បញ្ជាការដ្ឋានកងទ័ពជើងគោកថ្កោលទោសបុគ្គល ឡុង សុគន្ធារៈ (Video Inside)
បញ្ជាការដ្ឋានកងទ័ពជើងគោកបានថ្កោលទោសចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ដោយក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ។
ឈ្មោះ សុគន្ធារៈ ឡុង ដែលគេស្គាល់ថាជាមនុស្សរបស់ទណ្ឌិត សម រង្ស៊ី ក្នុងសម្លៀកបំពាក់គ្រងបន្លំជាឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរភូមិន្ទ បានបង្ហោះវីដេអូមួយតាមបណ្តាញសង្គមនាពេលថ្មីៗនេះ ប្រើប្រាស់ពាក្យសម្តី វាយប្រហារដាក់ មកលើលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនិយាយប្រមាថដល់ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន។
ញ្ញតិរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកចុះថ្ងៃទី២៤ មករា បានសរសេរថា «ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ ដោយក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ហើយថែមទាំងបានចេញវីដេអូ ដែលមានខ្លឹមសារប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំដទៃផ្សេងទៀត»។
ញ្ញត្តិបានបន្តថាការប្រើប្រាស់ឯកសណ្ឋានយោធាដោយខុសច្បាប់ និងអំពើញុះញង់ដ៏គឃ្លើននេះ គឺជាអំពើល្មើស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងសណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពជាតិទាំងមូល ដោយមិនអាច អត់ឱនអនុគ្រោះឱ្យបានឡើយ។
បញ្ជាការដ្ឋានកងទ័ពជើងគោកបានថ្លែងថា គេគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្នុងការសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ ដើម្បីផ្តន្ទាទោសបុគ្គលនេះ តាមច្បាប់ជាធរមាន។
ញ្ញត្តិបានសរសេរ បញ្ជាក់ការប្តេជ្ញា «ប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់សន្តិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ»។ ញ្ញត្តិបានបន្ថែមចុងក្រោយថា «ក្នុងនាមជាកងកម្លាំងដែលមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ សូមប្ដេជ្ញាការពារ រដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគ្រប់កាលៈទេសៈទោះក្នុងតម្លៃណា ក៏ដោយដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ»។