ប្រធានសាខាកាកបាទក្រហមខេត្តរតនគិរី ៖ ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹក ពង្រីកសម្មភាពនៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុត

រតនគិរី ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ថ្លែងថា ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹក ពង្រីកសម្មភាពនៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុត។

ឯកឧត្តមក៏បានលើកផងដែរពីផែនការសកម្មភាព និងផែនការថវិកា ត្រូវគិតគូរឱ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ។ ម៉្យាងទៀត រាល់ថវិកាដែលទទួលបានពីសប្បុរជននានា ក៏ត្រូវយកទៅ ធ្វើឲ្យចំគោលដៅ នៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឲ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភ ដល់ចលនាកាកបាទក្រហមកម្ពុជា នៅខេត្តរតនគិរី ។

ឯកឧត្តម ប្រធានគណកម្មាធិការបានចាត់ទុកកិច្ចប្រជុំនេះ
ជាឱកាសដ៏មានតម្លៃ និងជាវេទិកាដ៏គាប់ប្រសើរ ដើម្បីឲ្យសមាជិក សមាជិកានៃអង្គប្រជុំអាចធ្វើការ វាយតម្លៃ ដកស្រង់បទពិសោធន៍ការងារល្អៗ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ដែលសាខាបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅ ហើយអាចឲ្យយើងត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សាខាស្របតាមផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ របស់ កាកបាទក្រហមកម្ពុជា ដែលបានផ្តោតលើវិស័យអាទិភាពទាំង៤ ក្នុងន័យបង្កើនប្រសិទ្ធិភាព និងជំនឿទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងសប្បុរសជន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២៣ និងបណ្តាឆ្នាំខាងមុខនាអាណត្តិទី៥នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យការងារមនុស្សធម៌ក្នុងប្រទេសជាតិយើង ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជាគោលដោយផ្ដោតលើវិស័យអាទិភាពចំនួន ៤គឺ៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងបម្រែបម្រួលអាកាសធាតុ , សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ , លើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌ និង ការងារអភិវឌ្ឍស្ថាប័ន និងធនធាន ៕ ដោយ គតិ យុត្ត

ads banner