យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និងរាប់សិបនាក់ជាប់ខ្លួន ក្នុងហេតុការណ៍បាក់រលំអគារនៅប្រទេសឥណ្ឌា
ញូវដែលី៖ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និងរាប់សិបនាក់ត្រូវបានគេបារម្ភថា ជាប់គាំង បន្ទាប់ពីអគារកម្ពស់៤ ជាន់មួយកន្លែងបានដួលរលំនៅក្នុងប្រទេសឥណ្ឌា។ នេះជាអ្វីដែលមន្ត្រីបាននិយាយកាលពីល្ងាចថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។
អាជ្ញាធរបាននិយាយថា មនុស្សបីនាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ដោយទីតាំងកើតហេតុគឺនៅក្នុងទីក្រុង Lucknow ភាគខាងជើងនៃរដ្ឋ Uttar Pradesh ។
ប្រភពបន្តថា ការដួលរលំនេះហាក់ដូចជាឥទ្ធិពលនៃការរញ្ជួយដីដែលបានកើតឡើង នៅមុនថ្ងៃនោះ។
គេដឹងថា ការរញ្ជួយដីកម្រិត ៥.៨ រិចទ័របានវាយប្រហារភាគខាងលិចប្រទេសនេប៉ាល់ កាលពីរសៀលថ្ងៃអង្គារ ចម្ងាយប្រហែល ៤៤០គីឡូម៉ែត្រពីទីក្រុង Lucknow ។ ក្រៅពីស្លាប់មនុស្ស៣នាក់ នៅមានមនុស្សចន្លោះពី ៣០ ទៅ៥០នាក់ទៀត បានជាប់គាំងនៅទីនោះ។
ក្រុមប៉ូលីស និង កម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ កំពុងស្វែងរកអ្នកដែលជាប់នៅក្រោមកំទេចកំទី ខណៈដែលមន្ទីរពេទ្យ ត្រូវបានណែនាំ ឱ្យរក្សាការប្រុងប្រៀបឲ្យបានហ្មត់ចត់៕ ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត
