ក្រសួងសេដ្ឋកិច្ចផ្តល់ថវិកាពីរលានដុល្លារ កែលម្អផ្លូវប្រវែង៦៨ គីឡូម៉ែត្រ ពីសៀមរាប-ឧត្តរមានជ័យ
ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ថវិកា ប្រមាណពីរលានដុល្លារ សម្រាប់ជួយកែលម្អផ្លូវប្រវែង៦៨ គីឡូម៉ែត្រ ពីខេត្តសៀមរាប ទៅកាន់ឧត្តរមានជ័យ ដើម្បីជួយ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរវាង ភូមិសាស្រ្ត ទាំងពីរផងដែរ។ នេះបើតាមកិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អផ្លូវប្រវែង៦៨គីឡូម៉ែត្រ ពីស្រុកស្វាយលើ ខេត្តសៀមរាប ទៅស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ កាលថ្ងៃទី ១៩ ខែមករាម្សិលមិញ ដែលរៀបចំឡើងនៅខេត្តសៀមរាប។
កិច្ចប្រជុំពីគម្រោងកែលម្អផ្លូវខាងលើនេះ មានការចូលរួមរដ្ឋបាល ខេត្តសៀមរាប រដ្ឋបាលខេត្តឧត្តរមានជ័យ តំណាងក្រសួង សាធារណ ការនិងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន និងមន្ទីរជំនាញពាក់ព័ន្ធនៃខេត្តទាំងពីរ។
អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ បានឱ្យដឹងថា ផ្លូវមួយខ្សែប្រវែង ៦៨គីឡូម៉ែត្រនេះ គឺឆ្លងកាត់ភូមិសាស្ត្រខេត្ត សៀមរាប និងខេត្តឧត្តរមានជ័យ ដែលក្នុងនោះមានគម្រោង ស្ថាបនា ផ្លូវ DBST ឆ្លងកាត់ភូមិអង្កាញ់ ឃុំស្វាយលើ ទៅ ភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រវែង ៤១គីឡូម៉ែត្រ និងភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំ ត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានប្រវែង ២៧គីឡូម៉ែត្រ។
ឯកឧត្តមបានឱ្យដឹងថា៖«ចំពោះផ្លូវប្រវែង ២៧គីឡូម៉ែត្រ ដែល ស្ថិតនៅចាប់ភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យកន្លងមកបានស្ថាបនាដោយក្រុមហ៊ុន លី ឈួន ត្រូវបានរាជរដ្ឋាភិបាលបានឱ្យផ្អាកមួយរយៈ ហើយការ មានការរិះគន់ពីប្រព័ន្ធបណ្តាញសង្គមទៀតផង»។
ផ្លូវមួយខ្សែនេះកន្លងមកបានផ្តល់អត្ថប្រយោជន៍ដល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជា កសិករទៅកាន់ទីផ្សារ និងប្រើពេលវេលាខ្លីឆ្ពោះទៅកាន់ ច្រក ព្រំដែន ទៀតផង ។ ម៉្យាងទៀតផ្លូវនេះ គឺជាផ្លូវយុទ្ធសាស្ត្ររបស់ កងទ័ពនិងជួយសម្រួលនូវភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរផងដែរ។
នាឱកាសនោះដែរឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានលើកឡើងដែរថា សក្តានុពលរបស់ខេត្តមានវិស័យកសិកម្ម វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចមួយមិនចេះរីងស្ងួត របស់កម្ពុជា ។គម្រោងស្ថាបនាផ្លូវថ្នល់នេះ នឹងជួយជំរុញ សេដ្ឋកិច្ច ប្រទេសជាតិ និងប្រជាពលរដ្ឋផងដែរ។
ប្រភពពីរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ឆ្លងតាមកិច្ចពិភាក្សា នៃអង្គប្រជុំខាងលើនេះ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន ឱ្យដឹងថា ក្រសួងបានផ្តល់ថវិកាចំនួនពីរលានដុល្លារ សម្រាប់ធ្វើការ សម្រួលផ្លូវឡើងវិញក្នុងភូមិសាស្ត្រខេត្តទាំងពីរនេះ និងក្នុងនោះក៏ មានធ្វើសំណង់សិល្បការ្យ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និង ធ្វើ ស្ពាន ៣០កន្លែងក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ។
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបញ្ជាក់ដែរថា គម្រោងផ្លូវមួយខ្សែនេះ គឺត្រូវបានប្រគល់ឱ្យកងវិស្វកម្មកងទ័ព ស្ថាបនា បន្ត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រវែង៤១ គីឡូម៉ែត្រ និងប្រវែង២៧គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តឧត្តរ មានជ័យ ត្រូវបានប្រគល់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តឧត្តរមានជ័យជាអ្នកស្ថាបនា ក្នុងគម្រោងផែនការបីឆ្នាំរំកិល របស់ក្រសួង ដែលនឹងធើ្វឱ្យរួចរាល់នៅឆ្នាំ២០២៤។
កិច្ចប្រជុំនោះ តំណាងអន្តរក្រសួងជំនាញ ក៏បានសម្រេចថា ត្រូវ រៀបចំបង្កើតក្រុមការងារ ក្នុងការត្រួតពិនិត្យលើការងារនេះ ព្រម ទាំងត្រូវអនុវត្តទៅតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្រេចលទ្ធផល នៃគម្រោងនេះ៕
ដោយ៖ សែម ពិសី