អង្គការសហប្រជាជាតិបារម្ភអំពីសិទ្ធិស្រ្តី នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ ក្រសួងការបរទេសអាហ្វហ្គានីស្ថានបានឲ្យដឹងថា ប្រធានទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានលើកឡើងពីការព្រួយបារម្ភអំពីការអប់រំសម្រាប់ស្ត្រី ទាំងការងារ និងការអប់រំ។

កាលពីខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមតាលីបង់បានបញ្ជាឲ្យអង្គការក្រៅរដ្ឋាភិបាល មិនអនុញ្ញាតឲ្យបុគ្គលិកជាស្ត្រីភាគច្រើនធ្វើការ ដោយជំរុញឲ្យភ្នាក់ងារជំនួយជាច្រើនផ្អាកប្រតិបត្តិការមួយផ្នែក នៅចំពេលដែលវិបត្តិមនុស្សធម៌កំពុងកើតឡើងកំឡុងរដូវរងាដ៏ត្រជាក់បំផុត។

លោក ម៉ាទីន ហ្រ្គីហ្វហ្វីដ (Martin Griffiths) អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (Martin Griffiths) បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ និង បានលើកឡើងពីបញ្ហានៃការអប់រំ ការធ្វើការងាររបស់ស្ត្រី ដែលប៉ះពាល់ដល់ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ហើយថា កំពុងធ្វើការជាមួយរដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់ ជុំវិញបញ្ហានេះ។

ប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្មេងស្រី និងស្ត្រីភាគច្រើនដែលមានអាយុលើសពី ១២ឆ្នាំ នៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបញ្ឈប់ពីការចូលរៀននៅសាលា ឬសាកលវិទ្យាល័យ។ ជាមួយគ្នានេះ ការអនុវត្តទណ្ឌកម្ម និងការកាត់បន្ថយជំនួយអភិវឌ្ឍន៍បានរួមចំណែកធ្វើឲ្យអាហ្វហ្កានីស្ថានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលបានធ្វើឲ្យប្រជាជនជាងពាក់កណ្តាលពឹងផ្អែកលើជំនួយមនុស្សធម៌៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner