ចិននឹងចាប់ផ្តើមកម្មវិធីធ្វើដំណើរជាក្រុមទៅក្រៅប្រទេសឡើងវិញ ក្នុងនោះមានប្រទេសគោលដៅចំនួន ២០
ប៉េកាំង៖ សារាចរមួយដែលបានចេញផ្សាយនាពេលថ្មីៗនេះដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានបញ្ជាក់ថា ប្រទេសចិននឹងដាក់ចេញនូវកម្មវិធីសាកល្បងមួយ ដើម្បីស្តារឡើងវិញនូវសេវាកម្មធ្វើដំណើរជាក្រុមទៅក្រៅប្រទេសរបស់ចិន។
ចាប់ពីថ្ងៃទី៦ ខែកុម្ភៈខាងមុខនេះ ទីភ្នាក់ងារទេសចរណ៍ និងអ្នកផ្តល់សេវាទេសចរណ៍តាមអ៊ីនធើណិតនៅក្នុងប្រទេសចិន នឹងត្រូវបានអនុញ្ញាតឱ្យផ្តល់ដំណើរទេសចរណ៍ជាក្រុមទៅកាន់ប្រទេសគោលដៅចំនួន ២០ មានដូចជាថៃ អារ៉ាប់រួម អាហ្វ្រិកខាងត្បូង រុស្ស៊ី និងគុយបាជាដើម។

សារាចរនេះបានបញ្ជាក់ទៀតថា ការកក់សំបុត្រយន្តហោះ និងសេវាកម្មកក់សណ្ឋាគារ ក៏នឹងត្រូវដាក់ឱ្យដំណើរការឡើងវិញផងដែរ។
គួរកត់សម្គាល់ថា ទីផ្សារការធ្វើដំណើរជាក្រុមទៅក្រៅប្រទេសរបស់ប្រទេសចិន ត្រូវបានបញ្ឈប់នៅដើមឆ្នាំ ២០២០ ដោយសារការរាតត្បាតនៃជំងឺ COVID-19 ។

នៅពេលដែលប្រទេសចិនបង្កើនប្រសិទ្ធភាពឆ្លើយតបនឹងការរីករាលដាលវីរុសរបស់ខ្លួននោះ វិធានការនានាត្រូវបានគេធ្វើឡើង ដើម្បីដកការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាជនចិន និងលើកកម្ពស់ការផ្លាស់ប្តូរបុគ្គលិកឆ្លងកាត់ព្រំដែនផងដែរ៕



ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា