កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនមន្ត្រីអង្គភាពជំនាញក្នុងខេត្ត
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ជូនមន្ត្រីជំនាញអង្គភាពនានាជុំវិញខេត្ត នាព្រឹកថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បញ្ជាក់ថា៖ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៍របស់ក្រសួងហិរញ្ញវត្ថុ ដល់អស់លោកលោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីជំនាញនាថ្ងៃនេះគឺមានសារៈសំខាន់ណាស់ លើលក្ខខណ្ឌនិងវិធានការក្នុងការអនុវត្តចំណូលចំណាយថវិកាឆ្នាំ២០២៣ និងអនុវត្តការប្រមូលចំណូលសារពើព័ន្ធ និងចំណូលមិនមែនសារពើព័ន្ធ ដូចនេះមន្ទីរស្ថាប័នអង្គភាព ត្រូវបន្តស្វែងរកមុខចំណូលថ្មីៗ ដែលមានសក្តានុពល ជាពិសេសមុខចំណូលដែលមិនប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅ ព្រមទាំងបន្តពង្រឹងការប្រមូលចំណូលពីសម្បទានដីសេដ្ឋកិច្ចជាដើម ។
ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ ដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងត្រឡប់ទៅរកភាពប្រក្រតី និងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចឆ្លើយតបទៅនិងបញ្ហាប្រឈមនិងហានិភ័យ ផងទាំងពួង ទាំងក្នុងនិងក្រៅប្រទេស សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ផងដែរ ៕
ដោយ៖ឃិន គន្ធា