ឡាវរំពឹងថា នឹងទទួលបានចំណូល ៣៤០លានដុល្លារ ពីភ្ញៀវទេសចរ ១.៤លាននាក់នៅឆ្នាំ ២០២៣នេះ
វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវសង្ឃឹមថា នឹងស្រូបទាញបានភ្ញៀវក្នុងស្រុក និងបរទេសចំនួន ១.៤លាននាក់នៅក្នុងឆ្នាំ ២០២៣នេះ ហើយគេរំពឹងថា នឹងរកចំណូលបានជាង ៣៤០លានដុល្លារ។
Read. រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោកស្រី សួណេសាវ៉ាន់ វីណាខេត បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធខិតខំពង្រឹងប្រតិបត្តិការទេសចរណ៍, កែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ។
លោកស្រីរដ្ឋមន្រ្តីបានប្រាប់កិច្ចប្រជុំរយៈពេលពីរថ្ងៃថា ក្រសួងនឹងសម្របសម្រួលជាមួយអាជ្ញាធរថ្នាក់កណ្តាល និងមូលដ្ឋានលើការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ក៏ដូចជាការកែលម្អតំបន់ទេសចរណ៍ និងលើកកម្ពស់គុណភាពសណ្ឋាគារ និងផ្ទះសំណាក់ឱ្យស្របតាមស្តង់ដារអាស៊ាន។
កម្មវិធី Lao Visit Laos នឹងបន្តនៅក្នុងឆ្នាំ២០២៣នេះ ដោយរដ្ឋាភិបាលសង្ឃឹមថា នឹងបន្តទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរមកពីបរទេសផងដែរ ខណៈយុទ្ធនាការនេះបានចាប់ផ្ដើមនៅឆ្នាំ ២០២០។
ប្រទេសឡាវបានចាប់ផ្តើមរៀបចំ សម្រាប់ការមកដល់នៃភ្ញៀវទេសចរចិន បន្ទាប់ពីប្រទេសខ្លួនត្រូវបានចុះក្នុងបញ្ជី ក្នុងចំណោមបណ្តាប្រទេសចំនួន ២០ដោយរដ្ឋាភិបាលចិន សម្រាប់ការធ្វើដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេស។ ទន្ទឹមគ្នា ក្រុមហ៊ុនអាកាសចរណ៍ឡាវក៏គ្រោងនឹងដំណើរការជើងហោះហើរបន្ថែមទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិនផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា