របាយការណ៍៖ កូរ៉េខាងជើង បិទរដ្ឋធានីព្យុងយ៉ាង ជុំវិញបញ្ហាជំងឺផ្លូវដង្ហើម

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មាន NK News ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានរាយការណ៍នាថ្ងៃពុធទី២៥ ខែមករានេះ ដោយលើកឡើងពីសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលថា អាជ្ញាធរនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងបានបញ្ជាឱ្យបិទរយៈពេលប្រាំថ្ងៃ ដោយសារតែការកើនឡើងករណីនៃជំងឺផ្លូវដង្ហើម ដែលមិនបានបញ្ជាក់ថា ជាជំងឺអ្វី។

សេចក្តីជូនដំណឹងនេះមិនបាននិយាយអំពី COVID-19 ទេ ប៉ុន្តែបាននិយាយថា អ្នករស់នៅក្នុងទីក្រុងតម្រូវឱ្យស្នាក់នៅផ្ទះរបស់ពួកគេរហូតដល់ចុងថ្ងៃអាទិត្យ ហើយត្រូវដាក់ឱ្យពិនិត្យសីតុណ្ហភាពច្រើនដង ក្នុងមួយថ្ងៃ នេះបើយោងតាម NK News ដែលតាមដានប្រទេសកូរ៉េខាងជើង។

កាលពីថ្ងៃអង្គារ គេហទំព័រនេះបានរាយការណ៍ថា អ្នកស្រុកក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងស្តុកទុកទំនិញក្នុងការប្រមើលមើលវិធានការតឹងរ៉ឹង។ ប៉ុន្តែប្រភពមិនច្បាស់ទេថា តើតំបន់ផ្សេងទៀតនៃប្រទេសនេះបានដាក់ការចាក់សោរថ្មី ឬយ៉ាងណា។
កូរ៉េខាងជើងមិនដែរបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ ដែលបានឆ្លង COVID-19 នោះទេ ជាក់ស្តែងដោយសារតែប្រទេសនេះខ្វះមធ្យោបាយធ្វើតេស្ដយ៉ាងទូលំទូលាយ។

ផ្ទុយទៅវិញ គេគ្រាន់តែរាយការណ៍ពីចំនួនប្រចាំថ្ងៃនៃអ្នកជំងឺដែលមានគ្រុនក្តៅ ដែលជាចំនួនកើនឡើងដល់ប្រហែល ៤.៧៧ លាននាក់ ក្នុងចំណោមប្រជាជនប្រហែល ២៥ លាននាក់។ ប៉ុន្តែមិនបានរាយការណ៍ពីករណីបែបនេះទេ ចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដា៕ ប្រភពពី CAN ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner