លោកប៊ិន រ៉ាត់៖ វ័យកំពុងសិក្សាត្រូវតែខំសង្វាត បើខ្វះលទ្ធភាព អាចសម្រាក ឬផ្អាកសិនបាន តែកុំបោះបង់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ជាអ្នកនិពន្ធសប្បុរសផ្ដល់ជូនសៀវភៅទាំងគ្រប់ចំណង ជើងរបស់លោកដោយឥតគិតថ្លៃសម្រាប់អ្នកខ្វះលទ្ធភាព លោក ប៊ិន រ៉ាត់ បានកើតនិងធំដឹងក្ដីនៅក្នុងស្រុកសំរោង ខេត្តតាកែវ ក្នុងចំណោមបងប្អូនចំនួនប្រាំបីនាក់។ លោកជាមនុស្សតែ ម្នាក់ គត់ក្នុងគ្រួសារ ដែលមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
លោកបានចូលរៀនថ្នាក់បឋមនៅសាលាបឋមសិក្សាអង្គរកា បន្តទៅអនុវិទ្យាល័យអង្គព្រះស្ដេច និងបន្តថ្នាក់វិទ្យាល័យនៅ វិទ្យាល័យសម្ដេចឪ(ថ្នល់ទទឹង) ដោយស្នាក់នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យុវជនខ្មែរ(KYDC)។

ក្រោយចប់បាក់ឌុបពីរឆ្នាំ ទើបលោកបានបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ ទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបានបន្តថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ផ្នែកនីតិអន្តរជាតិសាធារណៈនៅសាលាច្បាប់ ដដែល នេះផងដែរ។

ដោយចូលចិត្តស្ដាប់ និងចែករំលែកបទពិសោធជីវិត ជាពិសេស ចូល ចិត្តអានសៀវភៅបែបនិទានជីវប្រវត្តិ និងរបៀបរបបទំនៀម ទម្លាប់នៃការរស់នៅរបស់សង្គមមនុស្សតាមរបត់សង្គម និង សម័យកាលនីមួយៗ បានធ្វើឱ្យលោកចាប់ផ្ដើមសរសេរសៀវភៅ ដើម្បីចែករំលែកបទពិសោធបន្តទៅកាន់អ្នកជំនាន់ក្រោយៗទៀត។
សៀវភៅទាំងអស់របស់លោក ប៊ិន រ៉ាត់ គឺសាមញ្ញ ងាយយល់ ទាំងអត្ថន័យ និងខ្លឹមសារស័ក្ដិសមបំផុតសម្រាប់អ្នកអានដំបូងៗ គឺស្របជាមួយនឹងគោលបំណងនៃការតែងនិពន្ធ។

លោក ប៊ិន រ៉ាត់ អះអាងថា ៖ «ខ្ញុំសរសេរជាពិសេសសម្រាប់ មនុស្សពីរក្រុម។ ក្រុមទីមួយ គឺក្រុមដែលមិនធ្លាប់អានសៀវភៅ ឬមិនចូលចិត្តអានសៀវភៅ។ រីឯក្រុមទីពីរ គឺក្រុមដែលកំពុង មានបំណងបោះបង់ការសិក្សា។ ក្នុងការតែងនិពន្ធ បើសៀវភៅ ណាមួយរបស់ខ្ញុំអាចអូសទាញអ្នកមិនចូលចិត្តអានណាម្នាក់ មកអានបាន នោះជាជោគជ័យធំបំផុតរបស់ខ្ញុំ»។

សៀវភៅដំបូងរបស់លោកមានចំណងជើងថា «អតីតកាលដ៏រីករាយ» (Happy past or childhood memories) ជាសៀវភៅដែលរៀបរាប់អំពីជីវិត កុមារភាព (បឋមវ័យ) ហើយជាដំណាក់កាលបំបូង និងជាគ្រាដ៏ រីក រាយ បំផុងក្នុងដំណើរជីវិត។
សៀវភៅនេះបង្ហាញទឹកចិត្តជាតួឯក ខណៈទឹកប្រាក់ត្រឹមជាតួរង ហើយក្ដីសុខរបស់មនុស្សកើតឡើងដោយមិនទាមទារលក្ខខណ្ឌច្រើន។ អតីតកាលដ៏រីករាយ បានពិព័ណ៌នាអំពីសាមគ្គីភាពរបស់ អ្នកភូមិកាលពីអ្នកនិពន្ធនៅក្មេងដូចជាសាមគ្គី ធ្វើស្រែ ស្ទូងស្រូវ សែងផ្ទះជាដើម ដែលសកម្មភាពសាមគ្គីភាពទាំងនោះមិន គិត លុយ កាក់ជាធំឡើយ ហើយយើងមិនអាចស្វែងរក បានទេក្នុង សម័យ កាលនៃលោកសម្ភារៈដូចបច្ចុប្បន្ននេះ។

ចំណែកសៀវភៅទីពីរ ចំណងជើង រឿងជីវិត(ព្រលឹត) ជា ប្រភេទប្រលោមលោក ដែលអ្នកនិពន្ធប្រមូលយកបញ្ហា និង ដំណោះស្រាយជីវិតជាក់ស្ដែងក្នុងការរស់នៅប្រចាំថ្ងៃ (មជ្ឈិមវ័យ) មកបរិយាយ និងបញ្ជាក់ថានេះជារឿងជីវិត។

រាល់បញ្ហាសង្គមជាក់ស្ដែងមានប្រទាក់ក្រឡាគ្នាក្នុងសាច់រឿងសៀវភៅរឿងជីវិតមួយនេះ។
សូមបញ្ជាក់ថា ថ្មីៗនេះបន្ទាប់ពីអានស្នាដៃសៀវភៅរឿងជីវិតចប់ មានមិត្តអ្នកអានជាច្រើនបានស្នើ ឬចង់ឃើញសៀវភៅរឿងជីវិត នេះថតជាខ្សែភាពយន្ត ហើយចាក់បញ្ចាំងជាសាធារណៈ។
រីឯសៀភៅទី៣ «ថ្ងៃរសៀល» ជាសៀវភៅដែលរៀបរាប់ពីបញ្ហា ជីវិតក្នុងបច្ចឹមវ័យ គឺវ័យចុងក្រោយនៃជីវិត ឬឣ្នកដែលមានបញ្ហា សុខភាពជាប់ខ្លួនរ៉ាំរ៉ៃ។ និយាយដោយខ្លី សៀវភៅរបស់លោក ប៊ិន រ៉ាត់ កើត ទាំងបីចំណងជើងនេះរៀបរាប់ពីដំណាក់កាល ធំៗ បីនៃដំណើរជីវិត គឺបឋមវ័យ មជ្ឈិមវ័យ និងបស្ចិមវ័យ។

លោក ប៊ិន រ៉ាត់ បានប្រាប់ដោយស្នាមញញឹមថា ៖ «សេចក្ដីសុខ របស់ខ្ញុំមួយផ្នែកបានមកពី ឃើញក្មេងៗទៅសាលា យុវជន បន្តការសិក្សា។ ដូច្នេះហើយយបានវាជាផ្នែកមួយនៃ បេសកកម្ម ជីវិតរបស់ខ្ញុំ ដែលត្រូវធ្វើយ៉ាងណាបង្កលក្ខណៈជំរុញ លើកទឹក ចិត្តឱ្យពួកគេបន្តការសិក្សាយ៉ាងហោចណាស់បានចប់ថ្នាក់វិទ្យាល័យ»។ លោកក៏បានធ្វើការផ្ដាំផ្ញើដល់ក្មេងៗ យុវជនទាំងអស់ថា មានតែការសិក្សាអប់រំទេដែលជាស្ពានចម្លង ជាក្បូនសណ្ដូនឱ្យ ពួកគេឆ្លងផុតអវិជ្ជា។

លោកនិយាយថា ៖ «ខ្ញុំជឿយ៉ាងប្រាកដថា ចំណេះវិជ្ជានឹងផ្លាស់ ប្ដូរមុខមាត់ ជីវភាពប្អូន គ្រួសារ និងសង្គមជាតិយើង។ ត្រូវចាំថា វ័យកំពុងសិក្សាត្រូវតែខំសិក្សា បើខ្វះលទ្ធភាពអាចសម្រាក ឬ ផ្អាកសិនបាន តែកុំបោះបង់ការសិក្សារៀនសូត្រឱ្យសោះ។ រៀន នៅត្រង់នេះ គឺមិនមែនសំដៅតែលើរៀននៅសាលា មួយមុខ នោះ ទេ គឺរៀនពីការងារដែលយើងកំពុងធ្វើ រៀនពីសង្គម និងរៀន ពី សៀវភៅដែលយើងអានផងដែរ»៕
ដោយ៖ហួន ស៊ីឡូន

ads banner