ជប៉ុនឈរនៅលំដាប់លើគេក្នុងចំណោមអ្នកវិនិយោគបរទេសនៅថៃកាលពីឆ្នាំ២០២២

តូក្យូ៖ ជប៉ុនឈរនៅលំដាប់លើគេក្នុងចំណោមអ្នកវិនិយោគបរទេសនៅថៃ។នេះបើតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មថៃ ដែលចេញ ផ្សាយកាលសប្ដាហ៍មុន។

ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា អង្គភាពអាជីវកម្មបរទេសចំនួន៥៨៣ បាន បើកអាជីវកម្មនៅថៃកាលពីឆ្នាំមុន ដោយមានទុនវិនិយោគសរុប ប្រមាណ ជាង ១២៨ពាន់លានបាត។អ្នករកស៊ីបរទេសទាំងនោះ បាន ជួលបុគ្គលិកថៃចំនួន ៥.២៥៣ នាក់។

លោក Sinit Lertkrai រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាននិយាយថា វិនិយោគិនបរទេសចំនួន២១៨ នាក់បានប្រើប្រាស់អាជ្ញាប័ណ្ណអាជីវកម្ម សម្រាប់ការវិនិយោគរបស់ពួកគេនិងអង្គភាពចំនួន៣៦៥ប្រើវិញ្ញាបនបត្រអាជីវកម្ម។
លោក Sinit បាននិយាយថា៖« វិនិយោគបរទេសទាំងប្រាំដែលនាំមុខនៅថៃ រួមមាន ប្រទេសជប៉ុន១៥១អង្គភាព សិង្ហបុរី៩៨អង្គភាព សហរដ្ឋអាមេរិក ៧១អង្គភាព ហុងកុង៤៣អង្គភាព និងប្រទេសចិន៣១អង្គភាព»។

របាយការណ៍របស់ក្រសួងពាណិជ្ចកម្មថៃបង្ហាញថាចំនួនវិនិយោគិនបរទេសដែលបានបើកអាជីវកម្មនៅក្នុងប្រទេសថៃនៅឆ្នាំ២០២១មានចំនួន៥២០។ ទោះជាយ៉ាងណាក៏ដោយបរិមាណនៃការវិនិយោគបានកើនឡើងយ៉ាងខ្លាំង។
លោក Sinit បានបន្ថែមថា ៖ «វិនិយោគិនបរទេសភាគច្រើនធ្វើអាជីវកម្ម ស្របតាមគោលនយោបាយរបស់ប្រទេសថៃក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងឧស្សាហកម្មគោលដៅ»។

លោក Sinit បាននិយាយថា អង្គភាពបរទេសចំនួន១១៩ បានវិនិយោគ ប្រាក់ចំនួនជាង៥២ពាន់លានបាតនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេសថៃ ដែលស្មើនឹង ២០ភាគរយនៃការវិនិយោគក្នុងស្រុកសរុប និងស្មើប្រមាណ៤១ភាករយនៃចំនួនវិនិយោគបរទេសសរុប។

លោកបានបន្តថា៖ «វិនិយោគិនបរទេសភាគច្រើនក្នុងច្រករបៀងសេដ្ឋកិច្ច ភាគខាងកើត (EEC) មកពីប្រទេសជប៉ុន (៤៧)អង្គភាព បន្ទាប់មកគឺ ប្រទេស ចិន និងសិង្ហបុរី (១១)អង្គភាព។ពួកគេ វិនិយោគលើការអភិវឌ្ឍ ប្រព័ន្ធគ្រប់គ្រងរោងចក្រ និងឃ្លាំង ក៏ដូចជាវិស្វកម្ម និងសេវាកម្មបច្ចេក ទេស»៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner