ក្រោយរងការរិះគន់ អាល្លឺម៉ង់ថាខ្លួនមិនប្រឆាំងប៉ូឡូញជុំវិញការ បញ្ជូន រថក្រោះ ឱ្យអ៊ុយក្រែននោះទេ

បែរឡាំង៖អ្នកការទូតកំពូលរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃ អាទិត្យ ថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងមិនជំទាស់ទេ ប្រសិនបើប៉ូឡូញសម្រេច ចិត្តបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការ វាយ លុយកាន់តែខ្លាំងឡើងរបស់រុស្ស៊ី។

ការបង្ហាញជំហររបស់អាល្លឺម៉ង់នេះធ្វើឡើងបន្ទាប់ពីក្រុងបែរឡាំងរងការរិះគន់យ៉ាងចាស់ដៃទាំងក្នុងស្រុកនិងពីសំណាក់បណ្ដាប្រទេសសម្ព័ន្ធមិត្ត ចំពោះ ការរុញរាចិត្តមិនបញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនទៅឱ្យអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អ៊ែនណាលេណា ប៊ែរបក់ខ៍ (Annalena Baerbock) បានប្រាប់ទូរទស្សន៍បារាំង LCI នៅថ្ងៃអាទិត្យថា ប៉ូឡូញមិនទាន់បានស្នើសុំការយល់ព្រមពីទីក្រុងបែរឡាំង ដើម្បីបញ្ជូន រថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន នៅ ឡើយទេ ប៉ុន្តែបន្តថា អាល្លឺម៉ង់ក៏នឹងមិនរារាំងផ្លូវដែរ ប្រសិនបើប៉ូឡូញ ស្នើធ្វើដូច្នេះ។ នេះបើតាមការដកស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មាន AP ។

លោកស្រី ប៊ែរបក់ខ៍ បានថ្លែងទៀតថា មន្ត្រីអាល្លឺម៉ង់ដឹងពីថាតើរថក្រោះ របស់ ខ្លួនមានសារៈសំខាន់ប៉ុណ្ណា៖ «នេះជាមូលហេតុដែលយើង កំពុង ពិភាក្សាអំពីបញ្ហានេះជាមួយដៃគូរបស់យើង»។

គួរបញ្ជាក់ថា ក្នុងអំឡុងកិច្ចប្រជុំនៅឯមូលដ្ឋានទ័ពអាកាស Ramstein នៅ អាល្លឺម៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រទេសម្ចាស់ជំនួយចំនួន ៥០ បាន យល់ព្រមផ្តល់ឱ្យអ៊ុយក្រែននូវសម្ភារៈយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារ រួមទាំងរថពាសដែក និងអាវុធយុទ្ធភណ្ឌដែលប្រទេសនេះត្រូវការ ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានថ្លែងប្រាប់អ្នក យកព័ត៌មានថា ទោះបីជាមានការរំពឹងទុកខ្ពស់ក៏ដោយ «យើងនៅតែមិន អាចនិយាយបានថា តើការសម្រេចចិត្តនឹងត្រូវធ្វើឡើងនៅពេលណា ហើយ ការសម្រេចចិត្តនឹងទៅជាយ៉ាងណា ចំពោះការផ្ដល់រថក្រោះ Leopard 2 »។
គេមើលឃើញថា ទោះបីជាអាល្លឺម៉ង់ជាម្ចាស់ជំនួយយោធាដ៏ធំរបស់ អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចូលឈ្លានពាននៅចុងខែកុម្ភៈឆ្នាំមុន រដ្ឋាភិបាលក្រុងបែរឡាំងតែងមានការប្រុងប្រយ័ត្ន ឬរុញរាលើការផ្ដល់ ជំនួយយោធាអ៊ុយក្រែន។ ភាពស្ទាក់ស្ទើរចុងក្រោយរបស់អាល្លឺម៉ង់ ធ្វើឱ្យមានការរិះគន់ធ្ងន់ៗ ជាពិសេសពីប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ដែលជាប្រទេសណាតូស្ថិតនៅភាគខាងកើត ហើយមានអារម្មណ៍ថាខ្លួន ងាយរងការគំរាមកំហែងជាងគេពីរុស្ស៊ី។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉េដធូស ម៉ូរ៉ាវីគី (Mateusz Morawiecki) បានប្រកាសថា ប្រសិនបើប្រទេសជាសមាជិកអង្គការណាតូ និងសហភាព អឺរ៉ុប មិនយល់ព្រមក្នុងការផ្ដល់រថក្រោះ Leopard ទៅឱ្យអ៊ុយក្រែនទេ ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតសម្ព័ន្ធភាពតូចមួយ ដើម្បីបញ្ជូនសព្វាវុធប្រភេទនេះទៅអ៊ុយក្រែន។

លោក ម៉ូរ៉ាវីគី បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋប៉ូឡូញ PAP ដែលចេញផ្សាយនៅថ្ងៃអាទិត្យថា៖ «ជិតមួយឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ ភ័ស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមរបស់ កងទ័ព រុស្ស៊ី ក៏មានលើកញ្ចក់ទូរទស្សន៍ និងនៅលើយូធូប។

តើអាល្លឺម៉ង់ត្រូវការអ្វីទៀត ដើម្បីបើកភ្នែក ហើយចាប់ផ្តើមធ្វើសកម្មភាព ស្របតាមសក្ដានុពលនៃរដ្ឋអាល្លឺម៉ង់?»។

កន្លងមក មន្ត្រីប៉ូឡូញមួយចំនួនបានអះអាងថា ហ្វាំងឡង់ និងដាណឺម៉ាក ក៏បានត្រៀមបញ្ជូនរថក្រោះ Leopard ទៅអ៊ុយក្រែនផងដែរ ខណៈ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ថា ភាពស្ទាក់ស្ទើរ នៃការ ផ្ដល់អាវុធប្រភេទនេះ កំពុងសម្លាប់ប្រជាជនអ៊ុយក្រែន។

គេសង្កេតឃើញមានសម្ព័ន្ធមិត្តជាច្រើន បានបន្ទរការទាមទាររបស់ ប្រធានាធិ បតី អ៊ុយក្រែនលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី ដោយថា រថក្រោះទំនើប Leopard មានសារៈសំខាន់សម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនជាមួយរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលគេចាត់ទុកថាជាការរិះគន់ជា សាធារណៈដ៏កម្រលើអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋបាល់ទិក ទាំងបីរួមមាន ប្រទេសឡេតូនី អេស្តូនី និងលីទុយអានី បានអំពាវនាវ ឱ្យអាល្លឺម៉ង់ផ្តល់រថក្រោះ Leopard ដល់អ៊ុយក្រែនឥឡូវនេះ។

រដ្ឋមន្ត្រីការបរទេសឡេតូនី លោក អេដហ្គាស៍ រីនគេវីកស៍ (Edgars Rinkēvičs) និយាយលើសេចក្ដីថ្លែងការណ៍ថា៖ «វា(ការបញ្ជូនរថក្រោះ) ចាំបាច់ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី ជួយអ៊ុយក្រែន និងស្តារ សន្តិភាពនៅអឺរ៉ុបឱ្យបានឆាប់រហ័ស។ អាល្លឺម៉ង់ជាមហាអំណាចអឺរ៉ុបឈានមុខគេ មានទំនួលខុសត្រូវពិសេស ក្នុងរឿងនេះ»។
ជុំវិញបញ្ហានេះ ប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin បាននិយាយព្រមានកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលដែលផ្តល់អាវុធ ទំនើបៗ ជាងមុនដល់អ៊ុយក្រែន ប្រថុយនឹងបង្កឱ្យមាន «សោកនាដកម្មសកល ដែលនឹងបំផ្លាញប្រទេសរបស់ពួកគេ»។

លោក Volodin បានបន្តថា៖ «ការផ្គត់ផ្គង់អាវុធវាយលុកដល់របបក្រុងកៀវ នឹងនាំឱ្យមានមហន្តរាយជាសកល។ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និង អង្គការណាតូផ្គត់ផ្គង់អាវុធ ដែលនឹងប្រើប្រាស់សម្រាប់ការវាយលុកទី ក្រុងដែលមានសន្តិភាពផ្សេងៗ និងការប៉ុនប៉ងដណ្តើមយកទឹកដីរបស់យើង ដូចដែលពួកគេគម្រាមធ្វើនោះ វានឹងបង្កឱ្យមានការសងសឹកជាមួយ នឹងអាវុធដ៏ខ្លាំងក្លាថែមទៀត»។

ទោះបីជាយ៉ាងនេះក្ដី ប្រធានាធិបតិបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងក្នុងពិធីប្រារព្ធខួបលើកទី ៦០ នៃសន្ធិសញ្ញាមិត្តភាពក្រោយ សង្គ្រាមលោកលើកទី២រវាងបារាំង-អាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ ជាមួយ នឹងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សុលហ្ស៍ ថា លោកបានស្នើសុំ ឱ្យរដ្ឋមន្ត្រីការពារជាតិធ្វើការលើគំនិតនៃការបញ្ជូនរថក្រោះប្រយុទ្ធបារាំង Leclerc មួយចំនួនទៅអ៊ុយក្រែន។

លោក ម៉ាក្រុង ថ្លែងទៀតថា ជំនួយរថក្រោះរបស់បារាំងនឹងផ្អែកលើ លក្ខណៈ វិនិច្ឆ័យចំនួនបី គឺថា វានឹងមិនធ្វើឱ្យភាពតានតឹងនៃជម្លោះកើនឡើង វា មានប្រសិទ្ធិភាព ហើយមិនធ្វើឲ្យកម្លាំងយោធារបស់បារាំងចុះខ្សោយ។
ខណៈមេដឹកនាំបារាំង និងអាល្លឺម៉ង់ទាំងពីរ ប្តេជ្ញាជាថ្មីចំពោះការគាំទ្រដោយ មិនងាករេសម្រាប់អ៊ុយក្រែន លោក សុលហ្ស៍ មិននិយាយយ៉ាងណាទេ អំពី ការបញ្ជូនរថក្រោះ Leopard 2 ឱ្យអ៊ុយក្រែន នៅពេលអ្នកកាសែតចោទសួរ ប៉ុន្តែលោកសង្កត់ធ្ងន់ថា អាល្លឺម៉ង់បានធ្វើការបរិច្ចាគយោធាយ៉ាងច្រើនដល់ អ៊ុយក្រែនរួចហើយ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនមានសេចក្ដីរាយការណ៍ផ្សេងដែល ស្រង់សម្ដីមន្រ្តីអាល្លឺម៉ង់ដែលនិយាយថា អាល្លឺម៉ង់បញ្ជូន Leopard 2 លុះត្រាតែអាមេរិកបញ្ជូនរថក្រោះ Abrams របស់ខ្លួនដែរ។ ប៉ុន្តែក្រុងវ៉ាស៊ីនតោនលើកឡើងថា ការផ្ដល់របស់ខ្លួនទៅឱ្យអ៊ុយក្រែន មិនអាចធ្វើទៅបានទេ ដោយសារតែការលំបាកផ្នែកហ្វឹកហាត់ និងការថែទាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ហ្កាដឌៀន កាលពីថ្ងៃសៅរ៍។ ចំណែក AP រាយការណ៍នៅថ្ងៃអាទិត្យថា មន្រ្តីសមាជិកសភានាំមុខមួយ ចំនួនកំពុងជំរុញលើដំណើរការនេះ។

គួររំឭកផងដែរថា ការបញ្ជូនសព្វាវុធរបស់លោកខាងលិចតែងរង ការ ព្រមានជារឿយៗពីរុស្ស៊ីជា ដែលទទូចមិនដាច់ពីមាត់ថា វានឹងបង្កើន ភាពតានតឹងនៃសង្រ្គាម ហើយប្រឈមមុខនឹងការសងសឹករបស់ក្រុងមូស្គូ។ ទាំងលោកខាងលិច និងអ៊ុយក្រែនទាត់ចោលការលើកឡើងបែបនេះ ដោយចង្អុលបង្ហាញពីអាទិភាពការពារខ្លួន ប្រឆាំងនឹងទ័ពឈ្លានពានរុស្ស៊ី។

ថ្មីនេះៗ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Oleksii Danilov បានព្រមានថា រុស្ស៊ីអាចនឹងព្យាយាមបង្កើនការវាយ ប្រហាររបស់ខ្លួននៅភាគខាងត្បូង និងភាគខាងកើត និងកាត់ផ្តាច់ បណ្តាញ ផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិច ខណៈការដណ្តើមយក ទីក្រុងកៀវ នៅតែជាក្ដីស្រម៉ៃចម្បងរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន៕ ដោយ៖ ហួន ឌីណា

ads banner