ខេត្តរបស់កម្ពុជានិងវៀតណាម គ្រោងនឹងកែសម្រួល អនុស្សរណៈ យោគ យល់គ្នាខ្លះ ដើម្បីបន្តប្រាំឆ្នាំទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរនៃខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែងរបស់ កម្ពុជា និងខេត្តដុងថាប់ របស់វៀតណាម បានបញ្ជាក់ពីការប្តេជ្ញា ចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិ បត្តិការ លើច្រើនវិស័យ ពិសេសកិច្ចសហការលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច សាធារណការនិងដឹកជញ្ជូន សំដៅបម្រី ផលប្រយោជន៍ភាគីទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តដុងថាប់នៃសារធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលពីរថ្ងៃ កាលពីថ្ងៃទី១៨ដល់១៩ ខែមករា ឆ្នាំ២០២៣កន្លងទៅ គណ:ប្រតិភូរដ្ឋបាលខេត្ត បន្ទាយ មាន ជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងគណៈ ប្រតិភូរដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយ ឯកឧត្តម ជា សុមេធី អភិបាលខេត្តបានជួបប្រជុំពិភាក្សាជាមួយ លោក ផាម ធៀវ ងា (Pham Thiev Gnia) អនុលេខាបក្សកុម្មុយនីស្តវៀតណាមខេត្ត និងជាប្រធានគណ:កម្មាធិការប្រជាជនខេត្តដុងថាប់ និងលោក គៀវ ឆេឡឹម អនុប្រធានក្រុមប្រឹក្សាខេត្តដុងថាប់។

ជំនួបនេះ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ភាតរ:ភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងបី លើ កិច្ចសហប្រតិបត្តិការជាច្រើនវិស័យដូចជា ទំនាក់ទំនង អន្តរជាតិ និងអ្នកជិតខាងល្អ ការពារជាតិ មហាផ្ទៃ កសិកម្ម ការដាំដុះនិងវារីវប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគនិងធុរកិច្ច សាធារណការនិងដឹកជញ្ជូន ថាមពល ឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ អប់រំ កីឡា បណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ជាដើម។

លោក ផាម ធៀវ ងា អនុលេខាបក្សខេត្តដុងថាប់ បានចាត់ទុកថា នេះជាជំនួបកិច្ចពិភាក្សាដ៏រីករាយនាឆ្នាំនេះ ចំពេលដែលប្រទេស ទាំងពីរ កំពុងអបអរសាទរខួបទី៥៥ឆ្នាំ នៃចំណងការទូតនិងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ម្យ៉ាងវិញទៀត ទំហំពាណិជ្ជ កម្ម រវាងខេត្តដុងថាប់ ជាមួយខេត្តព្រៃវែង និងខេត្តនានាតាមផ្លូវទឹក តាមច្រកព្រំដែនអន្តរជាតិយិនបា-បន្ទាយចក្រី និងច្រកតំបន់ផ្សេង ទៀត សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិតមួយ ពាន់លានដុល្លារ អាម៉េរិក ក្នុងមួយឆ្នាំៗ។

លោកបានបញ្ជាក់ថា ៖ «ទំនាក់ទំនងរវាងខេត្តដុងថាប់ (វៀតណាម) បន្ទាយមានជ័យ ពោធិ៍សាត់ និងព្រៃវែង(កម្ពុជា) ដែលជាខេត្តសម្ព័ន្ធមេត្រីភាព បានសម្រេចដូចបំណងនូវផ្លែផ្កា នៃ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជា ទំនាក់ ទំនង អន្តរជាតិ និងអ្នកជិតខាងល្អផងដែរ។ វៀតណាមក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជារាប់រយនាក់លើជំនាញសុខាភិបាលនិងជំនាញនានា ទាក់ទងនឹងវិស័យ កសិកម្មជាដើម»។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមាន ប្រសាសន៍ ថា បន្ទាប់ពីអាក់ខានផ្លាស់ប្តូរដំណើរទស្សន កិច្ច ដោយផ្ទាល់អស់ពេលពីរឆ្នាំ ពេលនេះភាគីទាំងពីរអាច អនុវត្ត បានឡើងវិញហើយ ព្រោះប្រទេសទាំងពីរ បាន ដោះស្រាយ វិបត្តិសាកល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ឈានទៅបើក ប្រទេសនិងបើកព្រំដែនពេញលេញឡើងវិញដើម្បីស្តារសេដ្ឋកិច្ច សង្គមកិច្ច។

ឯកឧត្តមបានគូសបញ្ជាក់ថា ៖ «ខេត្តទាំងបី បានរឹតចំណង មិត្តភាពបានយ៉ាងប្រសើរ ដូចដែលមានចែងក្នុងស្មារតីខ្លឹមសារនៃ អនុស្សរណ:យោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងមក ដូចនេះ ខាងកម្ពុជាស្នើរៀបចំសេចក្តីព្រាង កែសម្រួលខ្លឹមសារ អនុស្សរណ:យោគយល់គ្នានេះ ហើយថ្នាក់ដឹកនាំនិងមន្ត្រី កម្មាភិបាលភាគីទាំងពីរនឹងរកពេលវេលាសមស្រប ដើម្បីប្រជុំ ពិភាក្សានិងចុះហត្ថលេខាដើម្បីខេត្តចំណងមេត្រីភាពទាំងនេះបន្តរយ:ពេលប្រាំឆ្នាំទៀត»។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែ ច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ទាំងហេដ្ឋា រចនា សម្ព័ន្ធផ្លូវថ្នល់ និងការសម្របសម្រួល ពីសំណាក់មន្រ្តីនៅ តាមច្រកព្រំដែនកម្ពុជា និងវៀតណាម ជាពិសេសនៅតាមច្រក អន្តរជាតិ បានបង្កលក្ខណៈងាយស្រួលច្រើនដល់ពាណិជ្ជករ ដឹកជញ្ជូន ដោយមិនមានការាំងស្ទះនោះទេ។

លោកបានថ្លែងថា ៖ «បន្ទាប់ពីរាជរដ្ឋាភិបាល បានរៀបចំឱ្យមាន ច្រកអន្តរជាតិច្រើន បូករួមទាំងច្រកព្រំដែនតូចធំផ្សេងៗទៀត បានជំរុញឱ្យការដឹកជញ្ជូនមានការកើនឡើងជាលំដាប់ ជា ពិសេសការដោះដូរទំនិញកសិកម្មរវាងកម្ពុជា និងវៀតណាម។កិច្ចសហការល្អរវាងអាជ្ញាធរតាមព្រំដែនប្រទេស នឹងជំរុញខ្សែ ច្រវាក់ ផ្គត់ផ្គង់ និងការដឹកជញ្ជូនតាមព្រំដែន ឱ្យកាន់តែមាន លក្ខណៈ ងាយស្រួលបន្ថែម ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចនៅតាម ព្រំដែនកាន់តែរីកចម្រើន»៕
ដោយ៖វណ្ណ សុជាតា

ads banner