លោកគ្រូ ប៊ុន តឿង ប្រើពេលវេលាជាង ៣០ឆ្នាំមកហើយ ដើម្បី ចងក្រង បានសៀវភៅមួយក្បាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សៀវភៅ «ចិត្តសាស្ត្រ និងអត្តចរិតអ្នកដឹកនាំមាន ប្រសិទ្ធភាព» ជាកម្រងឯកសារអប់រំពាក់ព័ន្ធទៅនឹងការផ្តោត លើការ គិតពិចារណាស៊ីជម្រៅ ដើម្បីអាចឈានទៅដោះស្រាយ បញ្ហាអំពីខ្លួនឯង និងមជ្ឈដ្ឋានជុំវិញ ក្នុងន័យស្វែងរកសច្ចភាព បាន។ សៀវភៅនេះរៀបរៀង និងប្រែសម្រួលដោយលោក ប៊ុន តឿង ជាអ្នកសម្របសម្រួលផ្នែកឥរិយាបថ (Soft Skills) នៅតាមអង្គភាព និងក្រុមហ៊ុននានា។

លោក ប៊ុន តឿង បានប្រាប់ឱ្យដឹងថា សៀវភៅចិត្តសាស្ត្រ និង អត្តចរិតអ្នកដឹកនាំមានប្រសិទ្ធភាពនេះ លោកបានចំណាយពេល វេលា ពេញមួយឆ្នាំដើម្បីរៀបចំចងក្រងសៀវភៅនេះឡើង និង បានចំណាយប្រាក់យ៉ាងច្រើនក្នុងការបោះពុម្ពឱ្យសៀវភៅនេះលេចចេញជារូបរាង។

សៀវភៅមួយក្បាលនេះ កើតឡើងដោយសារការសិក្សារៀនសូត្រ, ការធ្វើការងារមានបទពិសោធ, ការស្វាធ្យាយអានសៀវភៅជាច្រើន ទាក់ទងទៅនឹងចិត្តសាស្ត្រ និងឥរិយាបថ តាមរយៈការអង្កេត, ការ ស្រាវជ្រាវ និងបទពិសោធក្នុងជីវិតប្រចាំថ្ងៃ។

លោកបន្ថែមថា៖«ដើម្បីឆ្លើយតបទៅនឹងការចង់ចេះ ចង់ដឹងរបស់ អ្នកសិក្សាទាំងឡាយ ខ្ញុំបានខិតខំប្រឹងប្រែង ស្រាវជ្រាវ ប្រមែ ប្រមូលឯកសារនានា ដោយប្រើពេលវេលាជាង ៣០ ឆ្នាំ មកហើយ ដើម្បីចងក្រងបានសៀវភៅមួយក្បាលនេះទុកគ្រាន់ជាធម្មទានដល់អស់លោក លោកស្រី អ្នកស្រឡាញ់ការសិក្សារៀនសូត្រ ទាំង ឡាយ ក្នុងន័យកសាងសមត្ថភាពឱ្យកាន់តែប្រសើរឡើង»។

លោកបានបន្តថា គោលបំណងដំបូង គឺក្នុងន័យឱ្យបងប្អូនឈ្វេង យល់ អំពីអត្តចរិតរបស់មនុស្សជាទូទៅ។ ទោះបីថាមនុស្សមាន អត្តចរិតផ្សេងៗគ្នាក៏ដោយចុះ តែមនុស្សមានគោលបំណងស្វែង រកសេចក្ដីសុខដូចៗគ្នា ពោលគឺមនុស្សចង់បានផលប្រយោជន៍ សុភមង្គល សន្តិភាព កេរ្តិ៍ឈ្មោះ និងសេចក្ដីស្រឡាញ់…។
ដើម្បីឱ្យបុគ្គលិក កម្មករ និងអ្នកគ្រប់គ្រង មានការគោរព ស្រឡាញ់ គ្នា យល់ចិត្តគ្នា ជួយគ្នា និងសហការធ្វើការងាររួមគ្នា ដោយផ្ដល់ នូវអត្ថប្រយោជន៍ដោយភាពសមធម៌ ហើយទទួលបានទ្រព្យ សម្បត្តិ កិត្តិយស តួនាទី បុណ្យសក្តិ ដើម្បីការកសាងសង្គម មួយដោយសុខសន្ដិភាព ឯកភាពជាតិ និង អភិវឌ្ឍន៍ដោយ និរន្តរភាព។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ប៊ុន តឿង។
ដូចឃ្លាខ្មែរបុរាណមួយចែងថា «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធ ពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ មនុស្សរស់នៅ សុខសាន្តទៅបានអាស្រ័យដោយការធ្វើសម្បទានចិត្ត និងផល ប្រយោជន៍ឱ្យគ្នា។

លោក ប៊ុន តឿង បានបញ្ជាក់ថា ៖ «មិនត្រឹមតែប៉ុណ្ណោះ សោត សៀវភៅនេះ ផ្តោតទៅលើការគិតពិចារណាស៊ីជម្រៅ ដើម្បីអាច ឈានទៅដោះស្រាយបញ្ហាអំពីខ្លួនឯង និងមជ្ឈដ្ឋានជុំវិញ ក្នុងន័យស្វែងរកសច្ចភាពបាន។ ដូចទ្រឹស្ដីអភិវឌ្ឍន៍មួយពោលថា បើបង្រៀនមនុស្សឱ្យចេះស្ទូចត្រី ពួកគេនឹងចេះស្ទូចត្រីអស់ មួយជីវិត, តែបើបង្រៀនពួកគេឱ្យចេះគិត ពុំចាំបាច់ស្ទូចត្រីអស់ មួយជីវិតឡើយ»។

សូមជម្រាបថា លោក ប៊ុន តឿង មានស្រុកកំណើតនៅខេត្ត បាត់ដំបង ។លោកជាកូនកំព្រាឪពុកម្ដាយតាំង ពីវ័យកុមារ មកម្ល៉េះ។ លោកខិតខំតស៊ូសិក្សារៀនសូត្រ ដោយជីវិតខ្លួនឯង ចាប់តាំងពីបឋមសិក្សារហូតដល់ចប់បរិញ្ញាបត្រ។ ក្រោយពី សម័យខ្មែរក្រហម ១៩៧៩ លោកចាប់ផ្ដើមរៀនថ្នាក់ទី១ នៅ ស្រុកកំណើតនៅទីជនបទចុងកាត់មាត់ញកមួយតាមព្រំដែនខ្មែរ-ថៃ ដែលមានការប្រទាញប្រទង់គ្នាដោយសង្រ្គាមស៊ីវិល។ ទោះបីជាយ៉ាងណាក្ដី នៅឆ្នាំ១៩៩២ លោកបានបញ្ចប់ការសិក្សា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ។

ឆ្នាំ១៩៩៧ បានបញ្ចប់សញ្ញាបត្របរិញ្ញាបត្រ ផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យវេទមហាឫសី នៅស្រុកកំចាយមារ ខេត្តព្រៃវៃង។ ក្រោយពីបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ក្រសួង អប់រំ យុវជន និងកីឡា បានជ្រើសតាំងលោកឱ្យមក បម្រើការងារ ជាគ្រូបង្រៀនផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យនេះដដែល។
ដោយសារលោកគ្រូ ប៊ុន តឿង មានឧបនិស្ស័យលើការអានច្រើន និងមានបទពិសោធក្នុងជីវិតការងារច្រើនផង បណ្ដាលឱ្យលោក មានគំនិតផ្ដួចផ្ដើមសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា «ចិត្តសាស្រ្ត និងអត្តចរិតរបស់អ្នកដឹកនាំមានប្រសិទ្ធភាព (Psychology and Attitudes For Effective Leaders)» នេះឡើង ដើម្បីទុកជាចំណងដៃដល់កូនខ្មែរជំនាន់ ក្រោយៗ ទៀត៕
ដោយ៖ហ៊ួន ស៊ីឡូន

ads banner