ក្រសួងពាណិជ្ជកម្ម៖ ការនាំចូលទំនិញពីព្រុយណេមកកម្ពុជានៅឆ្នាំ២០២២ កើនជិត៤០ដងបើធៀបនឹងឆ្នាំ២០២១

អត្ថបទដោយ៖
CPA

ភ្នំពេញ៖យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅ ឆ្នាំ២០២២ការនាំចូលទំនិញពីព្រុយណេមកកម្ពុជាកើនជិត៤០ដងបើធៀបនឹងឆ្នាំ២០២១។ក្រសួងឱ្យដឹងទៀតថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និង ប្រទេស ព្រុយណេ នៅក្នុងឆ្នាំ២០២២ មានទំហំទឹកប្រាក់ប្រមាណ ជាង ២១លាន ដុល្លារអាមេរិក កើនឡើងជាង២៧៥ភាគរយបើធៀបនឹងរយៈ ពេលដូចគ្នា ក្នុងឆ្នាំ២០២១។

ចំពោះការនាំចូលពីព្រុយមកកម្ពុជាវិញក្នុងទំហំទឹកប្រាក់សរុបជាង ១២,៧លានដុល្លារ កើនជិត៤០ដងឬ ជាង៣៩ម៉ឺនភាគរយ ដោយ ភាគច្រើនជាផលិតផលឧស្ម័នសម្រាប់ដុត និងជីកសិកម្ម។

នៅក្នុងរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ទៀតថា៖« ក្នុងឆ្នាំ ២០២២ ការនាំចូលជីកសិកម្មពីប្រទេសព្រុយណេ មាន តម្លៃទឹកប្រាក់ សរុបជាង១០,៣លានដុល្លារ ,ផលិតផលឧស្ម័នសម្រាប់ដុត មានតម្លៃ ជាង២,៣លានដុល្លារ។

ដោយឡែកកម្ពុជានាំចេញទៅប្រទេសព្រុយណេវិញគឺ អង្ករ ដែលមាន តម្លៃ ទឹកប្រាក់ជាង៨,៨លានដុល្លារ កើនឡើងជាង៥៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១»។

ជុំវិញកំណើននៃការនាំចូលជីកសិកម្មពីប្រទេសព្រុយណេនេះដែរ ត្រូវបាន ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋ លេខាធិការក្រសួងកសិកម្ម បានប្រាប់ថា ដោយសារតែការផលិត ជីកសិកម្ម នៅក្នុងស្រុក នៅមានកម្រិតនៅឡើយ ទើបជំរុញឱ្យការនាំចូលជីកសិកម្ម ពីក្រៅប្រទេសច្រើន ដែលការណ៍បានធ្វើឱ្យកសិករជួបប្រទះបញ្ហា ប្រឈម ទាក់ទងនឹងការចំណាយថ្លៃដើមច្រើន និងការធ្វើឱ្យដីខូចជីជាតិ ដោយសារ ការ ប្រើប្រាស់មិនបានត្រឹមត្រូវ។

ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ននេះក្រសួងកសិកម្ម កំពុងធ្វើស្ថិតិដោយ ប្រមូលទិន្នន័យពីការផ្គត់ផ្គង់និងការប្រើប្រាស់ជីកសិកម្មរបស់ប្រជាពលរដ្ឋ ដើម្បីរៀបចំយន្តការនានា ក្នុងជំរុញឱ្យកសិករប្រើប្រាស់ជីសរីរាង្គ ដែល ផលិតនៅក្នុងស្រុក ដើម្បីឱ្យការធ្វើកសិកម្មរបស់កម្ពុជាប្រកបដោយ និរន្តភាព។

ឯកឧត្តមបានបញ្ជាក់ថា៖« ការគិតគូរ បង្កើនការផលិតជីកសិកម្មក្នុងស្រុក គឺជារឿងមួយដែលសំខាន់ខ្លាំងណាស់ ជាពិសេសជីធម្មជាតិ ដោយចាប់ ផ្តើមពីកម្រិតគ្រួសារកសិករខ្នាតតូច និងមធ្យមជាដើម។ការនាំចូលជីកសិកម្មប្រទេសជួបបញ្ហាប្រឈម ដោយសារជីឡើង ថ្លៃ ក្រោយ មានវិបត្តិសង្រ្គាម បើទោះជាក្រសួងខិតខំរកដំណោះស្រាយយ៉ាងណា ជាមួយ ខាងក្រុមហ៊ុនឯកជនក៏ដោយ នៅតែពិបាក។ដូច្នេះទើបយើងផ្តួច ផ្តើមឱ្យ មានការផលិតជីធម្មជាតិក្នុងស្រុក ដែលកសិករនីមួយៗយ៉ាងធ្វើបាន»។

ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់ជីគីមីដែលនាំចូលពីក្រៅប្រទេស សុទ្ធសាធ នឹងអាចធ្វើឱ្យប៉ះពាល់ដល់ដីនាពេលអនាគត ដូចក្រសួង តែងណែនាំដល់ប្រជាកសិករ ឱ្យប្រើប្រាស់ជីវធម្មជាតិដូចជា លាមកសត្វ និងស្លឹកឈើរលួយ គួបផ្សំ ទើបមិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់គុណភាពដី។
លោក អែម ផល្លា កសិកររស់នៅឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអះអាងថា ការប្រើប្រាស់ជីគីមីនាំចូល អាចផ្តល់ទិន្នផលបាន ច្រើន ជាងប្រើជីសរីរាង្គ ឬជីគីមីដែលផលិតនៅស្រុក ប៉ុន្តែលោកត្រូវចំណាយ ថ្លៃផលិតច្រើន ជាពិសេសនៅអំឡុងពេលវិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យតម្លៃជីវកាន់តែឡើងថ្លៃខ្លាំងទៀត។

លោកប្រាប់បន្ថែមថា៖« បច្ចុប្បន្ននេះ ជីកសិកម្ម បានចុះថ្លៃបន្តិចមកវិញ ពោលគឺចុះពីមួយបាវ១៨ម៉ឺនរៀល មកនៅត្រឹម១៣ម៉ឺនរៀល ។ប៉ុន្តែតម្លៃនេះនៅតែថ្លៃ ខណៈដែលពីមុនតម្លៃត្រឹមប្រាំបីម៉ឺនរៀលប៉ុណ្ណោះ។យើងដឹងថា ការប្រើជីគីមីខ្លាំងពេក នឹងធ្វើឱ្យប៉ះពាល់ច្រើនដល់សុខភាព និងដីកសិកម្ម ប៉ុន្តែយើងគ្មានជម្រើសទេ។នៅខាងភូមិខ្ញុំ កសិករបានប្រើជី លាមកសត្វផ្សំខ្លះ ទើបមិនសូវប៉ះពាល់ខ្លាំងដល់គុណភាពដី»។

ក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ បានអះអាងថា ដើម្បីបន្តអនុវត្ត និង ជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ ចំណេញសម្រាប់ប្រជាកសិករ ក្រសួងកសិកម្មបន្តស្វាគមន៍ និងលើកទឹក ចិត្តដល់បណ្តាក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម ប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែក ចាយ ក្នុងស្រុក ឱ្យមកដាក់ពាក្យស្នើសុំនៅក្រសួងកសិកម្ម។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ការនាំចូលជីកសិកម្មរបស់កម្ពុជាមាន ទំហំទឹកប្រាក់ប្រមាណជាង២៧៦លានដុល្លារ ធ្លាក់ចុះជិត ៣,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា៕
ដោយ៖វណ្ណ សុជាតា

ads banner