លោក ញ៉េប វណ្ណៈ៖ ផ្ដើមពីការធ្វើវីដេអូបំបាត់ភាពអផ្សុក ទៅជាការចូលរួមលើកកម្ពស់ប្រជាជនក្នុងតំបន់ទេសចរណ៍
ភ្នំពេញ៖ពិតណាស់! កម្ពុជាមានកន្លែងកម្សាន្ដរាប់មិនអស់ដែល កន្លែង នីមួយៗសុទ្ធតែមានភាពស្រស់ស្អាតរបស់វារៀងៗខ្លួន។ប៉ុន្តែកន្លងមកអ្នកទេសចរភាគច្រើននិយមដើរតែក្នុងតំបន់រមណីយដ្ឋានដូច្នេះរូបភាពនៃតំបន់ទេសចរណ៍ វាហាក់ដូចជាតូចចង្អៀត ណាស់។
រហូតមកដល់ឆ្នាំ ២០២០ ពោលគឺជាពេលដែលកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលកំពុងជួបប្រទះនឹងវិបត្តិជំងឺឆ្លងកូវីដ១៩។ ដើម្បីលុបបំបាត់ការឆ្លងរាលដាល រដ្ឋាភិបាលបានដាក់គោល នយោបាយបាយ រក្សាគម្លាត ពាក់ម៉ាស់ និងហាមជួបជុំគ្នាជាដើម ដែលទាំងអស់នេះបានធ្វើឱ្យមនុស្សរស់នៅដោយភាពធុញថប់ សំងំបិទជិតនៅក្នុងផ្ទះរៀងៗខ្លួន។
ពេលនោះហើយ ដែលការដើរកម្សាន្ដតាមព្រៃភ្នំ ឬហៅថាការ ដើរបែបផ្សងព្រេង បានចាប់ផ្ដើមរីកសុះសាយ ឡើងម្ដងបន្តិចៗ។ តំបន់ទេសចរណ៍ធម្មជាតិជាច្រើន ត្រូវបានបង្ហោះផ្សព្វផ្សាយ ពាសពេញបណ្ដាញសង្គម ដែលទាក់ទាញចំណាប់អារម្មណ៍ ប្រជាជនកម្ពុជាឱ្យបានឃើញថា តាមពិតកម្ពុជាមានកន្លែង ទេសចរណ៍ ច្រើនណាស់ដែលប្រជាជនខ្លួនឯងនៅមិនទាន់ ស្គាល់។
ក្នុងចំណោមអ្នកដើរផ្សងព្រេង និងផ្ដិតយករូបភាពស្អាតៗ របស់តំបន់ទេសចរណ៍នានា ក៏មានផងដែរនូវ យុវជនមួយរូប គឺលោក ញ៉េប វណ្ណៈ ដែលលោកជាអ្នកនិយមចូលចិត្ត ការដើរផ្សងព្រេង ដែលអាចស្គាល់តាមរយៈគេហទំព័របណ្ដាញ សង្គមឈ្មោះថា «ដានជើង (Darncherng Adventure)»។
គេហទំព័រមួយនេះបច្ចុប្បន្នមានអ្នកគាំទ្រតាមដានរហូតដល់ជាង ១៨ម៉ឺននាក់ ដែលវីដេអូខ្លះមានអ្នក ទស្សនាដល់ជាងពីរលាននាក់ ក៏មាន។
ជាទូទៅមាតិកាប្លែកៗបង្កប់ទៅដោយភាពកំប្លុកកំប្លែងនិងចែករំលែកចំណេះដឹងរបស់យុវជនរូបនេះត្រូវបានបង្ហោះម្ដងក្នុងមួយសប្ដាហ៍។
បើទោះជាយ៉ាងនេះក្ដី មូលហេតុពីក្រោយខ្នងការគាំទ្រភ្លូកទឹកភ្លូក ដីពី ស្រទាប់យុវជនកម្ពុជាគឺ ដោយសារតែភាពធុញថប់ និងការ អផ្សុកដែលត្រូវស្នាក់នៅឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាយូរ កាលពីឆ្នាំ ២០២០។
លោក ញ៉េប វណ្ណៈ បានឱ្យដឹងថា កាលណោះលោកគ្រាន់តែចង់ បង្កើតវីដេអូកំប្លែងៗប្លែកៗដើម្បីបំបាត់ ភាពធុញថប់របស់ខ្លួន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ព្រោះបន្ទាប់ពីប្រទេសត្រូវបាន បិទខ្ទប់ទៅ មានតែប្រព័ន្ធអ៊ីនធឺណិតទេ ដែលនៅតែមានសេរីភាព និងក្លាយជាមធ្យោបាយទំនាក់ទំនងដ៏សំខាន់មួយ។
នៅក្នុងការចាប់ផ្ដើមដំបូងៗរបស់លោក គឺលោកជ្រើសរើសធ្វើ វីដេអូ នៅផ្ទះ បញ្ចេញសកម្មភាពកំប្លែងៗ មានការច្នៃប្រឌិតនៅ លាយឡំ ព្រមទាំងចែករំលែកចំណេះដឹងពីការការពារ ខ្លួនពីជំងឺ កូវីដផង តែក្រោយពីការបិទខ្ទប់បានបញ្ចប់ លោកក៏បានចាប់ ផ្ដើមធ្វើវីដេអូពីការដើរកម្សាន្ដបែបផ្សងព្រេងវិញម្ដង។
ស្ថាបនិកក្រុមផ្សងព្រេងរូបនេះបានអះអាងថា រាល់វីដេអូរបស់ លោក គឺជាគំនិតច្នៃប្រឌិតដែលខ្លួនមានផ្ទាល់ ដោយមិនមាន ការបំផុសគំនិតពីនរណាម្នាក់ឡើយ។ ជាគំនិតផ្ទាល់ខ្លួន ព្រោះថាលោកក៏ជាអ្នកធ្វើការ ឯករាជ្យ ផ្នែករចនាក្រាហ្វិក និងច្នៃប្រឌិតស្រាប់។
ជាក់ស្ដែង វីដេអូប្រើប្រាស់កាម៉េលដើម្បីដាំបាយក្នុងព្រៃ ចាប់ត្រីយកមកចម្អិន ចែករំលែកបទពិសោធន៍ឆ្លុះក្ដាមថ្ម នៅពេលយប់ ប្រទះឃើញសត្វជិតផុតពូជ ដើរព្រៃដើម្បី លើកស្ទួយជីវភាពសហគមន៍ ធ្វើយ៉ាងណាពេលវង្វេងក្នុងព្រៃ ជិះកង់ ១.០០០គីឡូម៉ែត្រជុំវិញបឹងទន្លេសាបជាដើម សុទ្ធតែបានទាក់ទាញចំណាប់អារម្មណ៍ពីស្រទាប់ មហាជន បូករួមជាមួយនឹងបច្ចេកទេសថត កាត់ត ដែលមានកម្រិតច្បាស់ ល្អផង។
លោក ញ៉េប វណ្ណៈ បានប្រាប់ថា ៖ «ជាការពិតណាស់ បើរាប់ ចាប់តាំងពីការបង្កើតវីដេអូដំបូងៗមក សម្គាល់ឃើញមាន ការចាប់អារម្មណ៍ច្រើន ជាពិសេសពីក្រុមយុវជនក្នុងការ ដើរ ផ្សងព្រេង គឺឃើញសន្ទុះនៃការបោះតង់ផ្សងព្រងតាមព្រៃភ្នំ ក៏ដូចជាកន្លែងសកម្សាន្តផ្សេងៗទៀតមានការកើនឡើងខ្លាំង»។
សម្រាប់សហគមន៍ទេសចរណ៍វិញក៏មានការប្រែប្រួលច្រើនដូចគ្នា ដែលលោកបានរៀបរាប់យ៉ាងដូច្នេះថា ៖ «ខ្ញុំសង្កេតឃើញថា មានភ្ញៀវ ទៅលេងច្រើនខ្លាំង បន្ទាប់ពីខ្ញុំបានផ្សព្វផ្សាយពីតំបន់ នោះហើយ ដូចជា កោះកុងក្រៅ ម្ចាស់ទូកដែលខ្ញុំបានបង្ហោះ លេខទូរស័ព្ទគាត់ និងបានផ្សព្វផ្សាយពីដែនកោះមួយនេះកន្លងមក គាត់បានខលមកអរគុណ និងប្រាប់ថា គាត់មានភ្ញៀវដឹកស្ទើរ រាល់ថ្ងៃមិនដែលដាច់ទេ»។
មិនត្រឹមតែកោះកុងក្រៅនោះទេ តំបន់ផ្សេងៗទៀតក៏ដូចគ្នា បងប្អូនប្រជាសហគមន៍មានការសប្បាយចិត្ត ជាខ្លាំង ព្រោះពី ដើមឡើយពួកគេពិបាកក្នុងការប្រកបរបររកស៊ីអ្វីណាស់ ដោយ សារពួកគេរស់នៅតំបន់ដាច់ស្រយាល។
ចំពោះតំបន់ខ្លះទៀត លោកបានឃើញថា ប្រជាជនបែរជាឈប់ កាប់បំផ្លាញព្រៃឈើ ត្រឡប់មកជាការថែទាំព្រៃ និងចិញ្ចឹមសត្វ ក្នុងសហគមន៍ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវ និងនាំភ្ញៀវទៅកម្សាន្ត ដែលធ្វើឱ្យពួកគាត់បានចំណូលពីការងារទាំងអស់នោះ។
លោក ញ៉េប វណ្ណៈ បានរៀបរាប់ទាំងសប្បាយចិត្តដែរថា ៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ក៏សប្បាយចិត្តខ្លាំងដែរ ដែលអាចរួមចំណែក ក្នុងការផ្លាស់ប្តូរក៏ដូចជាការជួយផ្សព្វផ្សាយដល់សហគមន៍នានា និងធ្វើឱ្យជីវភាពពួកគាត់កាន់តែប្រសើរជាងមុនបែបនេះ»។
ក្រឡេកទៅមើលវីដេអូនីមួយៗរបស់លោកវិញ គឺកើតចេញពីចិត្ត ស្រឡាញ់ដោយលោកមិនបានគ្រោងទុក រឿងរកប្រាក់ចំណូល នោះទេ ប៉ុន្តែបច្ចុប្បន្ន លោកបានទទួលប្រាក់កម្រៃមួយចំណែក ដែរពីម្ចាស់ផលិតផល ក្នុងស្រុក។
ចេញពីបទពិសោធន៍កន្លងមក លោក ញ៉េប វណ្ណៈ បានអំពាវ នាវទៅដល់អ្នកចូលចិត្តដើរផ្សងព្រេងដទៃ ទៀតឱ្យ យកចិត្តទុក ដាក់ចំពោះសំរាមរបស់ខ្លួន ព្រោះកន្លងមកលោកតែងតែ ប្រទះ ឃើញសំរាមរាយប៉ាយ នៅតាមកន្លែងដែលមានមនុស្សទៅដល់។
ដើម្បីជំរុញ និងដោះស្រាយរឿងនេះ លោកក៏តែងតែបញ្ចូលនូវ សកម្មភាពរើសសំរាម និងវេចខ្ចប់មកវិញ បន្ទាប់ពីបោះតង់រួច ហើយ របស់ក្រុមលោក ដើម្បីជាគំរូមួយទៅដល់អ្នកឯទៀត ក្នុង ការរក្សាទាំងឥរិយាបថ ភាពថ្លៃថ្នូរ និងរក្សាបរិស្ថានឱ្យនៅតែ ស្រស់ ស្អាតសម្រាប់មកកម្សាន្ដនៅថ្ងៃក្រោយៗទៀត៕ ដោយ៖ កែវ បុស្បា