Cambodia2050 Ep52: សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍសង្គម

សុខភាពជាភាពពេញលេញនៃសុខុមាលភាពផ្លូវកាយ សុខុមាលភាពផ្លូវចិត្តនិងសុខុមាលភាពសង្គម។ ចំណែកឯ សុខភាពផ្លូវចិត្តគឺសំដៅទៅដល់សុខុមាលភាពពេញលេញនៃការគិត អារម្មណ៍ក៏ដូចជាអាកប្បកិរិយារបស់មនុស្ស។ ដូចនេះ បញ្ហាសុខភាពផ្លូវចិត្តគឺសំដៅទៅលើលក្ខខណ្ឌនៃសុខភាពដែលវាប៉ះពាល់ឬក៏រំខានដល់ការគិត អារម្មណ៍និងអាកប្បកិរិយា។ យោងតាមស្ថិតិ កុមារប្រមាណ ៩% ឬក៏មនុស្សវ័យជំទង់ប្រហែលជា១០% ទៅ ២០% អាចប្រឈមមុខនឹងជំងឺផ្លូវចិត្តនៅក្នុងជីវិតរបស់ពួកគេ ជាពិសេស ជំងឺធ្លាក់ទឹកចិត្ត។ ហើយប្រជាជនប្រហែល ១៦% នៃប្រជាជនទូទៅនៅលើពិភពលោកជួបប្រទះនឹងជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្នុងដំណើរជីវិតរបស់គេ។ លើសពីនេះទៅទៀត  អង្គការសុខភាពលោកបានព្យាករថា នៅឆ្នាំ ២០៥០ ជំងឺធ្លាក់ទឹកចិត្តគឺជាបន្ទុកសុខភាពធ្ងន់ធ្ងរមួយសម្រាប់សង្គមក៏ដូចជាសេដ្ឋកិច្ចរបស់ជាតិផងដែរ។

ដោយសារកត្តា ៣ (កត្តាជីវសាស្ត្រ  កត្តាចិត្តសាស្ត្រ កត្តាសង្គម) មិនថាប្រទេសអភិវឌ្ឍន៍ឬក៏ប្រទេសក្រីក្រឬក៏ប្រទេសកំពុងអភិវឌ្ឍន៍ទេ ប្រជាពលរដ្ឋដែលរស់នៅក្នុងពិភពលោកអាចមានឱកាសប្រឈមមុខនឹងបញ្ហាផ្លូវចិត្តដូចគ្នាទាំងអស់ ប្រសិនបើគាត់ស្ថិតក្នុងចំណោមលក្ខខណ្ឌដែលអាចធ្វើឲ្យគាត់ទទួលរងឥទ្ធិពលទៅលើផ្លូវចិត្តរបស់គាត់។ អាស្រ័យហេតុនេះ យើងត្រូវស្វែងយល់ពីសុខភាពផ្លូវចិត្ត។ ចំពោះរបៀបដោះស្រាយជំងឺផ្លូវចិត្ត យើងមានការជួយចំនួន ៣ គឺ ការជួយដោយខ្លួនឯង ការជួយពីអ្នកជំនាញចិត្តសាស្ត្រនិងការជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា។ ជាធម្មតា ជំងឺផ្លូវចិត្តបើសិនក្នុងកម្រិតស្រាល យើងអាចជួយខ្លួនយើងបាន កម្រិតមធ្យមគឺយើងត្រូវជួបជាមួយអ្នកជំនាញដើម្បីពិគ្រោះព្យាបាលបញ្ហាផ្លូវចិត្ត នៅកម្រិតធ្ងន់យើងត្រូវជួបជាមួយវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាដើម្បីធ្វើការព្យាបាលជាបន្ទាន់។

សំណួរទី១៖ តើអ្វីទៅជា​ ​សុខភាពផ្លូវចិត្ត ?  ចំពោះជំងឺផ្លូវចិត្ត តើវាមានអការៈបែបណា?

ដើម្បីយល់អំពីសុខភាពផ្លូវចិត្ត យើងត្រូវដឹងជាមុនសិនពាក់ព័ន្ធជាមួយនឹងសុខភាពថា តើអ្វីទៅជាសុខភាព? នៅក្នុង ១៩៤៧ អង្គការសុខភាពពិភពលោកបានកំណត់និយមន័យសុខភាពថាជាភាពពេញលេញនៃសុខុមាលភាពផ្លូវកាយ សុខុមាលភាពផ្លូវចិត្តនិងសុខុមាលភាពសង្គម។ ដូចនេះ តើសុខភាពផ្លូវចិត្តជាអ្វី?

លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិនៅឆ្នាំ២០១១ បានលើកឡើងថា “គ្មានសុខភាពទេប្រសិនបើគ្មានសុខភាពផ្លូវចិត្ត”។ នេះមានន័យថាសុខភាពផ្លូវចិត្តគឺសំដៅទៅដល់សុខុមាលភាពពេញលេញនៃការគិត អារម្មណ៍ក៏ដូចជាអាកប្បកិរិយារបស់មនុស្ស។ នៅពេលដែលបុគ្គលម្នាក់មានសុខុមាលភាពពេញលេញនៅក្នុងការបំពេញការងារ គាត់អាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន គាត់អាចគិតពីអ្វីដែលល្អៗបាន គាត់អាចដោះស្រាយបញ្ហាជុំវិញខ្លួនគាត់បាន គាត់មានអារម្មណ៍ស្រស់ស្រាយ។ ទាំងអស់នេះហើយជា សុខភាពផ្លូវចិត្ត។ ជារួមមក នៅពេលដែលយើងនិយាយអំពីសុខភាពផ្លូវចិត្តគឺយើងផ្អែកសំខាន់ទៅលើកត្តា ៣ យ៉ាងគឺពាក់ព័ន្ធជាមួយនឹងការគិត អារម្មណ៍និងអាកប្បកិរិយា។ ប្រសិនបើការគិត អារម្មណ៍និងអាកប្បកិរិយាដំណើរការទៅបានល្អ មានន័យថាបុគ្គលនោះមានសុខភាពផ្លូវចិត្តល្អ។ ផ្ទុយទៅវិញថា តើយើងអាចសម្គាល់បានបែបណាខ្លះ នាពេលបុគ្គលម្នាក់មានបញ្ហាសុខភាពផ្លូវចិត្ត?

មុននឹងឆ្លើយសំណួរនេះ យើងត្រូវដឹងមុនសិនថា តើបញ្ហាសុខភាពផ្លូវចិត្តជាអ្វី? បញ្ហាសុខភាពផ្លូវចិត្តគឺសំដៅទៅលើលក្ខខណ្ឌនៃសុខភាពដែលវាប៉ះពាល់ឬក៏រំខានដល់ការគិត អារម្មណ៍និងអាកប្បកិរិយា។ ដូចបានបកស្រាយខាងលើ នៅពេលដែលបុគ្គលម្នាក់មានបញ្ហាផ្លូវចិត្ត យើងអាចកត់សម្គាល់បានតាមរយៈការសម្ដែងចេញខាងក្រៅ ពីព្រោះចិត្តនៅក្នុងខ្លួនមើលមិនឃើញ ប៉ះមិនបាន អត់មានពណ៌ អត់មានក្លិន។ ប៉ុន្តែ ចិត្តជាកម្លាំងជំរុញមួយ។ ចិត្តអាចរំខានយើងបានហើយជំរុញយើងទៅធ្វើអ្វីមិនល្អ ប្រសិនបើផ្លូវចិត្តដំណើរការទៅមិនបានល្អ។​  យើងអាចសម្គាល់ថាបុគ្គលម្នាក់មានបញ្ហាផ្លូវចិត្តតាមរយៈការសង្កេតមើលទៅលើអាកប្បកិរិយាខាងក្រៅ ក៏ដូចជាការបំពេញមុខងារប្រចាំថ្ងៃរបស់គាត់។ ហើយនាពេលខ្លះទៀត អ្នកដែលមានបញ្ញាផ្លូវចិត្តមិនខ្វល់ថាខ្លួនឯងមានបញ្ហាផ្លូវចិត្តនោះទេ ដែលជាហេតុធ្វើឲ្យគាត់មានបញ្ហា ទាំងអារម្មណ៍ ទាំងការគិតនិងអាកប្បកិរិយារបស់គាត់។ ទាំងនេះក៏ដោយសារតែឥទ្ធិពលនៃបញ្ហាផ្លូវចិត្ត។


សំណួរទី២៖ សុខភាពផ្លូវចិត្តត្រូវបានដាក់បញ្ចូលជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដោយអង្គការសហប្រជាជាតិ (SDGs)។ តើលោកបណ្ឌិតយល់ឃើញថា ជំងឺផ្លូវចិត្តបានប៉ះពាល់ដល់សង្គមជាតិយ៉ាងណាដែររហូតដល់មានការយកចិត្តទុកដាក់ពីអង្គការសហប្រជាជាតិ?

និយាយពីការអភិវឌ្ឍ ប្រទេសមួយឬក៏ជាតិសាសន៍មួយអាចមានការអភិវឌ្ឍទៅបានទាល់តែមានធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាព លក្ខខណ្ឌពេញលេញទាំងផ្លូវកាយនិងផ្លូវចិត្ត។ ផ្លូវកាយនិងផ្លូវចិត្តទាំងពីរមានទំនាក់ទំនងគ្នា។ នៅពេលដែលផ្លូវកាយមានភាពពេញលេញ ផ្លូវចិត្តក៏មានភាពពេញលេញដែរ។ នេះហើយបានជា អង្គការសហប្រជាជាតិយកចិត្តទុកដាក់លើបញ្ហាផ្លូវចិត្ត។ វាគឺជាបញ្ហាមួយដ៏ចម្បងរំខានដល់សេដ្ឋកិច្ចពិភពលោក។ យោងតាមស្ថិតិ កុមារប្រមាណ ៩% ឬក៏មនុស្សវ័យជំទង់ប្រហែលជា១០% ទៅ ២០% អាចប្រឈមមុខនឹងជំងឺផ្លូវចិត្តនៅក្នុងជីវិតរបស់ពួកគេ ជាពិសេស ជំងឺធ្លាក់ទឹកចិត្ត។ ហើយប្រជាជនប្រហែល ១៦% នៃប្រជាជនទូទៅនៅលើពិភពលោកជួបប្រទះនឹងជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្នុងដំណើរជីវិតរបស់គេ។ លើសពីនេះទៅទៀត  អង្គការសុខភាពលោកបានព្យាករថា នៅឆ្នាំ ២០៥០ ជំងឺធ្លាក់ទឹកចិត្តគឺជាបន្ទុកសុខភាពធ្ងន់ធ្ងរមួយសម្រាប់សង្គមក៏ដូចជាសេដ្ឋកិច្ចរបស់ជាតិផងដែរ។ ជារួមមក សុខភាពផ្លូវចិត្តគឺជាផ្នែកមួយក្នុងការអភិវឌ្ឍ ពីព្រោះបុគ្គលម្នាក់មានភាពពេញលេញទៅបាន លុះត្រាតែមានសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ បើសុខភាពផ្លូវចិត្តមិនល្អ ការបំពេញការងារប្រចាំថ្ងៃក៏មិនបានល្អដែរ។

វាក៏បង្កើតការរំខាន់ដល់ពេលវេលារបស់សមាជិកគ្រួសារបូករួមទាំងការចំណាយធនធាននិងថវិកាសព្វគ្រប់បែបយ៉ាងដើម្បីដោះស្រាយបញ្ហានេះ។ ដូចនេះ វាធ្វើឲ្យប៉ះពាល់ទាំងសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គម។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំ ២០១៨ បានបង្ហាញឲ្យឃើញថា បញ្ហាផ្លូវចិត្តជាពិសេសគឺជំងឺធ្លាក់ទឹកចិត្តបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចពិភពលោកប្រមាណមួយពាន់កោដិដុល្លារក្នុងមួយឆ្នាំ ។ នេះមានន័យថា ជំងឺធ្លាក់ទឹកចិត្តនៅកន្លែងការងារបានធ្វើឲ្យយុវវ័យឬក៏យុវជនដែលកំពុងតែពេញកម្លាំងធ្វើការងារអាក់ខានក្នុងការធ្វើការងារ ធ្វើឲ្យសេដ្ឋកិច្ចអន់ថយ។ នេះជាចំណុចចម្បងដែលអង្គការសហប្រជាជាតិ​បានគិតគូរពិចារណា។

ជាក់ស្ដែង នាថ្ងៃទី​ ១០ តុលា ២០២២ កន្លងទៅ​ អង្គការសុខភាពពិភពលោកបានដាក់ប្រធានបទថ្មីមួយដើម្បីឲ្យប្រជាពលរដ្ឋនៅលើពិភពលោកប្រារព្ធទិវាសុខភាពផ្លូវចិត្ត ហើយបានកំណត់ថាសុខភាពផ្លូវចិត្តនិងសុខុមាលភាពរបស់មនុស្សគ្រប់រូបជាអាទិភាពសកល។  ជាពិសេសទៀតនោះ នៅលើពិភពលោក ស្ថិតិបង្ហាញជាក់ច្បាស់ថា៖ រៀងរាល់ ៤០ វិនាទីគឺមានមនុស្សម្នាក់សម្លាប់ខ្លួន។ ដូចនេះ គេប៉ាន់ប្រមាណថាក្នុងមួយឆ្នាំគឺមានអ្នកស្លាប់ប្រមាណ ៨០ ម៉ឺននាក់ស្លាប់ដោយសារតែការសម្លាប់ខ្លួនហើយការសម្លាប់ខ្លួននោះគឺជាប់ពាក់ព័ន្ធច្រើនទៅនឹងបញ្ហាផ្លូវចិត្ត។  ទាំងនេះហើយនាំឲ្យមានការយកចិត្តទុកដាក់ពីអង្គការសហប្រជាជាតិ។

សំណួរទី៣៖ ប្រជាជនដែលរស់នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួនដូចជា ប្រទេស​កូរ៉េខាងត្បូងនិងប្រទេសជប៉ុន ជួបប្រទះនឹងជំងឺផ្លូវចិត្តជាច្រើន។​ តើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យកើតមានឡើងបែបនេះ? ហើយនាពេលដែលប្រទេសកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ ២០៥០ តើយើងអាចជួបប្រទះបញ្ហាបែបនេះដែរឫទេ?

សូមបញ្ជាក់ជម្រាបជូនដល់បងប្អូនសាធារណជនទាំងអស់ បញ្ហាជំងឺផ្លូវចិត្តបានកើតឡើងទៅលើមនុស្សគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈទាំងអស់មិនថាប្រជាពលរដ្ឋនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ឬ ប្រទេសអភិវឌ្ឍន៍ឡើយ ប្រសិនបើគាត់ជួបប្រទះទៅនឹងព្រឹត្តិការណ៍ឬក៏ហេតុការណ៍ទាំងឡាយណាដែលវាប៉ះពាល់ដល់អារម្មណ៍របស់គាត។  នៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនអត្រានៃការសម្លាប់ខ្លួនគឺមានចំនួនច្រើនរៀងរាល់ឆ្នាំ។ ជាក់ស្តែង នៅឆ្នាំ ២០២១-២០២២ កន្លងទៅ ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេដែលមានប្រជាជនធ្វើអត្តឃាតកម្មឬក៏សម្លាប់ខ្លួន។ យោងតាមស្ថិតិនៅឆ្នាំ ២០២១​ ជាមធ្យម ២៦នាក់ក្នុងចំណោម ១០ ម៉ឺននាក់បានធ្វើការសម្លាប់ខ្លួននៅក្នុងប្រទេសកូរ៉េ។ បើធៀបជាមួយឆ្នាំ ២០២០ មានតែ ២៥.៧ នាក់ក្នុងចំណោម ១០ ម៉ឺននាក់ធ្វើការសម្លាប់ខ្លួន។ នេះមានន័យថា អាត្រាមានការកើនឡើង។ បើយើងមើលទៅលើប្រទេសជប៉ុន ប្រមាណ ១៤.៦ នាក់ក្នុងចំណោម​ ១០ ម៉ឺននាក់បានសម្លាប់ខ្លួនហើយប្រទេសលីតូនីមាន ២០.៣ នាក់ ក្នុងចំណោម​ ១០ ម៉ឺននាក់បានធ្វើការសម្លាប់ខ្លួន។ ទាំងអស់នេះសុទ្ធតែជាប់ពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្ត ជាពិសេសពាក់ព័ន្ធនឹងកន្លែងការងារនិងបញ្ហាសេដ្ឋកិច្ច​។

នៅប្រទេសកូរ៉េ មនុស្សសម្លាប់ខ្លួនគឺដោយសារប្រទេសកូរ៉េកំពុងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ច ក្នុងកំឡុងពេលដែលមានការរីករាតត្បាតនៃជំងឺកូវីដដប់ប្រាំបួន។ បញ្ហានេះនាំឲ្យមានការកើនឡើងនៃអត្រាការអត់មានការងារធ្វើ។ កាលណាមនុស្សបាត់បង់ការងារធ្វើ វាធ្វើឲ្យមានសម្ពាធផ្លូវចិត្តខ្លាំងព្រោះធ្លាប់តែរកប្រាក់ចំណូលច្រើនជាងចំណាយ។ នាពេលប្រាក់ចំណូលថយចុះ ការចំណាយច្រើននាំ​ឲ្យមានការខ្វះខាត់ ធ្វើឲ្យមានបញ្ហាផ្លូវចិត្ត។ ដូច្នេះ អត្រាគ្មានការងារធ្វើខ្ពស់នៅក្នុងប្រទេសជាកត្តាចម្បងដេលនាំឲ្យមនុស្សមានបញ្ហាផ្លូវចិត្តក្នុងប្រទេសកូរ៉េ។

ដោយឡែកនៅក្នុងប្រទេសជប៉ុនក៏ដូចគ្នាដែរ កត្តាដែលនាំឲ្យមានការសម្លាប់ខ្លួនច្រើនគឺដោយសារតែកត្តាសេដ្ឋកិច្ច ហើយជាពិសេសគឺពាក់ព័ន្ធជាមួយនឹងបញ្ហាលក្ខខណ្ឌសុខភាព។ នៅក្នងប្រទេសជប៉ុន ប្រជាពលរដ្ឋទាល់តែខិតខំប្រឹងប្រែងធ្វើការងារដើម្បីបានប្រាក់ចំណូល។ កាលណាពាក់ព័ន្ធនឹងបញ្ហាសុខភាព គាត់មិនអាចបំពេញការងារបាន។ ដូចនេះ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ លើសពីនេះទៅទៀត ការព្រួយបារម្ភក៏ដូចជាបញ្ហានៅកន្លែងការងារជាមូលហេតុចម្បងដែលធ្វើឲ្យមានការសម្លាប់ខ្លួននៅក្នុងប្រទេសអភិវឌ្ឍន៍។  ជារួមមក ការដែលមិនអាចបំពេញការងារនឹងធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។   លើសពីនេះទៅទៀតមានកត្តាចម្បង ៣ ដែលយើងត្រូវពិនិត្យមើលដើម្បីស្វែងយល់ពីសុខភាពផ្លូវចិត្តរបស់ប្រជាជន ៖

. កត្តាជីវសាស្ត្រ៖ ពាក់ព័ន្ធជាមួយនឹងឥទ្ធិពលដោយការទទួលបាន។
ឧទាហរណ៍៖ លក្ខខណ្ឌសុខភាព..។
. កត្តាចិត្តសាស្ត្រ៖ ពាក់ព័ន្ធនឹងការគិត។
ឧទាហរណ៍៖ មនុស្សដែលធ្លាប់តែសម្ភារនិយម នាពេលដែលមានបញ្ហាសេដ្ឋកិច្ច ការដែលរកចំណូលមិនបាននឹងនាំឲ្យមានបញ្ហាជំងឺផ្លូវចិត្ត។

៣​. កត្តាសង្គម៖ ពាក់ព័ន្ធជាមួយនឹងឱកាសការងារ បញ្ហាសេដ្ឋកិច្ចឬក៏បញ្ហាផ្សេងៗទៀត។

រួមមកវិញ បូករួមទាំងកត្តា ៣ ខាងលើ មិនថាប្រទេសអភិវឌ្ឍន៍ឬក៏ប្រទេសក្រីក្រឬក៏ប្រទេសកំពុងអភិវឌ្ឍន៍ទេ ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសទាំងអស់នោះអាចមានឱកាសប្រឈមមុខនឹងបញ្ហាផ្លូវចិត្តដូចគ្នាទាំងអស់ ប្រសិនបើគាត់ស្ថិតក្នុងចំណោមលក្ខខណ្ឌដែលអាចធ្វើឲ្យគាត់ទទួលរងឥទ្ធិពលទៅលើផ្លូវចិត្តរបស់គាត់។
សំណួរទី៤៖ ប្រសិនបើប្រជាជនកម្ពុជានាបច្ចុប្បន្នឬនៅថ្ងៃអនាគតជួបប្រទះនឹងបញ្ហាជំងឺផ្លូវចិត្ត
តើយើងមានដំណោះស្រាយអ្វី ដើម្បីជួយដល់ប្រជាជនរបស់ពួកយើង?

ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅប៉ុន្មានឆ្នាំខាងមុខទៀត។ ដើម្បីជួយលើកកម្ពស់ឬក៏ទប់ស្កាត់ផលប៉ះពាល់ខ្លាំងនៃជំងឺផ្លូវចិត្ត យើងត្រូវលើកកម្ពស់ការយល់ដឹងអំពីបញ្ហាផ្លូវចិត្ត ពន្យល់ឲ្យពលរដ្ឋទូទៅយល់ពីបញ្ហាផ្លូវចិត្ត ផលប៉ះពាល់ជាមួយនឹងរោគសញ្ញារបស់វាបូករួមទាំងអាការៈរបស់វាផងដែរ។ ជាពិសេស​ យើងត្រូវពង្រឹងការយល់ដឹងអំពីសុខភាពផ្លូវចិត្តឲ្យបានទូលំទូលាយទៅក្នុងគ្រប់ស្រទាប់វណ្ណៈនៃប្រជាពលរដ្ឋទាំងអស់ ពីព្រោះបញ្ហាផ្លូវចិត្តដែលកើតឡើងមិនប្រកាន់អ្នកមានឬ អ្នកក្រទេ។ ប្រជាពលរដ្ឋខ្លួនឯងត្រូវតែចេះឲ្យតម្លៃទៅលើផ្លូវចិត្តរបស់ខ្លួនឯង។

មានជំងឺផ្លូវកាយទៅព្យាបាល ប៉ុន្តែនាពេលដែលមានជំងឺផ្លូវចិត្តមិនព្រមព្យាបាល មិនដោះស្រាយតាមបែបចិត្តសាស្ត្រទេ ថែមទាំងធ្វើបាបខ្លួនឯងថែមទៀត។ នេះគឺបណ្តាលមកពីការខ្វះការយល់ដឹងពីសុខភាពផ្លូវចិត្ត។ កាលណាមានកាយគឺមានចិត្ត​​។ បើកាយសុខ ចិត្តសុខ បើចិត្តកើតទុក្ខ កាយនឹងរងគ្រោះ នេះមានន័យថានៅពេលដែលយើងរាងកាយយើងមាំមួន ផ្លូវចិត្តយើងក៏ល្អដែរ។ យើងនឹងក្លាយជាពលរដ្ឋមួយដែលជាធនធានមួយដ៏រឹងមាំដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិយើង។

ចំពោះរបៀបដោះស្រាយជំងឺផ្លូវចិត្ត យើងមានការជួយចំនួន ៣ គឺ ការជួយដោយខ្លួនឯង ការជួយពីអ្នកជំនាញចិត្តសាស្ត្រនិងការជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា។ ជាធម្មតា ជំងឺផ្លូវចិត្តបើសិនក្នុងកម្រិតស្រាល យើងអាចជួយខ្លួនយើងបាន កម្រិតមធ្យមគឺយើងត្រូវជួបជាមួយអ្នកជំនាញដើម្បីពិគ្រោះព្យាបាលបញ្ហាផ្លូវចិត្ត នៅកម្រិតធ្ងន់យើងត្រូវជួបជាមួយវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាដើម្បីធ្វើការព្យាបាលជាបន្ទាន់។ 

ចំពោះកម្រិតស្រាល ប្រសិនបើយើងចេះកត់សម្គាល់ទៅលើរោគសញ្ញាបញ្ហាផ្លូវចិត្តពាក់ព័ន្ធនឹងការគិត អារម្មណ៍និងអាកប្បកិរិយា យើងអាចធ្វើការដោះស្រាយសាមញ្ញៗដោយខ្លួនឯងបានតាមរយៈផ្លាស់ប្តូររបៀបរស់នៅ៖ នៅពេលយើងអារម្មណ៍តានតឹង យើងអាចធ្វើលំហាត់ប្រាណ ជជែកជាមួយមិត្ដភក្ដិដែលយើងទុកចិត្ត ឬក៏យើងអាចធ្វើលំហាត់ប្រាណដង្ហើម ផ្លាស់ប្ដូររបបអាហារ ផ្លាស់ប្ដូររបៀបរបបនៃការគេង ចូលរួមសកម្មភាពសង្គម បង្កើតទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនដែលអាចផ្តល់ជាយោបល់ ឬក៏ធ្វើសមាធិដើម្បីឲ្យចិត្តមានភាពស្ងប់ស្ងាត់។ ប៉ុន្តែចំណុចសំខាន់នោះគឺបងប្អូន ប្រជាពលរដ្ឋត្រូវពេញចិត្តជាមួយនឹងអ្វីដែលខ្លួនយើងមានហើយរីករាយជាមួយអ្វីដែលខ្លួនធ្វើ។ នោះហើយទើបធ្វើឲ្យផ្លូវចិត្តបស់យើងនឹងល្អប្រសើរ។

ហើយលើសពីនេះទៅទៀត យើងត្រូវព្យាយាមគិតវិជ្ជមានមិនត្រូវប្រៀបធៀបខ្លួនយើងជាមួយអ្នកដទៃនោះឡើយ។ មួយវិញទៀត យើងត្រូវទម្លាក់ចោលរាល់បញ្ហាដែលប៉ះពាល់ផ្លូវចិត្តរបស់យើង ពីព្រោះខ្លួនយើងមែនជាធុងសំរាមសម្រាប់ដាក់រាល់បញ្ហាទាំងអស់នោះទេ។  យើងត្រូវរៀនទទួលស្គាល់ថាវាជាបញ្ហាសាមញ្ញ អ្នកណាក៏មាន។ ហើយរៀនដោះស្រាយដោយខ្លួនឯងសាមញ្ញៗ។ ប្រសិនបើដោះស្រាយមិនបានទេ នៅតែរំខានគឺត្រូវជួបជាមួយអ្នកជំនាញចិត្តសាស្ត្រ ពីព្រោះអ្នកជំនាញផ្នែកចិត្តសាស្ត្រមានបច្ចេកទេសក្នុងការជជែកពិភាក្សាដោះស្រាយបញ្ហាទាំងឡាយដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត។ ប្រសិនបើក្នុងករណីធ្ងន់ ត្រូវប្រើប្រាស់ថ្នាំ យើងត្រូវជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាដែលជាវេជ្ជបណ្ឌិតផ្នែកសុខភាពផ្លូវចិត្ត។ ប៉ុន្តែទោះបីជាប្រើប្រាស់ថ្នាំតាមបែបវេជ្ជបណ្ឌិតក៏ដោយ ក៏ត្រូវធ្វើការពិគ្រោះយោបល់ជាមួយអ្នកជំនាញចិត្តសាស្ត្រដូចគ្នាដែរដោយថ្នាំគ្រាន់តែជាផ្នែកមួយក្នុងការជួយសម្រួលប៉ុណ្ណោះ។

ជារួមមក ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត វាត្រូវទាមទារឲ្យមានការចូលរួមពីខ្លួនយើង សង្គមនិងប្រទេសទាំងមូលផងដែរ។ យើងត្រូវថែទាំសុខភាពផ្លូវចិត្តឲ្យបានល្អ មិនត្រឹមតែសុខភាពផ្លូវកាយនោះទេថធ៕

វាគ្មិន៖ លោកបណ្ឌិត កៅ សុវណ្ណតារា សាស្រ្តាចារ្យចិត្តវិទ្យា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner