«សៀមរាបបណ្ណាល័យ» ប្រារព្ធខួបលើកទី១ នៃការបង្កើតបណ្ណាល័យនេះ
សៀមរាប៖ «សៀមរាបបណ្ណាល័យ» ដែលជាបណ្ណល័យសាធារណៈនិងជា មជ្ឍមណ្ឌលវប្បធម៌ ស្ថិតក្នុងខេត្តសៀមរាប នៃទឹកដីអច្ឆរិយៈ នឹង ប្រារព្ធ ខួបលើកទី១របស់ខ្លួននៅថ្ងែទី ២៨ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីអបអរសាទរ អក្សរសិល្ប៍ សិល្បៈ តន្រ្តី និងរបាំបុរាណខ្មែរ ។ កម្មវិធីនេះ ក៏នឹងបើកឱ្យសាធារណជនចូលរួមដោយសេរីផងដែរ។
បណ្ណាល័យនេះ បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយវិស័យការអាន និងការអប់រំសិល្បៈ វប្បធម៌ ឱ្យកាន់តែរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ក្រោយពីការរៀបចំគម្រោងអស់រយៈពេលបីឆ្នាំ មជ្ឍមណ្ឌលនេះបាន ចាប់ផ្ដើមបើកទ្វារឡើងកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២។
លោក ម៉ារីយ៉ុន ពីលី(Marion Pili )ស្ថាបនិកសៀមរាបបណ្ណាល័យ បាន ប្រាប់ឱ្យដឹងថា បណ្ណាល័យនេះ ជាបណ្ណាល័យដែលប្រមូលផ្ដុំទាំងភាសាខ្មែរ ភាសាបារាំង និងភាសាអង់គ្លេស ដែលបើកបម្រើការជាសាធារណៈដល់ ប្រជាសហគមន៍ទាំងក្មេង ចាស់ និងយុវ័យសម្រាប់ការចូលអាន។
លោកបានប្រាប់ថា ៖ «បណ្ណាល័យនេះ ពិតជាមានមោទកភាព ចំពោះ បេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យនេះជាខ្លាំង។ យើងមានគោលបំណងផ្សព្វផ្សាយ វប្បធម៌ដ៏ល្អថ្លៃថ្លាមួយនេះឱ្យកាន់តែទូលំទូលាយ និងឱ្យពិភពលោកទាំងមូល បានស្គាល់ផងដែរ។ បណ្ណាល័យផ្តល់ជូននូវសៀវភៅដ៏សំបូរបែបរួមមានសៀវភៅ ភាសាខ្មែរ និង អង់គ្លេស ព្រមទាំងផ្នែកអន្តរជាតិផ្សេងទៀតផងដែរ»។
លោក ពីលី បានបន្តថា សៀមរាបបណ្ណល័យ ជឿជាក់ថាមនុស្សគ្រប់សញ្ជាតិ មាន សិទ្ធិចូលរួមក្នុងសកម្មភាពវប្បធម៌ សម្រាកលេង និងរៀនសូត្រដោយ ចែករំលែកបទពិសោធគ្នាទៅវិញទៅមក ដោយគ្មានការរើសអើងជាតិ សាសន៍ នោះឡើយ ហើយបណ្ណាល័យនេះផ្តល់នូវការយល់ដឹងអំពីវប្បធម៌ និងសិល្បៈ ជួយជំរុញឱ្យមានការចង់ដឹងចង់ឃើញ មិនតែប៉ុនណោះក៏អាចឱ្យអ្នកអាន មានទំនុកចិត្តលើខ្លួនឯង និងការអភិវឌ្ឍខ្លួនរបស់កុមារ ព្រមទាំងអនាគត ពលរដ្ឋកម្ពុជាផងដែរ។
លោកថា ៖ «យើងជឿជាក់ថាឪពុកម្តាយ និងអាណាព្យាបាលមាន ទំនួល ខុសត្រូវក្នុងការជួយផ្សព្វផ្សាយវប្បធម៌ទៅកាន់ក្មេងៗជំនាន់ក្រោយ និងណែនាំកូនៗរបស់ពួកគេឱ្យយល់ពីខ្លួនឯងកាន់តែច្បាស់»។
យោងតាមរបាយការណ៍កម្មវិធីប្រចាំប្រទេសរបស់អង្គការ UNICEF (២០១៩-២០២៣) បានឱ្យដឹងថា ចំនួនប្រជាពលរដ្ឋនៅខេត្តសៀមរាប ក្នុងឆ្នាំ២០២២ មានចំនួន ១៨៩, ២៩២ នាក់ ដែលភាគច្រើននៃ ប្រជាជនមានអាយុក្រោម៣០ឆ្នាំ។
របាយការណ៍ដដែលថា យុវជន គឺជាសសរគ្រឹះដ៏រឹងមាំសម្រាប់ត្រៀមខ្លួន ដើម្បីចូលរួមជាកម្លាំងការងារ មានសក្តានុពលក្នុងការរួមចំណែកដ៏ សំខាន់ ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ចាប់តាំងពីការបើកសៀមរាបបណ្ណាល័យនេះ ក្នុងខែមករា ឆ្នាំ២០២២កន្លង ទៅ រយៈពេលប្រាំខែដំបូង ចំនួនអ្នកចូលអានមានចំនួន ៦ ៣៧០ ដង ក្នុងនោះមានចំនួន ៣ ៣១២ នាក់ ដែលមានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ និង២ ២៩៣ នាក់ដែលមានអាយុក្រោម ១១ឆ្នាំ។
លោក Marion Pili ស្ថាបនិកបណ្ណាល័យរូបនេះ បានបញ្ជាក់ថា ៖ «យើងចង់ឱ្យសៀមរាបបណ្ណាល័យ ក្លាយជាមជ្ឈមណ្ឌលប្រកបដោយ និរន្តរភាពដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ខេត្តសៀមរាបទាំងមូល ជាពិសេសសម្រាប់ប្រជាជនដែលមានសេដ្ឋកិច្ចក្រីក្រ»។
ចាប់តាំងពីបើកដំណើរការសៀមរាបបណ្ណាល័យមក អង្គការចំនួនពីរដែលធ្វើ សកម្មភាពទាក់ទងនឹងការអាន និងសៀវភៅ គឺ អង្គការស៊ីប៉ា និងអង្គការអាន កម្ពុជា បានគាំទ្រសៀមរាបបណ្ណាល័យ តាមរយៈការឧបត្ថម្ភសម្ភារមួយ ចំនួនជាដើម។
ក្នុងនាមជាក្រុមការងារ និងស្ថាបនៃសៀមរាបបណ្ណាល័យ លោក Marion Pili បានអំពាវនាវដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កវី និងអ្នកនិពន្ធជាដើម ជួយឧបត្ថម្ភដល់បណ្ណាល័យនេះបន្ថែម ដោយសារបណ្ណាល័យកំពុងស្វែង រកអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងឧបករណ៍ប្រើប្រាស់មួយចំនួន ដើម្បីបម្រើ តម្រូវការដល់សិស្ស និស្សិតក្រីក្រ ក៏ដូចជាសម្រាប់សហគមន៍ក្នុងការ ថែរក្សា និងផ្សព្វផ្សាយវប្បធម៌របស់កម្ពុជា មិនតែប៉ុណ្ដោះក៏ជួយដល់វិស័យការអាន ផង ដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃបើកដំណើរការ រហូតដល់បច្ចុប្បន្ន សៀមរាប បណ្ណាល័យ មានសៀវភៅចំនួន ៥ ០០០ ក្បាលដែលសៀវភៅភាគច្រើ ន ទទួល បានពីការបរិច្ចាគរបស់សិស្សានុសិស្ស គ្រឹះស្ថានបោះពុម្ព និងអ្នក និពន្ធផ្ទាល់៕
ដោយ៖ហ៊ួន ស៊ីឡូន