ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព គឺជាប្រធានបទដ៏សំខាន់ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀត នៅខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ និងបានស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវគណៈប្រតិភូ លោក លោកស្រីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តសៀមរាប ដែលជាតំបន់សំបូរដោយបេតិកភណ្ឌពិភពលោក និងជាទីក្រុងដ៏ស្ដុកស្ដម្ភ និងអច្ឆរិយៈនៃអាណាចក្រខ្មែរសម័យអង្គរ។

សម្តេចពិជ័យសេនា ក៏បានកោតសរសើរចំពោះក្រសួងសុខាភិបាលកម្ពុជា ដែលបានបំពេញភារកិច្ចដោយជោគជ័យ និងជាទីមោទនៈក្នុងនាមជាប្រធានប្ដូរវេនសុខាភិបាលអាស៊ាន និងការដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សុខាភិបាលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ សម្តេចពិជ័យសេនា ក៏សូមវាយតម្លៃខ្ពស់ចំពោះក្រសួងសុខាភិបាលជាពិសេសឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដឹកនាំបដិវត្តន៍គំនិតផ្ដួចផ្ដើមស្ដីអំពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ហើយបានដាក់ចេញនូវយន្តការអនុវត្តន៍ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ព្រមទាំងខិតខំបន្តតាមដានត្រួតពិនិត្យការផលលិត ឬលំហូរចូលនៃឱសថក្លែងក្លាយ និងអន់គុណភាព។

កម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលប្រទេសសមាជិកអាស៊ានទាំងអស់ បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ កន្លងមកកម្ពុជាបានអនុវត្តន៍ក្របខ័ណ្ឌគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឆ្នាំ២០១៦, ២០១៥ ដោយប្រកាន់យកអភិក្រមនៃការឈានជាជំហានជំហានឆ្ពោះទៅកាន់ការគ្រប់គ្រងសុខភាពជាសកល ស្របជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ គឺគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើនធនធាន និងការវិនិយោគជាច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធសុខាភិបាលតាមរយៈការបង្កើនថវិកាជាតិ សម្រាប់ពង្រីកការគ្រប់ដណ្ដប់កម្មវិធីមូលនិធិសមធម៌ ដើម្បីជួយប្រជាជនក្រីក្រ កម្មករនិយោជិត ក្រៅប្រព័ន្ធ និងប្រជាជនជាគោលដៅមួយចំនួនផ្សេងទៀត ឲ្យចៀសផុតពីហានិភ័យហិរញ្ញវត្ថុ នៅពេលមកប្រើប្រាស់សេវាថែទាំពិនិត្យនិងព្យាបាលសុខភាព។

ទន្ទឹមនេះ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពក៏ត្រូវបានពង្រីកការគ្រប់ដណ្ដប់ដោយមន្ត្រីសាធារណៈនៃមន្ត្រីរាជការ និងអតីតយុទ្ធជនព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដល់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ដូច្នេះការគ្រប់ដណ្ដប់សុខភាពជាសកល គឺជាគោលដៅសុខភាពដែលមនុស្សទាំងអស់គ្នានឹងទទួលបាននូវសេវាសុខភាពល្អប្រសើរដោយមិនមានរបាំងហិរញ្ញវត្ថុ។

ដូចរបាយការណ៍អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ បង្ហាញថាវឌ្ឍនភាពឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាពជាសកល មិនដូចគ្នានៅគ្រប់ប្រទេសទាំងអស់ទេ។ រដ្ឋាភិបាលនៅលើសកលលោកបានចំណាយជាមធ្យម៥១% នៃចំណាយលើសុខភាពទូទៅក្នុងប្រទេស និងជាង ៣៥% គឺជាចំណាយថវិកាផ្ទាល់ពីហោប៉ៅរបស់អ្នកជំងឺ និង១៤%ផ្សេងទៀត បានមកពីប្រព័ន្ធធានារ៉ាប់រង និងការគាំទ្រពីស្ថាប័នឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ នៅទូទាំងពិភពលោកប្រជាជនប្រមាណ១៥០លាននាក់ ទទួលរងនូវវិបត្តិហិរញ្ញវត្ថុជារៀងរាល់ឆ្នាំ ដែលនៅក្នុងនោះមានប្រជាជនប្រមាណ១០០លាននាក់ ឋិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ ដោយសារតែចំណាយលើសេវាសុខភាព។

ទន្ទឹមនេះបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាពគឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ ដែលប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ ទាំងនៅក្នុងប្រទេសតំបន់ និងសាកលលោក។ ដូចខ្ញុំបានលើកឡើងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ មហាអនុតំបន់ទន្លេមេគង្គស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ប្រសិនបើយើងប្រើប្រាស់ឱសថអន់គុណភាពព្យាបាលជំងឺ អាចធ្វើឲ្យជំងឺកាន់តែធ្ងន់ ហើយអាចប៉ះពាល់ដល់អាយុជីវិត និងធ្វើឲ្យខាតបង់ថវិកាផ្ទាល់ខ្លួនក៏ដូចជាខាតបង់ថវិការដ្ឋផងដែរ។

ជាការពិតឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កគ្រោះថ្នាក់ដល់សុខភាពសុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នឱសថក្លែងក្លាយ និងអន់គុណភាពកំពុងរីករាលដាលគួរឲ្យព្រួយបារម្ភ ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថតាមប្រព័ន្ធអនឡាញគ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីការត្រឹមត្រូវ។ ទន្ទឹមនេះយន្តការនៃការគ្រប់គ្រងគុណភាពឱសថក្នុងពេលផលិត និងចរាចរណ៍សុទ្ធនៅលើទីផ្សារមិនមានប្រសិទ្ធភាពហើយការផ្សព្វផ្សាយដល់ប្រជាជនឲ្យបានយល់ដឹងពីឱសថក្លែងក្លាយនៅមានកម្រិត។ កត្តាទាំងអស់នេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ដល់សុខភាព និងអាយុជីវិតប្រជាជន។

ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាមួយនឹងទិសដៅសម្រាប់អនាគតនៃសុខមាលភាពសហគមន៍អាស៊ាន គឺទាំងអស់គ្នាមានសុខភាពកាន់តែល្អប្រសើរ សម្តេចពិជ័យសេនា បានចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គពិធីរួមមាន៖

ទី១)ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ និងជំរុញការអនុវត្តសកម្មភាពដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាលនៅក្នុងតំបន់អាស៊ានទាំងមូលឲ្យកាន់តែប្រសើរ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាពសេវាសុខាភិបាល។

ទី២)អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្នែកសុខភាពសាធារណៈ ជាពិសេសការផ្ទុះឡើងនៃជំងឺឆ្លងនៅក្នុងតំបន់អាស៊ាន និងគ្រោះមហន្តរាយនានាដែលបង្កឡើងដោយសារការផ្លាស់ប្ដូរអាកាសធាតុ។

ទី៣)អាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាតនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ តាមរយៈការជួយបំពេញឲ្យគ្នាទៅវិញទៅមកនូវចំណុចខ្វះខាត ជួយកសាងសមត្ថភាពបច្ចេកទេសបច្ចេកវិទ្យាទំនើប និងធនធានមនុស្ស ជាពិសេសត្រូវ បំពាក់បំប៉ននូវចំណេះដឹង និងជំនាញបច្ចេកទេសស្របតាមនាងនិយាមអន្តរជាតិ និងបច្ចេកវិទ្យាទំនើប ដើម្បីផ្ដល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពជឿជាក់។

ទី៤)អាស៊ានត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់នៃវិស័យសុខាភិបាល ចែករំលែកនូវព័ត៌មានចំណេះដឹងបទពិសោធន៍បច្ចេកវិទ្យានិងបច្ចេកទេសជាប្រចាំ ដើម្បីរិះរកវិធីសាស្ត្រ និងតម្រូវការចាំបាច់សម្រាប់អនុវត្តន៍រួមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះក្រុមហ៊ុនតៈរ៉ាយនានា នៅក្នុងបណ្ដាប្រទេសអាស៊ាននិងនៅក្នុងតំបន់។

ទី៥)អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាពតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិវិស័យ ការបន្តពង្រឹងក្របខ័ណ្ឌច្បាប់ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេសតាមដានស្រាវជ្រាវជាប្រចាំ និងការបន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។

និងទី៦)អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និងសកលលោកដែលមានស្រាប់ និងបង្កើតយន្តការ ឬគោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាសម្រាប់ការទប់ស្កាត់ឱសថក្លែងក្លាយ និងអន់គុណភាព។

ជាចុងបញ្ចប់សម្តេច សង្ឃឹមថាកិច្ចប្រជុំនាពេលនេះ នឹងបន្តពិភាក្សាគ្នាកាន់តែល្អិតល្អន់ថែមទៀត ដើម្បីបានធាតុចូលសំខាន់ៗទាក់ទងនឹងយន្តការ និងផែនការសកម្មភាពចូលរួមក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីដាក់ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ខាងមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner