ណាសា និងប៊ូអ៊ីងនឹងធ្វើការរួមគ្នា លើការផលិតយន្តហោះ ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច
ស.រ.អា៖អង្គការណាសានិងក្រុមហ៊ុនប៊ូអ៊ីងនឹង ធ្វើការរួមគ្នា លើ គម្រោងឈ្មោះ Sustainable Flight Demonstrator ដើម្បី ផលិតសាកល្បង និងហោះហើរយន្តហោះខ្នាតតូចច្រកផ្លូវ តែមួយ ដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ នេះបើយោងតាម ការប្រកាសពីទីភ្នាក់ងារស្រាវជ្រាវអវកាសកាលពីពេលថ្មីៗនេះ។
អ្នកគ្រប់គ្រងអង្គការណាសា លោក Bill Nelson ថ្លែងកាលពីថ្ងៃ ពុធថា ៖ «តាំងពីដើមដំបូងមក អង្គការណាសាបានស្ថិតនៅជាមួយ អ្នកនៅពេលហោះហើរ។ ណាសា ហ៊ានកាន់តែឆ្ងាយ លឿន និង ខ្ពស់ជាងនេះទៅទៀត»។
លោកបន្តថា ភាពជាដៃគូរបស់អង្គការណាសា ជាមួយក្រុមហ៊ុន ប៊ូអ៊ីង ក្នុងការផលិត និងសាកល្បងយន្តហោះច្រកផ្លូវតែមួយ គឺជាគោលដៅដែលនឹងជួយនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មនាពេលអនាគតសន្សំសំចៃប្រេងបានច្រើនជាងមុន រួមជាមួយ នឹងអត្ថប្រយោជន៍ដល់បរិស្ថាន ឧស្សាហកម្មអាកាសចរណ៍ ពាណិជ្ជកម្ម និងអ្នកដំណើរនៅទូទាំងពិភពលោក។
លោក Nelson បន្ថែមថា ៖ «ប្រសិនបើយើងជោគជ័យ យើ ង អាចនឹងឃើញបច្ចេកវិទ្យាទាំងនេះនៅក្នុងយន្តហោះ ដែល សាធារណ ជនប្រើលើអាកាសនៅទសវត្សរ៍ឆ្នាំ ២០៣០ ខាងមុខ»។ លោកថា ការហោះហើរសាកល្បងលើកដំបូងនៃ យន្តហោះពិសោធន៍នេះ គ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២៨។
យោងតាមអង្គការណាសា ក្រុមហ៊ុនអាកាសចរណ៍ភាគ ច្រើន ពឹងផ្អែកលើយន្តហោះខ្នាតតូច ដែលរួមចំណែកជិតពាក់កណ្ដាល នៃការបំភាយឧស្ម័នក្នុងវិស័យអាកាសចរណ៍នៅទូទាំងពិភពលោក។ ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ អាចគាំទ្រដល់គោលដៅរបស់រដ្ឋបាលបៃដិន ក្នុងការសម្រេចបាន នូវអព្យាក្រឹតកាបូនក្នុងវិស័យអាកាសចរណ៍នៅត្រឹមឆ្នាំ ២០៥០ ដូចមានចែងក្នុងផែនការសកម្មភាពអាកាសធាតុអាកាសចរណ៍របស់សហរដ្ឋអាមេរិក។
បន្ថែមពីលើនេះ ក្រុមហ៊ុនប៊ូអ៊ីងបានប៉ាន់ប្រមាណថា តម្រូវការ សម្រាប់យន្តហោះច្រកផ្លូវតែមួយថ្មី នឹងកើនឡើងចំនួន ៤០ ០០០ នៅចន្លោះឆ្នាំ ២០៣៥-២០៥០។
លក្ខណៈពិសេសគឺថា ការរចនាយន្តហោះដែលនឹងផលិតរួម គ្នាដោយណាសា និងប៊ូអុីង នឹងអាចកាត់បន្ថយការប្រើប្រាស់ ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នបានរហូតដល់ ៣០ ភាគរយ ធៀបទៅនឹងយន្តហោះដែលសន្សំសំចៃប្រេងបំផុតនាពេលបច្ចុប្បន្ននេះ។ យន្តហោះនេះនឹងផលិតឡើងដូចរូបរាងយន្តហោះ Transonic Truss-Braced Wing របស់ប៊ូអុីង ដែលមាន ស្លាបស្ដើងវែង ទប់ដោយអង្កត់ភ្ជាប់ពីស្លាបទៅយន្តហោះ ហើយ វាក៏នឹងបញ្ចូលបច្ចេកវិទ្យាអាកាសចរណ៍បៃតងផ្សេងៗទៀតផងដែរ។
អ្នកគ្រប់គ្រងរងរបស់អង្គការណាសា នៅនាយកដ្ឋានបេសកកម្ម ស្រាវជ្រាវអាកាសចរណ៍ លោក Bob Pearce និយាយក្នុង សេចក្តីថ្លែងការណ៍ថា ៖ «អង្គការណាសា កំពុងធ្វើការឆ្ពោះ ទៅ រកគោលដៅប្រកបដោយមហិច្ឆិតាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផ្លាស់ប្តូរហ្គេម ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអាកាសចរណ៍ និងការបំភាយឧស្ម័នក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ ឆ្ពោះទៅរកគោលដៅសហគមន៍អាកាសចរណ៍នៃអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០»៕ ដោយ៖ហួន ឌីណា