដេចក្រឡាហោម ស ខេង បានណែនាំចំពោះគោលការណ៍សំខាន់ៗមួយចំនួន គាំទ្រដល់ផែនការសកម្មភាព និងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដែលរៀបចំដោយគណៈកម្មការអន្ដរក្រសួង និងសូមជំរុញលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការរួមគ្នាអនុវត្តន៍ផែនការសកម្មភាពនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមអំពាវនាវដល់កម្មករ និយោជិតបរទេស និយោជក នៃរោងចក្រ សហគ្រាស មូលដ្ឋានអាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ផ្ដល់ការគាំទ្រ និងចូលរួមអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner