មន្រ្តីជាន់ខ្ពស់ ក្រសួងអប់រំដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំផែនការ ការងារអប់រំ ក្រៅប្រព័ន្ធ ឆ្នាំ២០២៤-២០២៦

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំជាមួយ អង្គការឌីវីវីអន្តរជាតិ ស្តីពី ”ការរៀបចំផែនការការងារអប់រំក្រៅប្រព័ន្ធ ឆ្នាំ២០២៤-២០២៦” ដើម្បីពិភាក្សាលើការងារអនុវិស័យការអប់រំក្រៅប្រព័ន្ធ និងជាពិសេសសម្រាប់ការរៀបចំផែនការសកម្មភាពការងារអប់រំក្រៅប្រព័ន្ធ។ កិច្ចប្រជុំនេះក្រោមការដឹកនាំដោយ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងកិច្ចប្រជុំនេះបានពិភាក្សាលម្អិតទៅលើទិសដៅចំនួន ៤ រួមមាន៖ ១. គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតដែលបានក្លាយជាសរសរស្តម្ភនៃវិស័យអប់រំកម្ពុជា ២. សមត្ថភាពវិជ្ជាជីវៈរបស់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតចំនួន ១០ ធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់នូវវគ្គសិក្សាសម្រាប់ការងារអប់រំក្រៅប្រព័ន្ធ ក៏ដូចជាការអប់រំ និងការសិក្សាមនុស្សពេញវ័យ ៣. បណ្តាញសង្គមស៊ីវិលនៃដៃគូអភិវឌ្ឍដែលប្រតិបត្តិការងារអប់រំ ចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងការអនុវត្តប្រកបដោយបរិយាបន្ន នៃគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ៤. មជ្ឈមណ្ឌលសិក្សាសហគមន៍ចល័តក្នុងខេត្តរតនគិរី និងស្ទឹងត្រែង ផ្តល់ការអប់រំប្រកបដោយនិរន្តរភាពជាពិសេសជំនាញអក្ខរកម្ម និងជំនាញមូលដ្ឋានដល់សហគមន៍ជនជាតិដើមភាគតិច ជាពិសេសស្រ្តី ។

ឯកឧត្តម បានមានប្រសាសន៍ពីការអភិវឌ្ឍគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតសម្រេចបានជោគជ័យ ហើយការងារបន្ទាប់ត្រូវអភិវឌ្ឍផែនការជាតិស្តីពីការសិក្សាពេញមួយជីវិតឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ បន្ថែមលើនេះ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធជាសេនាធិការ បានសហការជាមួយដៃគូអភិវឌ្ឍជាពិសេសអង្គការ DVV International ក្នុងការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតដើម្បីឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០១៩ – ២០២៣។

ដោយឡែកលោកបណ្ឌិត Johann ប្រធានអង្គការ ឌីវីវី អន្តរជាតិ ថ្នាក់តំបន់ បានគាំទ្រទាំងស្រុងនូវប្រសាសន៍របស់ឯកឧត្តមរដ្ឋលេខាធិការ ដោយលោកបានគូសបញ្ជាក់បន្ថែមថា ការចូលរួមក្នុងការអនុវត្តការងារដ៏សំខាន់នេះ ចាំបាច់ត្រូវមានការចូលរួមពីដៃគូអភិវឌ្ឍ និងវិស័យឯកជន ជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយការពិនិត្យមើលសេចក្តីព្រាងឱ្យបានល្អិតល្អន់លើផែនការ ឆ្នាំ២០២៤ – ២០២៦ ជាកិច្ចការសំខាន់ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner