អាមេរិក ព្រួយបារម្ភពីការផ្ដល់បរិក្ខារយោធាធុនស្រាលរបស់ចិន ទៅរុស្ស៊ី ដើម្បីប្រើក្នុងសង្រ្គាម នៅអ៊ុយក្រែន

អាមេរិក៖ រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីពេល ថ្មីនេះ បានលើកឡើងពីការព្រួយបារម្ភលើក្រុងប៉េកាំង ក្រោយមាន ភស្តុតាង ដែលបង្ហាញថាក្រុមហ៊ុនចិនបានលក់បរិក្ខារយោធាធុនស្រាលទៅឱ្យរុស្ស៊ី ដើម្បីយកទៅប្រើនៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការ ចុះផ្សាយកាលពីថ្ងៃចន្ទរបស់បណ្ដាញព័ត៌មាន CNN ដែលស្រង់សម្ដីប្រភព មន្រ្តីអាមេរិកអានាមិកពីររូប។

CNN បានស្រង់សម្ដីប្រភពជាច្រើន ដែលដឹងព័ត៌មានភ្នាក់ងារស៊ើបការ សម្ងាត់ អាមេរិក និងអឺរ៉ុប ដើម្បីបញ្ជាក់បន្ថែមទៀតថា បរិក្ខារយោធា ទាំងនោះរួមមានរបស់របរដូចជា អាវក្រោះ និងមួកសុវត្ថិភាពជាដើម។ ប៉ុន្តែចិនមិនបានផ្ដល់ជំនួយធំៗដើម្បីពង្រឹងយោធារុស្ស៊ី តាមការស្នើសុំ របស់ក្រុងមូស្គូនោះទេ។

ប្រភពមន្ត្រីអាមេរិកម្នាក់បានលើកឡើងថា ការផ្គត់ផ្គង់បរិក្ខារយោធាបែប នេះកំពុងធ្វើឱ្យមានការព្រួយបារម្ភ ប៉ុន្តែក្នុងដំណាក់កាលបច្ចុប្បន្ន អាមេរិក មិនទាន់ដឹងច្បាស់ទេថាតើរដ្ឋាភិបាលកណ្តាលចិនបានដឹងអំពីបញ្ហានេះដែរឬយ៉ាងណា។ ទោះបីជាសហគ្រាសគ្រប់គ្រងដោយរដ្ឋចិននានា គ្របដណ្ដប់ លើសេដ្ឋកិច្ចរបស់ប្រទេសក៏ដោយ មិនមែនទាំងអស់សុទ្ធតែស្ថិតនៅក្រោម ការត្រួតពិនិត្យប្រចាំថ្ងៃនោះទេ។

មន្ត្រីអាមេរិកទី២បានអះអាងថា មន្ត្រីអាមេរិកមួយចំនួនជឿថា រដ្ឋាភិបាល ចិនដឹងពីការផ្គត់ផ្គង់បរិក្ខារទៅរុស្ស៊ី ហើយគួរតែចាត់វិធានការដើម្បីបញ្ឈប់ ពួកគេ។
ខណៈរដ្ឋបាល បៃដិន នៅតែថ្លឹងថ្លែងពីផលប៉ះពាល់ និងភាពសំខាន់ជារួមនៃ ការ ផ្គត់ផ្គង់នោះ វាគឺជាបញ្ហានៃការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុង ចំណោម មន្ត្រីអាមេរិក។CNN បានចុះផ្សាយថា មន្រ្តីអាមេរិកទាំងពីររូប បានបដិសេធ មិនផ្តល់ព័ត៌មានលម្អិតអំពីទំនាក់ទំនងរវាងរដ្ឋបាល បៃដិន និងទីក្រុងប៉េកាំង លើបញ្ហានេះ។
គិតត្រឹមថ្ងៃអង្គារ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតប យ៉ាងណាទេជុំវិញបញ្ហានេះ នៅពេល CNN និងបណ្ដាញព័ត៌មាន Bloomberg ព្យាយាមសុំការពន្យល់បន្ថែម។

បើតាម Bloomberg ដែលស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះដូចគ្នា រដ្ឋបាលបៃដិនកំពុងពិនិត្យមើលលើភស្តុតាង ហើយប្រសិនបើរកឃើញ ថាក្រុមហ៊ុនចិនបានគាំទ្រការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី នោះវានឹង មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះរុស្ស៊ី និងចិន។

គួររំឭកថា ផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អាមេរិកលើអ៊ុយក្រែន គឺការ កាត់ ផ្ដាច់ រដ្ឋាភិបាលរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ឱ្យនៅឯកោ និង បង្ខូច សេដ្ឋកិច្ចរុស្ស៊ីដើម្បីរារាំងដំណើរការសង្រ្គាម។ ការកើនឡើងនៃការគាំទ្រពីប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី ២ របស់ពិភពលោក អាចកាត់បន្ថយប្រសិទ្ធិភាពនៃយុទ្ធសាស្ត្រនោះ ហើយ ទាញការឆ្លើយតបពីអាមេរិក។ពេលសង្រ្គាមឈ្លានពានទើបផ្ទុះឡើងភ្លាមៗ ជំនួយការកំពូលរបស់ប្រធានាធិបតី ចូ បៃដិន បានចេញការព្រមានដល់ ប្រទេសចិនអំពីផលវិបាកដែលអាចកើតមាន ប្រសិនបើចិនជ្រើសរើសគាំទ្រ រុស្ស៊ីក្នុងជម្លោះ។

ការផ្គត់ផ្គង់រុស្ស៊ីនូវបរិក្ខារពីចិន ក៏នឹងតំណាងឱ្យភាពស៊ីជម្រៅនៃភាព ជាដៃ គូចិន-រុស្ស៊ី។ មកទល់ពេលនេះ ចិនមិនបានថ្កោលទោសសកម្មភាព រុស្ស៊ីនៅ អ៊ុយក្រែននោះទេ ផ្ទុយទៅវិញចិនបានពង្រឹងទំនាក់ទំនងកាន់តែខ្លាំងឡើង ជាពិសេសផ្នែកសេដ្ឋកិច្ច ទន្ទឹមនឹងការធ្វើសមយុទ្ធយោធាជាច្រើនលើកផ្សេង ទៀត។ មុនថ្ងៃ ២៤ កុម្ភៈ ២០២២ ដែលរុស្ស៊ីបើកការវាយលុយអ៊ុយក្រែន ចិន និងរុស្ស៊ីបានប្រកាសជាសាធារណៈនូវចំណងមិត្តភាព «គ្មានដែនកំណត់»។

ក៏មានការគួរឱ្យកត់សម្គាល់ផងដែរថា សកម្មភាពយោធារបស់រុស្ស៊ី បង្កការ ព្រួតគ្នាថ្កោលទោស ក៏ដោយជាដាក់ទណ្ឌកម្មលើក្រុងមូស្គូពី សហគមន៍ អន្តរជាតិ ជាពិសេសលោកខាងលិច ដែលធ្វើឱ្យចិនប្រុងប្រយ័ត្ន ដោយមិន ផ្ដល់ការគាំទ្រផ្នែកយោធាចំពោះរុស្ស៊ីតាមការស្នើសុំ។

ប្រភពដែលដឹងព័ត៌មានពីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកអះអាងថា ចិន ដែលមានទំនាក់ទំនងសេដ្ឋកិច្ចស៊ីជម្រៅជាមួយលោកខាងលិច ជាជាងជាមួយរុស្ស៊ី ចង់ជៀសវាងការខឹងសម្បារពីសហគមន៍អន្តរជាតិ។

ប្រភពដែល CNN និង Bloomberg បានស្រង់សម្ដី បានឱ្យដឹងថា មន្ត្រី អាមេរិកជឿជាក់ថា នៅដើមដំបូងនៃសង្រ្គាម ប្រទេសចិនមានបំណង លក់ អាវុធធុនធ្ងន់ទៅឱ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់នៅអ៊ុយក្រែន។ ចិនបានថ្លឹងថ្លែងយ៉ាងខ្លាំងលើផែនការទាំងនោះចាប់តាំងពីពេលនោះមក ជាអ្វីដែលរដ្ឋបាលបៃដិនចាត់ទុកថាជាជ័យជម្នះ។

គួរបញ្ជាក់ថា ការវិត្តន៍ចុងក្រោយនេះត្រូវបានរាយការណ៍ឡើងបន្ទាប់ពី រដ្ឋមន្ត្រី ក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានជួប ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He កាលពីសប្តាហ៍មុន ខណៈរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក អ៊ែនថូនី ប្ល៊ីងកែន គ្រោងនឹងធ្វើទស្សនកិច្ចនៅ ទីក្រុងប៉េកាំងនៅដើមខែកុម្ភៈខាងមុខ ដើម្បីពិភាក្សាបន្តទាក់ទងនឹងទំនាក់ ទំនងដ៏ស្មុគស្មាញជាមួយចិន។

កាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីជួបជាមួយមន្រ្តីជាន់ខ្ពស់ចិន លោក ប្ល៊ីងកែន បាននិយាយថា លោកមានការព្រួយបារម្ភចំពោះអំពីការត្រូវរូវគ្នារវាងចិន និងរុស្ស៊ី។ លោកថ្លែងយ៉ាងដូច្នេះនៅពេលនោះថា៖ «ឥឡូវនេះ អ្វីដែលអ្នក បានឮពីទីក្រុងប៉េកាំង គឺការអះអាងពីអព្យាក្រឹតភាព។ ខ្ញុំនឹងចាប់ផ្តើមជាមួយ នឹងការលើកឡើងថា វាពិបាកណាស់ក្នុងការមានអព្យាក្រឹត នៅពេលនិយាយ ពីការឈ្លានពានរបស់រុស្ស៊ី។ អ្នកឈ្លានពានក៏ច្បាស់ អ្នករងគ្រោះដោយ ការឈ្លានពានក៏ច្បាស់»។

ជាមួយគ្នានេះ កាលពីចុងខែធ្នូ លោក ស៊ី និងលោកពូទីន បានយល់ព្រម គ្នាក្នុងកិច្ចសន្ទនាទូរស័ព្ទមួយ អំពីការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម ថាមពល ហិរញ្ញវត្ថុ និងកសិកម្ម។ លោក ស៊ី បានប្រាប់លោក ពូទីន ថា ទីក្រុងប៉េកាំងនឹងបន្តដើរតួនាទីស្ថាបនាក្នុងការស្វែងរក ដំណោះស្រាយ «វិបត្តិ» នៅអ៊ុយក្រែន ទោះបីជាផ្លូវឆ្ពោះទៅកាន់ កិច្ចចរចាសន្តិភាពមិនរលូនក៏ដោយ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Biden administration raised concerns with Beijing over Chinese companies’ non-lethal aid in Russian war effort
US Confronts China Over Companies’ Ties to Russian War Effort

ads banner