តើខេត្តបាត់ដំបង នៃទីក្រុង Smart City មានអ្វីខ្លះ? (Video Inside)
អភិបាលខេត្តបាត់ដំបងបានថ្លែងថា គេកំពុងរៀបចំខេត្តភាគពាយព្យ នៃប្រទេសកម្ពុជានេះ ជាខេត្តដែលសក្តិសមនឹងការទទួលបានចំណាត់ជា Smart City។ ខេត្តបាត់ដំបង, រាជធានីភ្នំពេញ និងខេត្តសៀមរាប បានក្លាយជាផ្នែកមួយនៃបណ្តាញ Smart City របស់អាស៊ានចាប់តាំងពីឆ្នាំ ២០១៨។
Smart City គឺជាទីក្រុងដែលប្រើប្រាស់បច្ចេកវិទ្យា នៃការបំរើកិច្ចការទូទៅ និងការប្រើប្រាស់បច្ចេកវិទ្យានោះ ដើម្បីការជួយដោះស្រាយលើបញ្ហានានាផងដែរ។ អភិបាលខេត្តបាត់ដំបងលោក សុខ លូ ក្នុងសន្និសីទកាសែតមួយនាទីស្តីការគណរដ្ឋមន្ត្រីនៅថ្ងៃទី២៤ មករា ឆ្នាំ២០២៣ បានរៀបរាប់នូវគម្រោងជាច្រើន ដែលបានរៀបចំបញ្ចូលនូវបច្ចេកវិទ្យាសម្រាប់ ប្រើប្រាស់ក្នុងខេត្តបាត់ដំបងដែលជាខេត្ត Smart City របស់អាស៊ាន។
គំនិតបង្កើត Smart City គឺជាគំនិតផ្តួចផ្តើមដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោកនរិន្ទដ្រាម៉ូឌី និងក្រោយមកគំនិតនេះ ត្រូវបានបណ្តាប្រទេសជាច្រើនបានយកទៅអនុវត្តក្នុងប្រទេសរបស់ខ្លួន ជាពិសេសក្នុងប្រទេសអាស៊ាន។
បច្ចុប្បន្នក្នុងប្រទេសទាំង១០របស់អាស៊ាន, ក្រុងនិងខេត្តធំៗ ដែលគេចាត់ទុកថាជាទីក្រុង Smart នោះរួមមានសរុបចំនួន២៦ ក្នុងនោះ មានបីនៅ កម្ពុជា, មួយនៅប្រុយណេ, ៣នៅឥណ្ឌូណេស៊ី, ២នៅប្រទេសឡាវ, បួននៅម៉ាឡេស៊ី, បីនៅ មីយ៉ាន់ម៉ា, បីនៅហ្វីលីពីន, មួយនៅសឹង្ហបុរី, បីនៅប្រទេសថៃ និងចំនួនបីទៀតនៅប្រទេសវៀតណាម។