ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដាក់ពង្រាយបេសកកម្មអចិន្ត្រៃយ៍បន្ថែមទៀតនៅរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន

កៀវ៖ អាជ្ញាធរអ៊ុយក្រែនបាននិយាយនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានដាក់ពង្រាយបេសកកម្មត្រួតពិនិត្យអចិន្ត្រៃយ៍របស់ខ្លួន នៅរោងចក្រថាមពលនុយក្លេអ៊ែរ ខ្មែលនីស្គី (Khmelnytsky) នៅភាគខាងលិចអ៊ុយក្រែន ដែលនេះជាការបញ្ចប់ការដាក់ពង្រាយតំណាងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

អធិការកិច្ចនិយតកម្មនុយក្លេអ៊ែររដ្ឋនៃប្រទេសអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភារកិច្ចចម្បងរបស់បេសកកម្មខាងលើនេះ គឺដើម្បីរក្សាសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្មនៅក្នុងរោងចក្រ ចំពេលមានជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។

ទីភ្នាក់ងារអ៊ុយក្រែននេះបន្ថែមថា កាលពីសប្តាហ៍មុន IAEA បានបង្កើតបេសកកម្មរបស់ខ្លួននៅរោងចក្រនុយក្លេអ៊ែរចំនួនបីផ្សេងទៀត គឺរោងចក្រ Rivne នៅភាគខាងលិចអ៊ុយក្រែន, រោងចក្រ Pivdennoukrainsk នៅភាគខាងត្បូង និងរោងចក្រ Chernobyl នៅភាគខាងជើង។

សូមបញ្ជាក់ផងដែរថា នៅក្នុងប្រទេសអ៊ុយក្រែនមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៥ ក្នុងនោះមាន ៤ កំពុងដំណើរការ។ រោងចក្រថាមពល Chernobyl ដែលជួបគ្រោះមហន្តរាយនុយក្លេអ៊ែរកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ១៩៨៦ ត្រូវបានបិទទាំងស្រុងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០០០៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner