ជំងឺគ្រុនផ្តាសាយតាមរដូវកំពុងរីករាលដាលពាសពេញប្រទេសជប៉ុន
តូក្យូ៖ វិទ្យាស្ថានជាតិជំងឺឆ្លងរបស់ប្រទេសជប៉ុន បានឱ្យដឹងនៅក្នុងថ្ងៃសៅរ៍សប្តាហ៍នេះថា ស្ថាប័នវេជ្ជសាស្ត្រប្រហែល ៥,០០០ទីតាំងនៅក្នុងខេត្តចំនួន ៤៧ របស់ប្រទេសជប៉ុនបានរាយការណ៍ថា មានករណីកើតជំងឺគ្រុនផ្តាសាយតាមរដូវចំនួន ៣៦.៣៨៨ករណីក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះ។
តួលេខនៃស្ថាប័ននីមួយៗទូទាំងប្រទេស គឺច្រើនជាង ១.៥ដងបើធៀបនឹងសប្តាហ៍មុន ខណៈពេលដែលចំនួនអ្នកកើតជំងឺគ្រុនផ្តាសាយនៅទូទាំងប្រទេសជប៉ុន ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ២៥៧.០០០ករណី។ ចំណែកនៅតាមតំបន់ប្រជុំកោះវិញ ចំនួនអ្នកជំងឺនៅតាមមន្ទីរពេទ្យនីមួយៗ គឺខ្ពស់បំផុតនៅកោះអូគីណាវ៉ា ដែលមានចំនួន ៣៣.២៣ភាគរយ។
ចំនួននេះគឺលើសពី ១០ភាគរយនៅក្នុងតំបន់ប្រជុំកោះចំនួន ៧ផ្សេងទៀត មានដូចជាកោះ Fukuoka មានចំនួន ១៦.៩៦ភាគរយ, Miyazaki មានចំនួន ១៦.៦៣ភាគរយ និង Saga មានចំនួន ១៥.៧៩ភាគរយ។
គួរបញ្ជាក់ថា ការកើនឡើងករណីឆ្លងលើសពី ១០ភាគរយ បានបង្ហាញថា ការរីករាលដាលធំនៃជំងឺផ្តាសាយតាមរដូវ អាចកើតមានឡើងក្នុងរយៈពេល ៤សប្តាហ៍ខាងមុខទៀត ខណៈពេលដែលករណីឆ្លងកើនឡើងលើសពី ៣០ភាគរយ ជាសញ្ញាបង្ហាញថា ការរីករាលដាលធំត្រូវបានគេសង្ស័យថា បានកើតឡើងហើយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា




