អេឡុន ម៉ាស់ ប្រកាសពីផែនការលក់គម្រោងការសម្រាប់អ្នកប្រើ ធ្វីតធ័រ ដែលមិនចង់ឃើញការផ្សាយពាណិជ្ជកម្ម

អាមេរិក៖លោក អេឡុន ម៉ាស់(Elon Musk)ម្ចាស់ក្រុមហ៊ុន ធ្វីតធ័រ (Twitter)បានប្រកាសជាបន្តបន្ទាប់ថា ក្រុមហ៊ុននឹងបង្ហាញការ ផ្សាយ ពាណិជ្ជកម្មតិចជាងមុនដល់អ្នកប្រើប្រាស់ រួមទាំងកម្រិត ដែលអ្នកប្រើប្រាស់អាចប្រើTwitterដោយគ្មានការផ្សាយពាណិជ្ជកម្មផង។

ការប្រកាសនេះធ្វើឡើងខណៈដែលបណ្ដាញសង្គមមួយនេះ បាន ប្រឈមមុខនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ចាប់តាំងពីការ ចូលកាន់កាប់របស់ខ្លួនដោយ លោក ម៉ាស់ ក្នុងខែតុលា។

លោកម៉ាស់ បានបង្ហោះលើគណនី Twitter របស់គាត់កាលពី ថ្ងៃសៅរ៍ថា៖« Twitterមានផ្សាយពាណិជ្ជកម្មញឹកញាប់ ពេកនិង ច្រើនពេក។វិធានការដើម្បីដោះស្រាយបញ្ហាទាំងពីរនេះនឹងចេញ ជារូបរាងសប្តាហ៍ខាងមុខ។ អ្នកប្រើប្រាស់ធ្វីតធ័រដែលមិនចង់ ឃើញពាណិជ្ជកម្មនឹងត្រូវបង់ប្រាក់មួយចំនួន»។

តាំងពីលោកម៉ាស់ចូលកាន់តំណែងមកលោកបាន បានបណ្តេញ បុគ្គលិកTwitterចេញប្រមាណ៧.៥០០នាក់មកហើយ។ មតិសាធារណៈជុំវិញពិភពលោកសង្ស័យថាក្រុមហ៊ុនយក្សមួយនេះអាចមានបុគ្គលិកមិនគ្រប់គ្រាន់ដើម្បីធ្វើការងារទាំងអស់ពិសេសការរៀបចំខ្លឹមសារសម្រាប់ផ្សាយពាណិជ្ចកម្មនៅលើបណ្ដាញសង្គមមួយនេះ។
លោកម៉ាស់ បាននិយាយថាយុទ្ធសាស្រ្តរបស់គាត់គឺកាត់បន្ថយ ការ ចំណាយហើយបង្កើនប្រាក់ចំណូល។
កន្លងទៅសេដ្ឋីបច្ចេកវិទ្យារូបនេះ បានកំណត់តម្លៃសម្រាប់អ្នកដែល ចង់ប្រើប្រាស់Twitterមានសញ្ញាTwitter Blue ដោយដាក់ តម្លៃ១១ដុល្លារអាមេរិកក្នុងមួយខែឬ៨៤ដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់គណនីយនីមួយៗ។Twitter Blue បច្ចុប្បន្នមាន នៅក្នុងសហរដ្ឋអាមេរិក កាណាដា អង់គ្លេស នូវែលសេឡង់ អូស្ត្រាលី និងជប៉ុន។

ចាប់តាំងពីលោកចូលកាន់តំណែងមក លោកបានបណ្ដេញ បុគ្គលិក រាប់ពាន់នាក់ចេញពីការងារ ព្រមទាំងប្លុកគណនី ធ្វីតធ័រ របស់សកម្មជននិងអ្នកកាសែតមួយចំនួនដែលបានរិះគន់រូបលោក។ មិនមែនប៉ុណ្ណោះនិន្នាការខឹងសម្បារចំពោះ Twitterក៏កាន់តែ កើនឡើងខណៈដែលបណ្ដាមួយចំនួនក៏ដកផលិតផលខ្លួនចេញពីការផ្សាយពាណិជ្ជកម្មជាមួយធ្វើតធើដែរ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner