ក្រុមគ្រួសារលោកគង់ គាំ បានរើអីវ៉ាន់ចាកចេញពីដីរដ្ឋហើយ

ភ្នំពេញ៖ ក្រុមគ្រួសារលោកគង់ គាំ បានរើអីវ៉ាន់ចាកចេញពីដីរដ្ឋស្ថិតនៅក្នុងភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តើរៗហើយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។ ការរអីវ៉ាន់នេះ បន្ទាប់ពីលោកគង់ គាំ បានសម្រេចប្រគល់ដីនេះជូនរដ្ឋវិញ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រគល់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យ គ.ជ.ប ប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីជូនក្រសួងការបរទេសវិញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

សូមជម្រាបថា លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ 12010105-0113 មានលេខក្បាលដី 113 ទំហំ ៥២៩០ម២ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ហើយមានឈ្មោះ កម្មសិទ្ធិករ គង់ គាំ ជាប្តី និងនាង សៀក អយ ជាប្រពន្ធ ជូនរដ្ឋវិញ។ នេះបើយោងតាមលិខិតប់លោកគង់ គាំ ជម្រាបជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោក គង់ គាំ បានបញ្ជាក់ថា “ដូចគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ ដោយរូបខ្ញុំបាទមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពី បែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី និងម្យ៉ាងទៀត ដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ខាតពេលវេលាក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ ខ្ញុំបាទ និងភរិយា សូមប្រគល់ផ្ទះ និងដីលេខ ៧១នេះ ដោយស្ម័គ្រចិត្តជូនមករដ្ឋវិញ។ ខ្ញុំបាទ សូមផ្តិតមេដៃទទួលខុសត្រូវអំពីការសម្រេចរបស់ខ្ញុំបាទ និងភរិយា ដោយមិនកែប្រែ ហើយក៏សូមអរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុគ្រោះ ដល់ការឆ្គាំឆ្គង ទាំងនេះរបស់ខ្ញុំបាទ”។

ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១២ ខែមករាថា “ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបានលោកគង់ គាំ និងភរិយា ផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការជាមួយលោកគង់ គាំ និងគ្រួសាររយះពេល៣ម៉ោងកន្លះ។ កុំឲ្យយប់យូរ សុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេគឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរ ទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ”៕
ដោយ៖ពលជ័យ

ads banner