ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែងនិងខេត្តដុងថាប់ បន្តពង្រឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

អត្ថបទដោយ៖
គន្ធា ឃិន

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២០ខែមករា គណ:ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង គណ:ប្រតិភូរដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត អញ្ជើញជួបប្រជុំពិភាក្សាជាមួយឯកឧត្តមផាម ធៀវ ងា (Pham Thiev Gnia) អនុលេខាបក្សកុំមុយនីស្តវៀតណាមខេត្ត និងជាប្រធានគណ:កម្មាធិការប្រជាជនខេត្តដុងថាប់ និងឯកឧត្តម គៀវ ឆេឡឹម អនុប្រធានក្រុមប្រឹក្សាខេត្តដុងថាប់ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ភាតរភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងបីនៃភាគីទាំងពីរ ។

ឯកឧត្តម ផាម ធៀវ ងា (Pham Thiev Gnia) អនុលេខាបក្សខេត្តនិងជាប្រធានគណ:កម្មាធិការប្រជាជនខេត្តដុងថាប់ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តបន្ទាយមានជ័យនិងខេត្តព្រៃវែងដែលបានដឹកនាំប្រតិភូទៅជូនពរផ្ទាល់ដល់ថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនខេត្តដុងថាប់ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។

ឯកឧត្តមផាម ធៀវ ងា បានបន្តថា: ក្នុងជំនួបកិច្ចពិភាក្សាដ៏រីករាយនាឆ្នាំនេះ ចំពេលដែលប្រទេសយើងទាំងពីរ កំពុងអបអរសាទរខួបទី៥៥ឆ្នាំនៃចំណងការទូតនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជា រវាងខេត្តដុងថាប់ ជាមួយ ខេត្តបន្ទាយមានជ័យ ពោធិសាត់ និងព្រៃវែង ដែលជាខេត្តសម្ព័ន្ធមេត្រីភាព បានសម្រេចនូវផ្លែផ្កានៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជាទំនាក់ទំនងអន្តរជាតិ និងអ្នកជិតខាងល្អ ការពារជាតិ មហាផ្ទៃ កសិកម្ម ការដាំដុះនិងវារីវប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគនិងធុរកិច្ច សាធារណការនិងដឹកជញ្ជូន ថាមពល ឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ អប់រំ កីឡា បណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ជាដើម។

ក្នុងនោះដែរ ទំហំពាណិជ្ជកម្មរវាងខេត្តដុងថាប់ជាមួយខេត្តព្រៃវែងនិងខេត្តនានាតាមផ្លូវទឹក តាមច្រកព្រំដែនអន្តរជាតិយិនបា-បន្ទាយចក្រីនិងច្រកតំបន់ផ្សេងទៀតបានទឹកប្រាក់ជិត ១ពាន់លានដុល្លារ ក្នុង ១ឆ្នាំៗ ។

ទន្ទឹមនឹងការប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដោយបន្តពូនជ្រុំចំណងមិត្តភាព ភាតរភាពសាមគ្គីភាពជាប្រពៃណី ជាបងប្អូន រវាងខេត្តទាំង៣ ដូចដែលមានចែងក្នុងស្មារតីខ្លឹមសារនៃអនុស្សារណ:យោគយល់គ្នា(MOU)ដែលបានចុះហត្ថលេខាកន្លងមក ឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែងនិងឯកឧត្តម អ៊ុ រាត្រី បានស្នើថា ភាគីទាំងពីររៀបចំពង្រាង កែសម្រួលខ្លឹមសារអនុស្សារណ:យោគយល់គ្នានេះ ។ ហើយថ្នាក់ដឹកនាំនិងមន្ត្រី កម្មាភិបាលភាគីទាំងពីរនឹងរកពេលវេលាសមស្របដើម្បីប្រជុំ ពិភាក្សានិងចុះហត្ថលេខាដើម្បីខេត្តចំណងមេត្រីភាពទាំងនេះបន្តរយ:ពេល ៥ឆ្នាំទៀត ។ ពោលគឺបន្ទាប់ពីMOU លើកទី១កាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០១១និងលើកទី២ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដែលផុតសុពលភាពកន្លងមក៕ ដោយ ៖ ឃិន គន្ធា

ads banner