អាជ្ញាធរជប៉ុន នៅតែបន្តប្រកាសអាសន្នពីគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដី
ជប៉ុន៖ មន្រ្តីឧតុនិយមជប៉ុន នៅតែបន្តចេញសេចក្តីប្រកាសអាសន្នដដែល ពាក់ព័ន្ធនឹងគ្រោះមហន្តរាយទឹកជំនន់ និងការរអិលបាក់ដីដ៏អាក្រក់ មួយថ្ងៃបន្ទាប់ពីមានមនុស្សម្នាក់ទៀតហើយបានស្លាប់ ដែលធ្វើឱ្យចំនួនមនុស្សបាត់បង់ជីវិតកើនដល់៣នាក់ ស្របពេលដែលភ្លៀងនៅតែធ្លាក់ចុះយ៉ាងជោកជាំ។
បើតាមសារព័ត៌មានជប៉ុន NHK កន្លងមកអាជ្ញាធរបានចេញសេចក្តីប្រកាសអាសន្នដ៏កម្រមួយ និងបានបង្គាប់ឱ្យជម្លៀសប្រជាជនប្រមាណ៨៥ម៉ឺននាក់ទៅកាន់ទីសុវត្ថិភាព ក្រោយមនុស្ស២នាក់បានបាត់បង់ជីវិត ដោយសារទឹកភ្លៀងបានបង្កជាទឹកជំនន់ និងគ្រោះបាក់ដីដ៏អាក្រក់នៅលើកោះ គ្យូស៊ុ ស្ថិតនៅភាគខាងត្បូងប្រទេសនៅថ្ងៃពុធនេះ។
ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះមហន្តរាយនេះ មិនត្រឹមតែបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនជប៉ុននោះទេ តែថែមទាំងធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការដឹកជញ្ជូនសាធារណៈ និងអាជីវកម្មផ្សេងៗផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុន បានប្រកាសអាសន្នខ្ពស់បំផុតកម្រិតទី៥ ដោយបានចេញការព្រមានជាបន្ទាន់ដល់ប្រជាជន ដែលរស់នៅលើកោះ គ្យូស៊ុ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់៕ធ.ដ