អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យសហគមទេសចរណ៍ ព្រៃកោងកាង ព្រែកតាសុខជាតំបន់ គ្មានថង់ប្លាស្ទីក គ្មានការបំពុលបរិស្ថាន

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានធ្វើការអំពាវនាវ និងណែនាំ ទៅដល់ សហគមអេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ស្ថិតនៅ ភូមិដើមថ្កូវសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ត្រូវដាក់តំបន់នេះជាតំបន់ គ្មាន ថង់ ប្លាស្ទីក គ្មានការបំពុលបរិស្ថាន ដើម្បីជួយបង្កើតការងារជូនប្រជាពលរដ្ឋ តំបន់កោះឱ្យមានការងារធ្វើកាន់តែច្រើន ធ្វើឱ្យជីវភាពរបស់ពួកកាន់តែល្អ ប្រសើរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងដូចនេះ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងពេលលោក ដឹកនាំមន្ត្រីជំនាញចុះ ពិនិត្យតំបន់ទេសចរណ៍ធម្មជាតិអូរបីជាន់ ស្ថិតនៅភូមិព្រែកស្វាយ និង ចុះពិនិត្យសហគមអេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខនេះ។
សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខលាតសន្ធឹងតាមបណ្តោយព្រែកមានផ្ទៃដីទំហំប្រមាណ២០ហិកតា កំពុងត្រូវបានធ្វើការអភិវឌ្ឍ កែលម្អជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលនៅក្នុងតំបន់កោះរ៉ុង នៃខេត្តព្រះសីហនុ មិនមានការបំពុលបរិស្ថានដោយថង់ប្លាស្ទីក។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងកំលុងពេលនៃការចុះពិនិត្យនេះឯកឧត្តម គួច ចំរើប ក៏បានណែនាំ ឱ្យសហគមន៍ដាក់តំបន់នេះជាតំបន់ គ្មានថង់ប្លាស្ទីក) គ្មានការបំពុលបរិស្ថាន ដើម្បីជួយបង្កើតការងារជូនប្រជាពលរដ្ឋតំបន់កោះឱ្យមានការងារធ្វើកាន់តែច្រើន ធ្វើឱ្យជីវភាពរបស់ពួកកាន់តែល្អប្រសើរ។

លោកថា ៖ «ដោយសារព្រៃកោងកាងជាប្រភពទាក់ទាញភ្ញៀវទេសចរ បើ យើងចេះឆ្នៃប្រឌិតវាឱ្យស្របទៅតាមតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ទន្ទឹមនោះយើងក៏រត្រូវរៀបចំវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ដែលជា សមិទ្ធផល តំបន់កោះសម្រាប់ភ្ញៀវទេសចរបន្ថែមទៀត»។

ជាមួយគ្នានោះ អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យអាជ្ញាធរ មូលដ្ឋាន ក៏ដូចអាជ្ញាធរសង្កាត់ ក្រុង ពិសេសប្រជាពលរដ្ឋត្រូវយក ចិត្ត ទុកដាក់ចូលរួមថែរក្សា និងអភិរក្សព្រៃឈើឱ្យបានគង់វង្ស ព្រោះព្រៃឈើ ទាំងអស់នេះវានាំមកនូវប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋតំបន់កោះ និងជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវទេសចរបរទេសមក ពីតំបន់អ៉ឺរ៉ុបពួកគេចូលចិត្តទេសចរណ៍បែបធម្មជាតិ។
បច្ចុប្បន្នភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកកម្សាន្តព្រៃកោងកាងព្រែក តាសុខនេះ មានមកពីបណ្តារាជធានី-ខេត្ត ពិសេសនៅពេលមាន ពិធី បុណ្យជាតិ អន្តរជាតិម្តងៗ ដោយពួកគេមកលេងកម្សាន្តតំបន់កោះ មិនអាចភ្លេចសហគមន៍អេកូទេសចរណ៍ព្រៃកោងកាងនេះទេ ដែលកំពុង មានការអភិវឌ្ឍជាទីទាក់ទាញពីសំណាក់ភ្ញៀវទេសចរប្រកបដោយផាសុខភាព ព្រមទាំងមានបរិស្ថាន អនាម័យ ទទួលយកខ្យល់បរិសុទ្ធសម្រាប់ក្រុម គ្រួសារ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម គួច ចំរើន ក៏បានបង្ហាញពីការគាំទ្រនូវការបង្កើត ឱ្យ មានសហគមន៍ទេសចរណ៍ព្រែកកោងកាង និងណែនាំឱ្យប្រធាន សហគមន៍ ត្រូវខិតខំយកចិត្តទុកដាក់កែច្នៃតំបន់នេះ ឱ្យក្លាយជាតំបន់ អេកូទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ។
ឯកឧត្តមបានលើកឡើងថា ៖ «ទីតាំងនេះសម្បូរទៅដោយព្រៃកោងកាង រុក្ខជាតិដុះចម្រុះតាមបែបធម្មជាតិ ទន្ទឹមនឹងការការពារថែរក្សា អភិរក្ស យើងក៏ត្រូវរួមគ្នាធ្វើការដាំដុះកូនកោងកាងបន្ថែមទៀតឱ្យកាន់តែមានភាពស្រស់ស្អាត និងបៃតង»។
សូមបញ្ជាក់ថា សហគមអេកូទេសចរណ៍ព្រែកតាសុ ដែលស្ថិតនៅក្នុង ភូមិដើមថ្កូវនិងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មានផ្ទៃដី ២១ហិកតា ដែលបានបើកដំណើរការកាលពីចុងឆ្នាំ២០២១ កន្លង មកនេះក្នុងគោលបំណងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ឱ្យចេះស្រឡាញ់ ការពារបរិស្ថាន ថែរក្សា និងអភិរក្សធនធានធម្មជាតិ នៅក្នុងសហគមន៍៕
ដោយ៖នាង សុគន្ធា

ads banner