ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញទស្សនកិច្ចការងារនៅទីស្នាក់ការសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ

(ទីក្រុងអៃហ្គល ប្រទេសស្វីស)៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរទោចក្រយាន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើទស្សនកិច្ចការងារនៅទីស្នាក់ការសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ដើម្បីជួបប្រជុំពិភាក្សាការងារជាមន្ត្រីនៃសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) និងធ្វើទស្សនកិច្ចក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលរបស់សហព័ន្ធ UCI។

នៅក្នុងកិច្ចពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានសហព័ន្ធខ្មែរ ទោចក្រយាន បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធខ្មែរ និងសហព័ន្ធ UCI នូវការងារមួយចំនួន រួមមាន៖ ការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ របស់សហព័ន្ធខ្មែរ គម្រោងជំនួយជាសម្ភារៈ មានដូចជាសម្លៀកបំពាក់ និងកង់គួក ព្រមទាំងកង់ភ្នំសម្រាប់កីឡាករហ្វឹកហាត់ និងគម្រោងជំនួយពិសេសសម្រាប់ការផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់ កង់មួយគ្រឿង” ឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅខេត្តកែប ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីប្រធានសហព័ន្ធ ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់កីឡាករទោចក្រយានកម្ពុជា ដើម្បីចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រីប្រធានសហព័ន្ធ ក៏បានអញ្ជើញប្រធានសហព័ន្ធ UCI ចូលរួមទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយផ្ទាល់នៅកម្ពុជា ព្រមទាំងស្នើសុំជំនួយបន្ថែមពី UCI ដូចជាការបណ្ដុះបណ្ដាល ឧបករណ៍និងសម្ភារៈសម្រាប់រៀបចំការប្រកួត ក៏ដូចជាសម្ភារៈកីឡាករដូចជាកង់ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ដើម្បីបន្តជំរុញការអភិវឌ្ឍន៍កីឡាទោចក្រយាននៅកម្ពុជាឱ្យរឹតតែរីកចម្រើនបន្ថែមទៀត ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner