ក្រសួងរ៉ែ និងថាមពល នឹងផ្តល់អាជ្ញាបណ្ណរុករកធនធានរ៉ែ នៅ ខេត្តកំពត ដល់ក្រុមហ៊ុន WH Resources
ភ្នំពេញ៖ក្រសួងរ៉ែ និងថាមពល គ្រោងនឹងផ្តល់ល់អាជ្ញាបណ្ណដល់ ក្រុមហ៊ុន ក្នុងស្រុកមួយក្នុងការរុករកធនធានរ៉ែនៅខេត្តកំពត បន្ទាប់ពីក្រុមហ៊ុនបានបញ្ចប់ការសិក្សាវាយតម្លៃសមត្ថភាពបច្ចេកទេស និងធនធានរបស់ក្រុមហ៊ុនមួយ ដែលបានដាក់ពាក្យ ស្នើ សុំស្វែងរុករកធនធានរ៉ែបម្រើឲ្យការផលិតស៊ីម៉ង់ត៍នៅខេត្តកំពតរួចហើយ។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រោយ ការសិក្សារួចឃើញថា ក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានឈ្មោះថា WH Resources មានសមត្ថភាព បច្ចេកទេស និងធនធានគ្រប់ គ្រាន់ ដើម្បីធ្វើការលើកិច្ចការនេះ ហើយក្រសួងរ៉ែ និងថាមពល នឹងចេញអាជ្ញាបណ្ណឲ្យក្រុមហ៊ុនក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមបានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកតំបន់សម្បទានស្វែង រុក រករ៉ែមួយកន្លែងទំហំ១៥៥ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តាល នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត ហើយ ការផ្តល់អាជ្ញាបណ្ណស្វែងរុកនេះ មិនមែនមានន័យថា ក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណនោះនឹងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅដីសម្បទាន១៥០ហិកតានៅខេត្តកំពតនោះទេ ពោលគឺ ក្រុមហ៊ុន អាចនឹងបោះបង់ការផលិតប្រសិនបើការរុករកចេញ លទ្ធផល មកមិនមានសក្តានុពលគ្រប់គ្រាន់។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានគូសបញ្ជាក់ថា គណៈកម្មការជំនាញ នៃក្រសួងរ៉ែ និងថាមពលបានសិក្សាវាយតម្លៃលើក្រុមហ៊ុន WH Resourcesដែលជាក្រុមហ៊ុនតែមួយគត់ ដែលបានដាក់ពាក្យស្នើ សុំស្វែងរុករកធនធានរ៉ែបម្រើឱ្យការផលិតស៊ីម៉ង់ត៍នៅខេត្តកំពតរួចហើយ។ ក្រសួងនឹងផ្តល់អាជ្ញាបណ្ណស្វែងរុករកធនធានរ៉ែបម្រើឱ្យការផលិតស៊ីម៉ង់ត៍នៅខេត្តកំពតឱ្យក្រុមហ៊ុននេះក្នុងពេលឆាប់ៗខាងមុខនេះ ។ចំណែកពេលវេលានៃការរុករកមិនទាន់ត្រូវបានបញ្ជាក់ លម្អិត នៅឡើយទេ។
ឯកឧត្តមបានបន្តថា តាមរយៈលទ្ធផលសិក្សាវាយ តម្លៃ កាល ពី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណៈកម្មការជំនាញនៃក្រសួងរ៉ែ និងថាមពលបានវាយតម្លៃថា ក្រុមហ៊ុនក្នុងស្រុកមួយនេះមាន សក្តានុពលគ្រប់គ្រាន់ទាំងបច្ចេកទេស និងធនធានក្នុងការធ្វើ កិច្ចការមួយនេះ។
បន្ទាប់ពីក្រសួងរ៉ែ និងថាមពល ប្រកាសបើកតំបន់សម្បទាន ស្វែងរុករករ៉ែមួយនៅកន្លែងនៅខេត្តកំពត មានក្រុមហ៊ុនចំនួនប្រាំ បានមកទទួលពាក្យស្នើសុំ តែមានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលបានដាក់ពាក្យស្នើសុំស្វែងរុករកជាផ្លូវការមកក្រសួងរ៉ែ និងថាមពល។ ចំណែកក្រុមហ៊ុនបួនផ្សេងទៀតមិនបាន ដាក់ពាក្យ មកនោះទេ។
អ្នកនាំពាក្យខាងលើបានអះអាងថា បើទោះបីក្រុមហ៊ុនខាងលើ ទទួលបានអាជ្ញាបណ្ណស្វែងរុករកពីក្រសួងក៏ពិតមែន តែមិនប្រាកដ ថា ក្រុមហ៊ុននេះអាចឈានទៅបង្កើតរោងចក្រផលិត ស៊ីម៉ង់ត៍ នៅតំបន់នោះបាននោះទេ ពោលគឺក្រុមហ៊ុននេះអាចបោះបង់ គម្រោងនេះចោលវិញ ប្រសិនបើការស្វែងរកបង្ហាញថា តំបន់ នោះគ្មានសក្តានុពលធនធានរ៉ែគ្រប់គ្រាន់អាចឈានទៅបង្កើតរោងចក្របាន។ ប៉ុន្តែបើតាមការសិក្សាវាយតម្លៃបឋមរបស់មន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពលបង្ហាញថា តំបន់សម្បទានដែលក្រសួងប្រកាស បើក នោះមានសក្តានុពលខ្ពស់សម្រាប់បម្រើឱ្យការផលិតស៊ីម៉ង់ត៍។
លោក សេង ប៊ុនវីរៈ ប្រធានសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានឱ្យដឹងថា លោកលើកទឹកចិត្តនិង គាំទ្រ យ៉ាងខ្លាំង ក្នុងការបង្កើតរោងចក្រផលិតស៊ីម៉ង់ក្នុងឱ្យច្រើន ដើម្បី កាត់បន្ថយការនាំចូលពីក្រៅប្រទេស ប៉ុន្តែត្រូវធានាឱ្យថា ក្រុមហ៊ុន ដែលរុករករ៉ែមកផលិតស៊ីម៉ង់ត៍ មានការសិក្សាឱ្យបានច្បាស់លាស់ ដែលនឹងមិនធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ។
លោកបានបញ្ជាក់ថា ៖ «កន្លងទៅយើងសង្កេតឃើញគុណភាព ស៊ីម៉ង់ត៍ ដែលផលិតនៅក្នុងស្រុកមិនចាញ់ផលិតផលនាំ ចូលនោះ ទេ ខណៈដែលតម្លៃវិញក៏ធូរថ្លៃជាងដែរ។អ្នកសាងសង់ យើងចង់ វត្ថុធាតុដើមសាងសង់ដែលមានគុណភាព ហើយតម្លៃអាចទទួល យកបាន ដែលនឹងជំរុញការសាងសង់អគារទំនើបៗនៅ កម្ពុជា ប្រកបដោយគុណភាព»។
បើតាមប្រធានសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករ កម្ពុជារូបនេះ បច្ចុប្បន្នតម្លៃសម្ភារៈសំណង់ ដែលបាននាំចូលមក នៅ មានតម្លៃថ្លៃដូចមុន ប៉ុន្តែមិនបានបន្តឡើងទៀតទេ ដោយសារ តែ តម្លៃប្រេងឥន្ធនៈបានថយចុះបន្តិចមកវិញ។
យោងតាមក្រសួងរ៉ែ និងថាមពល ការបើកតំបន់សម្បទាននេះ ធ្វើឡើងក្រោយក្រសួងមើលឃើញពីតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍នៅក្នុងស្រុកចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គួបផ្សំ បច្ចុប្បន្នការផលិតស៊ីម៉ង់ត៍ក្នុងស្រុកមិនទាន់អាចឆ្លើយតបនឹងតម្រូវការ។កត្តានេះបានជំរុញឱ្យកម្ពុជាត្រូវនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។
បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួនប្រាំដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជាងប្រាំបួនលានតោនក្នុងមួយឆ្នាំ ក្នុង ពេលកម្ពុជាមានតម្រូវការស៊ីម៉ង់ត៍សម្រាប់ប្រើប្រាស់ប្រមាណ១៤លានតោនក្នុងមួយឆ្នាំ៕
ដោយ៖វណ្ណ សុជាតា