អង្គការជីវិតធម្មជាតិ៖ ស្រូវមិត្តក្រៀលចំនួនប្រមាណជា៧៥តោន ត្រូវបាន ទិញពីកសិករក្នុងតម្លៃខ្ពស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អង្គការជីវិតធម្មជាតិ (NatureLife Cambodia Organization) បានឱ្យដឹងថា ក្រោយពីបញ្ចប់ការច្រូតកាត់ស្រូវមិត្តក្រៀលឆ្នាំ២០២២ មានកសិករចំនួន៤៩គ្រួសារបានលក់ស្រូវរបស់គាត់ចំនួនប្រមាណ៧៥តោនដោយឡែក៥១គ្រួសារទៀតបានសម្រេចទុកស្រូវដែលផលិតបានទាំងអស់សម្រាប់បរិភោគ។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិ បានឱ្យដឹងថា ស្រូវ មិត្ដក្រៀល គឺជាគម្រោងដែលផ្តួចផ្តើមឡើងក្នុងគោលបំណងផ្តល់ អាហារ មានសុវត្ថិភាពដល់សត្វក្រៀលនិងបង្កើនជីវភាពសហគមន៍ មូលដ្ឋាន។
អង្គការនេះបានបញ្ជាក់ថា ៖ «កាលពីខែធ្នូកន្លងមកនេះក្រុមការងារយើង បានធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករសហគមន៍ស្រូវមិត្តក្រៀលចំនួន១០០គ្រួសារដែលមានដីស្រែនៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងឃុំបឹងសាលាខាងត្បូងនិងឃុំព្រែកក្រឹសនៃស្រុកកំពង់ត្រាច ខេត្តកំពត»។
ទីតាំងដីសើមនាតំបន់ការពារទេសភាពនេះគឺជាទីតាំងដ៏សំខាន់ក្នុងការគាំទ្រដល់ការរស់នៅរបស់សត្វក្រៀលនារដូវមិនបន្តពូជចាប់ពីខែធ្នូ ដល់ខែ ឧសភា។

ស្រូវដែលបន្សល់នៅក្នុងស្រែរបស់ប្រជាកសិករគឺជាចំណីរបស់សត្វក្រៀលដែលកំពុងរងគ្រោះជិតផុតពូជ។ នេះបើតាមការលើកឡើងបន្ថែមពី អង្គការជីវិតធម្មជាតិ។

ប្រភពដដែលបញ្ជាក់ទៀតថា កសិករដែលចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ ត្រូវ បានផ្តល់ពូជ និងជីសរីរាង្គដោយមិនគិតថ្លៃ និងត្រូវគោរពតាម លក្ខខណ្ឌ ចំនួន១២ ក្នុងនោះមានដូចជាដាំដុះពូជស្រូវប្រចាំតំបន់ដែលមានឈ្មោះថា សម្បកកាទឹម និងពងលលកដែលក្រៀលចូលចិត្ដស៊ី និងកាត់បន្ថយការប្រើ ប្រាស់ថ្នាំពុល និងជីគីមីយ៉ាងតិច៣០ភាគរយ ដើម្បីចូលរួមកាត់បន្ថយផល ប៉ះពាល់ដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះជាពិសេស សត្វក្រៀល។

អង្គការជីវិតធម្មជាតិបញ្ជាក់ថា ៖ «កសិករដែលបានគោរពតាមលក្ខខណ្ឌ ទាំងនេះអង្គការនឹងទទួលទិញស្រូវក្នុងតម្លៃ៥ភាគរយខ្ពស់ជាងទីផ្សារ។ ក្រោយពីបញ្ចប់ការច្រូតកាត់ឆ្នាំ២០២២នេះមានកសិករចំនួន៤៩គ្រួសារបានលក់ស្រូវរបស់គាត់ចំនួនប្រមាណ៧៥តោន។ ដោយឡែក៥១គ្រួសារទៀត បានសម្រេចទុកស្រូវដែលផលិតបានទាំងអស់សម្រាប់រិភោគ»។

បន្ថែមពីនេះទៅទៀត កសិករដែលបន្សល់ស្រូវក្នុងស្រែចំនួន៥ភាគរយ សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀល គម្រោងផ្ដល់សំណងជូនជាថវិកា ផងដែរ។ អង្គការជីវិតធម្មជាតិ បានបន្ថែម ដោយបញ្ជាក់ថា អង្ករមិត្ត ក្រៀល គឺជាកសិផលដែលគិតគូរដល់ប្រព័ន្ធអេកូឡូស៊ី ផ្តល់ចំណីបន្ថែមដល់ សត្វក្រៀល និងជាអង្ករដៃលផ្តល់សុវត្ថិភាពសម្រាប់មនុស្ស។

សូមរំឮកផងដែរថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិត ធម្មជាតិ នៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រ ពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោល បំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វ ក្រៀលនៅកម្ពុជា។

សត្វក្រៀលដែលជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ( IUCN Red List)។
ទាក់ទងនឹងស្រូវមិត្តក្រៀលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងអ្នកនាំ ពាក្យក្រសួងបរិស្ថាន ធ្លាប់បានប្រាប់ឱ្យដឹងថា ប្រភេទស្រូវដែលដាំ គឺ ជាប្រភេទពូជស្រូវប្រចំាតំបន់ និងជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរពលក្ខខណ្ឌមិនបរបាញ់ មិនដាក់ អន្ទាក់ ឬប្រើថ្នាំពុលដើម្បីចាប់សត្វស្លាប មិនពង្រីកដីដំណាំ របស់ខ្លួន លើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីឡើយ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ការការពារ និងអភិរក្សសត្វក្រៀល ទទួលបាន ជោគជ័យ លុះត្រាតែមានការគិតគូរពីជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់»៕
ដោយ៖នាង សុគន្ធា

ads banner