ឯកឧត្តម សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសាររបស់អនុគណៈកម្មការឯកសារ បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ សម្រាប់ការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសាររបស់អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក នៃអនុគណៈកម្មការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបនាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករាឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាឆ្លងខ្លឹមសាររបាយការណ៍ ឯកសារ និងការងារពាក់ព័ន្ធមួយចំនួន សម្រាប់បម្រើឱ្យការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម រដ្ឋមន្ត្រីស្តីទី មានប្រសាសន៍បន្តថា ដើម្បីរៀបចំសន្និបាតក្រសួងមហាផ្ទៃប្រចាំឆ្នាំ២០២២នេះ ក្រសួងបានបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំការងារពាក់ព័ន្ធនានា សម្រាប់បម្រើឱ្យការប្រព្រឹត្តទៅនៃសន្និបាតប្រចាំឆ្នាំ ដោយគណៈកម្មការនេះមានអនុគណៈកម្មការចំនួន៥ ជាសេនាធិការ ដែលក្នុងនោះរួមមាន៖ ទី១.អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ, ទី២.អនុគណៈកម្មការបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”, ទី៣.អនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល, ទី៤. អនុគណៈកម្មការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ និង ទី៥.អនុគណៈកម្មការផ្គត់ផ្គង់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាសមាជិកអនុគណៈកម្មការ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងសេចក្តីព្រាងឯកសារនានា ព្រមទាំងរបាយការណ៍បឋមពីគ្រប់អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានក្នុងការពិនិត្យពិភាក្សា និងផ្តល់ធាតុចូលបន្ថែម។

ឯកឧត្តម រដ្ឋមន្ត្រីស្តី បានណែនាំឱ្យសមាជិកក្រុមការងារ កែសម្រួលសេចក្តីព្រាងរបាយការណ៍ឡើងវិញ និងដាក់បញ្ជូលទៅអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងផ្តល់ធាតុនានាបន្ថែមទៀត សម្រាប់ចំណុចដែលនៅខ្វះចន្លោះ ព្រមទាំងរៀបចំប្រធានបទ និងក្រុមពិភាក្សា ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner