អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន-សង្គមស៊ីវិលរឿងចាប់ខ្លួនលោកថាច់ សេដ្ឋា គឺគ្មានការទទួលខុសត្រូវ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានហៅការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច ទាក់ទងទៅនឹងការចាប់ខ្លួនលោកថាច់ សេដ្ឋា ដែលបានប្រព្រឹត្តខុសច្បាប់ គឺគ្មាការទទួលខុសត្រូវនូវទង្វើដ៏គម្រក់របស់មេដឹកនាំបក្សនយោបាយរបស់ខ្លួន។ ការចាប់ខ្លួននេះ គឺជារឿងដែលត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ មិនថាអ្នកឯងជាអ្នកនយោបាយ ជាមេដឹកនាំគណបក្សនយោបាយ ឬជាអ្នកណាទេ ពីព្រោះច្បាប់អត់បានលើកឡើង អត់មានការអនុគ្រោះចំពោះបុគ្គលណាម្នាក់ទេ។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS ថា បើមើលទៅលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន រួមជាមួយនឹងប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលប្រើប្រាស់អង្គការសង្គមស៊ីវិលជាកន្ទប ដើម្បីក្របដណ្តប់លើសកម្មភាពនយោបាយលាក់មុខរបស់ខ្លួនបម្រើគណបក្សនយោបាយរបស់ពួកគេនោះ គឺឃើញយ៉ាងច្បាស់ថា ទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ គឺបានប្រតិកម្ម និងបានធ្វើសេចក្តីថ្លែងការណ៍ ទាំងមិនមានការទទួលខុសត្រូវនៅចំពោះមុខច្បាប់ និងទាំងចេតនាមិនចង់ឱ្យមានការអនុវត្តច្បាប់ស្មើភាពគ្នាចំពោះមុខច្បាប់ទេ ពីព្រោះករណីលោកថាច់ សេដ្ឋា នេះ គឺអត់ខុសពីករណីអ្នករកស៊ី អ្នកជំនួញជួញដូរផ្សេងៗទៀត ដែលបានបោកប្រាស់រំលោភលើសេចក្តីទុកចិត្តរបស់ដៃគូខ្លួនដែលប្រើប្រាស់សែកគ្មានទឹកប្រាក់ (សែកស្អុយ) សម្រាប់ទូទាត់របស់របរដែលត្រូវទិញ ឬសំណងដែលត្រូវសង។ នៅកកម្ពុជាមានករណីនេះច្រើនណាស់ដែលអ្នករកស៊ី អ្នកធុរកិច្ច អាជីវករមួយចំនួនដែលប្រើប្រាស់សែកគ្មានទឹកប្រាក់នេះ ដើម្បីទូទាត់ដោះស្រាយទិញដូរ ក៏ប៉ុន្តែដល់ពេលដែលដៃគូទទួលសែកអត់អាចបើកលុយបានគេប្តឹងដាក់គុកជាច្រើន។

នេះគឺជារឿងដែលត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នានៅចំពោះមុខច្បាប់ មិនថាអ្នកឯងជាអ្នកនយោបាយ ជាមេគណបក្សនយោបាយ ជាអ្នកណាទេ ពីព្រោះច្បាប់អត់បានលើកលែង អត់មានការអនុគ្រោះចំពោះបុគ្គលណាម្នាក់ទេ។ ប្រព័ន្ធតុលាការដែលជាអង្គការនីតិវិនិច្ឆ័យ គឺមានកាតព្វកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះ ពិនិត្យឃើញអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់ គឺសម្រេចសេចក្តីទៅតាមច្បាប់ដែលបានអនុវត្ត។

លោកបានបន្តថា ផ្ទុយទៅវិញ បើមើលខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងប្រតិកម្មក្រុមអង្គការសង្គមស៊ីវិលដែលធ្វើនយោបាយលាក់មុខគាំទ្រពួកគេនោះ គឺជាក្រុមដែលមិនទទួលខុសត្រូវនូវទង្វើដ៏គម្រក់ ដ៏លាមករបស់មេដឹកនាំបក្សនយោបាយរបស់ខ្លួន ដែលពួកគេតែងតែស្រែកឱ្យរាជរដ្ឋាភិបាលពង្រឹងអនុវត្តនីតិរដ្ឋ ចង់ឱ្យរដ្ឋាភិបាលលុបបំបាត់វប្បធម៌រួចទោស។ ប៉ុន្តែនៅពេលដែលពួកគ្នីគ្នារបស់ពួកគេត្រូវជាប់ទោស គេបែរជាទាមទារឱ្យដោះលែងឱ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ។ ពាក្យទាមទារឱ្យដោះលែងដោយគ្មានលក្ខខណ្ឌនេះ មិនមែនជាលើកទី១ទេ វាក្លាយទៅជាវប្បធម៌របស់ពួកនេះទៅហើយ។ ឱ្យតែករណីដែលពាក់ព័ន្ធទៅនឹងក្រុមរបស់ពួកគេ បើទោះបីជាមានភស្តុតាង មានឯកសារ បទល្មើសជាក់ស្តែងរំលោភច្បាប់ បំពានច្បាប់ ធ្វើខុសច្បាប់ គឺគេតែងតែយកវប្បធម៌ទាមទារឱ្យដោះលែងដោយគ្មានលក្ខខណ្ឌយកមកស្រែកបន្តគ្នាបន្ទរគ្នា ដើម្បីដាក់បន្ទុក ឬគាបសង្កត់ដល់រាជរដ្ឋាភិបាល ដើម្បីកុំឱ្យរាជរដ្ឋាភិបាលអាចអនុវត្តច្បាប់ដែលសភាអនុម័តបាន ហើយកុំឱ្យតុលាការអនុវត្តនីតិវិធីទៅរួច។ នេះជាចរិតវប្បធម៌របស់ពួកគេដែលតែងតែលើកឡើងដដែលៗបែបហ្នឹង!

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានអះអាងថា “រឿងនេះជារឿងបុគ្គលសុទ្ធសាធ អត់មានពាក់ព័ន្ធរឿងនយោបាយទេ ថ្វីត្បិតបុគ្គលនោះ គឺជាអនុប្រធានរបស់គណបក្សនយោបាយ ជាអ្នកនយោបាយ ក៏ប៉ុន្តែរឿងដែលទិញដូរគេហើយចេញសែកអត់លុយ «សែកស្អុយ» ហើយមិនព្រមដោះស្រាយ មិនព្រមបង់លុយបង់កាក់ឱ្យគេ គឺជារឿងបុគ្គលសុទ្ធសាធដែលមិនមានការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ អ៊ីចឹងច្បាប់ត្រូវតែអនុវត្តឱ្យស្មើភាពគ្នា មិនថាអ្នកឯងជាអ្នកនយោបាយ មិនចំពោះថាអ្នកឯងជាអ្នកណាទេ ហើយកុំនិយាយលើកឡើងថា រឿងហ្នឹងកើតឡើងយូរហើយ រឿងជំពាក់លុយគេអត់សងនេះ មិនមែនយូរហើយត្រូវបំភ្លេចចោលទេ យូរហើយក៏វាត្រូវតែនៅជាធរមានដែរ ពីព្រោះជំពាក់លុយគេ ហើយចេញសែកសងគេ សែកអត់លុយ។

ប្រភពដដែលបានសង្កត់ធ្ងន់ថា ការលើកឡើងរបស់គណបក្សភ្លើងទៀន និងក្រុមសង្គមស៊ីវិល គឺជាចេតនាមួយកុំឱ្យកម្ពុជាមានការអនុវត្តច្បាប់ ហើយចង់ឱ្យកម្ពុជាបន្តឱ្យមាននៅវប្បធម៌រួចទោសចំពោះជនទាំងឡាយណាដែលបានកំពុងតែរំលោភច្បាប់ និងធ្វើខុសច្បាប់។ គេមិនចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសនីតិរដ្ឋទេ ចំពោះការអនុវត្តច្បាប់ដែលពាក់ព័ន្ធប៉ះពាល់ទៅលើក្រុមអ្នកនយោបាយរបស់ពួកគេ។ គេតែងតែចោទប្រកាន់មកលើអ្នកអនុវត្តច្បាប់ថាជារឿងមិនត្រឹមត្រូវ ហើយតែងតែទាមទារឱ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌ ដែលនេះជាទម្លាប់វប្បធម៌អាក្រក់បំផុតរបស់ពួកនេះ តែងតែធ្វើដដែលៗកន្លងមក ហើយមកដល់ពេលនេះ គឺនៅតែបន្តអនុវត្ត៕
ដោយ៖ពលជ័យ

ads banner