គម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត មានតម្លៃ ជាងបួនពាន់លានដុល្លារ

ភ្នំពេញ៖គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា ដែល សិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គ្រោងនឹងចំណាយទឹកប្រាក់ជាងបួនពាន់លានដុល្លារ ។គម្រោងនេះ ផ្តោត ចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ច ប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធលទ្ធភាព គម្រោង លើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជា ផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយ ជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC ។

តំណាងក្រុមហ៊ុនCRBC បានលើកយកនូវចំណុចសំខាន់ៗ ដែលបាន សិក្សា មកបង្ហាញរួមមានដូចជា ទិដ្ឋភាពទូទៅនៃគម្រោង, ការវិភាគ លើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍, ផែនការនៃការសាងសង់, ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក, ការរៀបចំការដឹកជញ្ជូន, រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប, ការវាយតម្លៃលើ ផ្នែកហិរញ្ញវត្ថុ និងការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។
តាមរយៈការសិក្សាបឋមនេះ តំណាងក្រុមហ៊ុន បានបញ្ជាក់ថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការ ទុនវិនិយោគប្រមាណជាងបួនពាន់លានដុល្លារ ដោយរួមបញ្ចូល ទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់ រយៈពេលសាងសង់ប្រមាណបួនឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មីលីម៉ែត្រល្បឿនសម្រាប់ ធ្វើចរាចរណ៍ គឺ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។
ក្នុងនោះដែរ ខ្សែរថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែល ដំណើរកា រដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវ អាកាស រំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយ លើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយ ភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោង សម្រាប់លើកដាក់ទំនិញ)។

ក្រោយពីទទួលព័ត៌មានទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គ្រោងនឹងលើកយកនូវចំណុចសំខាន់ៗមួយចំនួន ដើម្បីបាន ជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករាខាងមុខ។
ឯកឧត្តមបានបញ្ជាក់ថា៖ «ជំនួបពិភាក្សានេះដែរ គឺនឹងធ្វើឡើងដើម្ បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំង ស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការ សិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅ ការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេល អនាគត ឆាប់ៗ»។

ឯកឧត្តមបានបន្ថែមថា ការសិក្សានេះ ក៏ដើម្បីឱ្យស្របទៅតាមស្មារតី សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលរាជរដ្ឋាភិបាលជំរុញឱ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និង ដឹកជញ្ជូន សហការគ្នាពន្លឿនការសិក្សាគម្រោងលើកកម្រិត ផ្លូវ រថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿន លឿននេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញ កំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាម បណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើង គឺជាមធ្យោបាយមួយដែលមាន សក្តានុពល ខ្លាំងណា ស់ សម្រាប់វិស័យដឹកជញ្ជូន មិនត្រឹមតែ សម្រាប់ដឹកអ្នកដំណើរប៉ុណ្ណោះទេ តែការដឹកជញ្ជូនទំនិញចំណេញ ច្រើនបន្ទាប់ពីការដឹកជញ្ជូនផ្លូវដឹក។
លោកបានបញ្ជាក់បន្ថែមថា ៖ «គម្រោងសាងសង់ផ្លូវរថភ្លើង ល្បឿន លឿន ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត មាននៅក្នុងគម្រោងមេ របស់ក្រ សួងទៅហើយ។ ការជំរុញឱ្យពន្លឿនលើការសិក្សាគម្រោង នេះបន្ថែម ពីរាជរដ្ឋាភិបាល ជាដំណឹងល្អខ្លាំងណាស់ សម្រាប់ វិស័យឯកជន។ ខាងវិស័យដឹកជញ្ជូនយើងក៏រំពឹងថា គម្រោងនេះ នឹងចេញជារូបរាងឆាប់ៗនេះដែរ ដើម្បីបម្រើដល់ការដឹកជញ្ជូនប្រកប ដោយភាពងាយស្រួលមួយកម្រិតទៀត»។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោត ចម្បង លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេស កម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ តាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លង កាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយ មានជ័យ។
គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូន អ្នក ដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅ ក្រៅប្រទេសផងដែរ៕
ដោយ៖វណ្ណ សុជាតា

ads banner