ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួនប្រាំលើក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមថ្ងៃដំបូង កាល ពីថ្ងៃទី២១ ខែមករា ករណីគ្រោះថ្នាក់ចរាចរណ៍នៅ ទូទាំង ប្រទេសកម្ពុជា បានកើតឡើងចំនួនប្រាំលើក ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាល ពីថ្ងៃទី២១ ខែមករា ដែលជាថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាម គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រាំលើក ដែលបណ្តាល ឱ្យ មនុស្ស ចំនួនបីនាក់ស្លាប់ និងរបួសចំនួន ១៤នាក់( របួសស្រាល ៤នាក់ និងធ្ងន់ ១០នាក់)។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងក្នុងរាជធានីខេត្តចំនួន ប្រាំក្នុង នោះ មាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ រតនគីរី និង ខេត្តស្ទឹងត្រែង។

ក្រៅពីនេះក្នុងឱកាសពិធីបុណ្យនេះ ខេត្តកំពង់ស្ពឺ ក៏មានករណី អគ្គិភ័យឆេះរថយន្តមួយគ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៥១ តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅ លើ បណ្តាញ សង្គមហ្វេសប៊ុករបស់សម្ដេចនាព្រឹកថ្ងៃទី២២ ខែមករា ថា ថ្ងៃទី២ចូលឆ្នាំចិន មានអ្នកមានតំណមមិនធ្វើដំណើរ មានអ្នកដើរ កម្សាន្ត មានអ្នកផឹកស៊ីនៅផ្ទះ។សម្ដេចបន្តថា ៖ «ឯខ្ញុំមានឱកាស ចូលវាយកូនគោលនៅ ទីលានវាយកូនគោលខ្នាតអន្តរជាតិ ដែល មាននៅកម្ពុជា។ សូមបងប្អូនប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ និង គ្រោះ អគ្គិភ័យ»។

ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក យង់ គិមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានចាត់ទុកថា ជា ការ ខាតបង់ខ្លាំងណាស់ សម្រាប់សង្គមទាំងមូលទាំងផ្នែកសេដ្ឋកិច្ច និង ព្រមទាំងធនធានមនុស្សជាដើម ហើយជាទូទៅ បញ្ហា គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងដោយសារការប្រើប្រាស់ គ្រឿង ស្រវឹង និងការបើកបរដោយមិនគោរពច្បាប់ចរាចរជាដើម។

លោកបានបន្ថែមថា មួយវិញទៀត ក៏វាអាចពាក់ព័ន្ធជាមួយ ឥរិយាបទរបស់អ្នកបើកបរផងដែរ ដែលជួនកាលពួកគាត់មិនបាន គោរពច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ជាហេតុបង្កគ្រោះថា្នក់កើត ឡើង។

លោក យង់ គិមអេង និយាយថា ក្រសួង និងស្ថាប័នដែលពាក់ព័ន្ធ ជាពិសេស ក្រសួងមហាផ្ទៃ ក៏ដូចជាគណៈកម្មាធិការជាតិ សុវត្ថិភាពផ្លូវគោក គួរតែមានវិធានការមួយចំនួនផងដែរ៕ ដោយ៖ជា សុខនី

ads banner