កោះប៉ោជាទីទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាល

ខេត្តកោះកុង៖ កោះប៉ោ គឺជាតំបន់ទេសចរណ៍មួយ មានទេសភាពដ៏ ស្រស់ ត្រកាល ដែលលាតសន្ធឹងតាមដៃសមុទ្រ សម្បូរទៅដោយកោះតូចធំ វាលឆ្នេរ ដើមកោងកាង យ៉ាងស្រស់ស្អាតគួរជាទីទាក់ទាញរបស់អ្នកទេសចរពីទី ជិត ឆ្ងាយចូលកម្សាន្ត។

ទីទេសចរណ៍ធម្មជាតិបែបដៃសមុទ្រនៃទឹកដីកោះប៉ោ មាន ទីតាំងស្ថិត នៅក្នុង ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយ ប្រមាណជិត ២០គីឡូម៉ែត្រ ពីទីរួមខេត្ត កោះកុង។

អ្នកទេសចរកាលបើចង់ធ្វើដំណើរកម្សាន្ត តាមទឹកដីកោះប៉ោដែល ជាទី កន្លែង ទេសចរណ៍គួរជាទីមនោរម្យគេអាចជួលទូកទេសចរណ៍កម្សាន្ត ពីទីកន្លែងមួយទៅកាន់កន្លែងមួយទៀត។ក្នុងនេះគេក៏អាចដើរកម្សាន្ត លើឆ្នេរខ្សាច់ ងូតទឹកសមុទ្រ ស្ទូចត្រី ទស្សនាជីវៈចម្រុះ ជួបជុំបរិភោគ អាហារសមុទ្រ ដោយក្តីសប្បាយរីករាយមិនចង់ឃ្លាតឆ្ងាយសោះឡើយ។

ទាក់ទិនក្នុងរឿងនេះ លោក តែម ក្រន អនុប្រធានភូមិកោះប៉ោ បានរៀប រាប់ប្រាប់ថា ក្នុងភូមិកោះប៉ោមានប្រជាសហគមន៍១២០គ្រួសារ ហើយ ពួកគាត់ភាគច្រើនប្រកបរបរចិញ្ចឹមជីវិតដោយនេសាទ និងមួយចំនួន បាន ចេញទៅធ្វើការរោងចក្រ។

លោក តែម ក្រន បានបញ្ជាក់ប្រាប់ដែរថា បច្ចុប្បន្នតាមរយៈវិស័យទេសចរណ៍ បានធ្វើឱ្យប្រជាពលរដ្ឋដែលធ្លាប់តែមានជីវភាពលំបាកបានប្រែក្លាយខ្លួនបន្តិចម្តងៗមកមានមុខរបរច្បាស់លាស់ ហើយជីវភាពរបស់ពួកគាត់បាន លើក ស្ទួយប្រសើរឡើងជាបន្តបន្ទាប់។ក្រៅពីនេះក្នុងការសិក្សារបស់ប្រជា សហគមន៍ក៏កាន់តែប្រសើរឡើងដែលគ្រួសារប្រជាសហគមន៍ខ្លះបានកូនចៅចេញទៅរៀននៅថ្នាក់ឧត្តមសិក្សាថែមទៀត។

មន្រ្តីអាជ្ញាធរមូលដ្ឋានរូបនេះបានឱ្យដឹងបន្ថែមថានៅទឹកដីកោះប៉ោនេះភ្ញៀវទេសចរបានចូលកម្សាន្តភាគច្រើនតែរដូវប្រាំង ពីព្រោះថារដូវវស្សាទឹកហូរ ខ្លាំងអាចបង្កបញ្ហាប្រឈមកើតឡើងបាន។ទោះបីយ៉ាងណា រយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះកំណើនភ្ញៀវទេសចរគេឃើញមានចូលកម្សាន្តតំបន់នេះកើនឡើងបន្តបន្ទាប់។

គួរបញ្ជាក់ថា ទិដ្ឋភាពដ៏សែនមនោមរ្យនៃទឹកដីកោះកុងកន្លែងនេះ គេនឹង បានឃើញអ្នកទេសចរជាក្រុមៗពិសេសជនបរទេសដែលធ្វើដំណើរកម្សាន្តនិងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅតំបន់កោះធម្មជាតិមួយកន្លែងនេះយ៉ាងសប្បាយរីករាយ។

ជាញឹកញាប់គេក៏បានឃើញផងដែរពីទិដ្ឋភាពក្រុមប្រជាសហគមន៍ នេសាទ តាមដៃសមុទ្រដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់។

សូមរំលឹកដែរថាកាលពីពេលថ្មីៗមកនេះ ក្រុមមន្រ្តីជំនាញបានរកឃើញ បំណែកឆ្អឺងផូស៊ីលសត្វដាយណូស័រលើកដំបូងនៅកម្ពុជាស្ថិតនៅតំបន់ការពារធម្មជាតិក្នុង កោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុងនេះផងដែរ។

បច្ចុប្បន្នបំណែកឆ្អឺងផូស៊ីលសត្វដាយណូស័រនេះត្រូវបានមន្រ្តីជំនាញគាស់មករក្សាទុកនៅក្រសួងបរិស្ថាន។

ជាមួយគ្នានេះអាជ្ញាធរមូលដ្ឋានក៏ចង់ឱ្យទីកន្លែងរកឃើញបំណែកឆ្អឺងផូស៊ីលសត្វដាយណូស័រ មួយកន្លែងនេះក្លាយជាទីកម្សាន្តមួយកន្លែងទៀតសម្រាប់ សិក្សាស្រាវជ្រាវ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរចូលកម្សាន្តទៅថ្ងៃខាងមុខ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner