គ.ជ.ប ទទួលបានបណ្តឹងតវ៉ា បិទផ្សាយបញ្ជីបោះឆ្នោតដំបូងជិត ១០០ បណ្តឹង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិត ត្រឹមថ្ងៃទី ២៣ខែមករាឆ្នាំ២០២៣ដែលជារយៈពេលនៃការទទួលនិង ដាក់ ពាក្យបណ្តឹងក្នុងដំណើរបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីបោះ ឆ្នោត អ្នកដែលត្រូវលុបចេញ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួន ជិត ១០០ បណ្តឹង។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.បបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែមករាថា គ.ជ.ប ទទួលបានពាក្យបណ្តឹងចំនួន ៩១បណ្តឹង ។ក្នុងចំណោម ៩១ បណ្តឹងនេះ មានបណ្តឹងតវ៉ាចំនួន ៨៥ ពាក្យបណ្តឹង បណ្តឹងជំទាស់ មានចំនួនប្រាំមួយពាក្យបណ្តឹង។

ឯកឧត្តមបន្តថា ៖ «បណ្តឹងមួយចំនួនត្រូវបានដោះស្រាយនៅតាមបណ្តាឃុំ សង្កាត់ រួចហើយ ប៉ុន្តែបើភាគីបណ្តឹង មិនពេញចិត្តចំពោះដំណោះស្រាយ អាចបន្តប្តឹងមកគ.ជ.បបាន។ អីចឹងទេ គិតមកទល់ត្រឹមថ្ងៃទី ២៤ នេះ គ.ជ.ប មិនទាន់ទទួលបានបណ្តឹងដែលប្តឹងបន្តពីក្រុមមប្រឹក្សាឃុំសង្កាត់ នៅឡើយទេ»។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់ថា ពាក់ព័ន្ធនឹងការនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីបោះឆ្នោត អ្នកដែលត្រូវលុបចេញឆ្នាំ ២០២២ នេះ នៅតាមការិយាល័យឃុំសង្កាត់ និងទីប្រជុំជននៅទូទាំងប្រទេស គណបក្សលោកពិនិត្យឃើញថា ដំណើ ការលូន និងត្រឹមត្រូវ សម្រាប់ប្រជារាស្ត្រដែលបានចុះឈ្មោះ និងមានឈ្មោះ នៅក្នុងបញ្ជី ពួកគាត់បានត្រួតពិនិត្យឈ្មោះរបស់ខ្លួនៅតាមការិយាល័យ បើទោះបីមានបណ្តឹងតវ៉ាមួយចំនួយចំនួនក្តី។

លោកបានថ្លែងថា ៖ «ជាមួយគ្នានេះដែរ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅ តាមបណ្តារាជធានីខេត្ត ក៏តែងតែជំរុញ សមាជិកសមាជិកា និងប្រជារាស្ត្រ ឱ្យទៅពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះកន្លងមក ក្រែងលោមានការខុស ឬមិនត្រឹមត្រូវបែបណា ប៉ុន្តែបើមានការខុស ត្រង់ ចំណុចណាមួយ ពួកគាត់អាចស្នើសុំកែតម្រូវក្នុងអំឡុងពេលបិទផ្សាយ នោះតែម្តង»។

អនុវត្តតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ គ.ជ.ប បានបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង ដែលមានឈ្មោះអ្នកបោះឆ្នោតសរុប ចំនួន ៩.៧១០.៦៤៥ នាក់ (ស្ត្រីមានចំនួន ៥.១៦១.៩០៦ នាក់) ការិយា ល័យ បោះឆ្នោត មានចំនួន ២៣.៧៨៩ និងឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ លុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុផ្លាស់ទីលំនៅ ស្លាប់ ស្ទួន និង ការដកសិទ្ធិបោះឆ្នោត មានចំនួន ២៧១.១៤២ នាក់។

បើតាម គ.ជ.ប ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះ ឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យ ប្រជា ពល រដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុង បញ្ជី បោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។

គ.ជ.ប បានបញ្ជាក់ថា ៖ «យោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ជនណាក៏ដោយមានសិទ្ធិ ប្តឹង តវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមពាក្យបណ្ដឹងទាក់ ទង នឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ លុប ចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ ថ្ងៃយ៉ាង យូរ បន្ទាប់ពីថ្ងៃបិទផ្សាយ»។

ការប្តឹងតវ៉ា អាចធ្វើឡើងពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ឬ ព័ត៌មានដែលគាត់បានផ្តល់ឱ្យ ឬមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែល នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់។

ការប្តឹងជំទាស់ អាចធ្វើឡើងចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុង បញ្ជី បោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមាន ឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឬចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ច្រើន ជាងមួយកន្លែង។ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែល នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត គ.ជ.ប បានបិទផ្សាយនៅតាម សាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ទន្ទឹមនេះ ប្រជាពលរដ្ឋទាំងអស់ក៏អាចស្វែងរកឈ្មោះរបស់ខ្លួនក្នុងបញ្ជី បោះឆ្នោតដំបូង តាមគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec. gov. kh ឬចូលរកតាមកម្មវិធីទូរស័ព្ទ (App) NEC KH៕ ដោយ៖ យុទ្ធ វីរៈ

ads banner