នាយករដ្ឋមន្ត្រីអង់គ្លេសរងការផាកពិន័យពីបទមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលជិះរថយន្ត
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ រងការផាកពិន័យពីបទមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ខណៈដែលលោកបានថតវីដេអូឃ្លីបនៅកៅអីខាងក្រោយនៃរថយន្តដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ។
ខ្សែអាតិ៍វីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បង្ហាញពីលោក ស៊ូណាក់ និយាយអំពីវិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នៅលើរថយន្តនៅកៅអីខាងក្រោយ ដោយមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
ហើយនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ប៉ូលិសក្នុងតំបន់បានចេញការផាកពិន័យលោកនាយករដ្ឋមន្ត្រីតែម្តង។ ទន្ទឹមគ្នា ការិយាល័យនាយករដ្ឋមន្រ្ដីអង់គ្លេស បាននិយាយថា លោក ស៊ូណាក់ ទទួលយកទាំងស្រុងថា នេះជាកំហុស ហើយបានសុំទោស និងថា គាត់នឹងទៅបង់ប្រាក់ពិន័យ។
នៅក្នុងចក្រភពអង់គ្លេស មនុស្សម្នាក់អាចត្រូវបានពិន័យជាប្រាក់រហូតដល់ ៥០០ផោន ឬប្រហែល ៦២០ដុល្លារ ប្រសិនបើពួកគេត្រូវបានគេចាប់បានថាមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅក្នុងយានជំនិះដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ។
នេះជាការពិន័យជាលើកទីពីរដែលលោក ស៊ូណាក់ បានទទួល បន្ទាប់ពីគាត់ត្រូវបានពិន័យកាលពីឆ្នាំមុន នៅពេលដែលគាត់ជាប្រធានរតនាគារ ពាក់ព័ន្ធនឹងការបំពានច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩ ដោយចូលរួមក្នុងពិធីជប់លៀងមួយនៅឆ្នាំ ២០២០ រួមជាមួយអតីតីនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា


