ក្រសួងការបរទេសបង្ហាញលទ្ធផលទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុនរបស់ឯកឧត្តម ប្រាក់ សុខុន
ភ្នំពេញ៖ តបតាមការ អញ្ជើញរបស់ ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ ២៤ ខែមករា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ ត្រូវបានប្រព្រឹត្តទៅស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣នេះផងដែរ។
ក្នុងឱកាសទស្សនកិច្ចនេះ រដ្ឋមន្ត្រីទំាងពីរមានជំនួបទ្វេភាគី ដោយបានពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយផ្លែផ្កាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ លើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន និងការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។ រដ្ឋមន្ត្រីទាំងពីរ ក៏បានសម្តែងនូវការពេញចិត្ត ចំពោះភាពល្អប្រសើរបំផុតដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃ ទំនាក់ទំនងទ្វេភាគី ដែលត្រូវបានស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់យ៉ាងញឹកញាប់ ពិសេស ដោយមានជំនួបកំពូលទ្វេភាគីចំនួន០៤លើក រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន កាលពីឆ្នំាមុន។
រដ្ឋមន្ត្រីទាំងពីរ ក៏បានស្វាគមន៍ កិច្ចសហប្រតិបតិ្តការ និងទំនាក់ទំនងយ៉ាងសកម្មលើ វិស័យ សន្តិសុខ និង ការពារជាតិ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងនាយទាហាននៃប្រទេសទំាងពីរ និង ការចូលចតរបស់នាវានៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា កាលពីឆ្នំាមុន។
រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការរីករាយ ចំពោះការ កើនឡើងនូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលបានឈានទៅជិតដល់កម្រិតមុនវិបតិ្តជំងឺកូវីដ-១៩ ព្រមទំាង លំហូរយ៉ាងខ្លំាងនៃ វិនិយោគពីប្រទេស ជប៉ុនចូលមកកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រីទំាងពីរ ក៏បាន ឯកភាពធ្វើការជិតស្និទ្ធជាមួយគ្នា ក្នុងការលើកកម្ពស់បន្ថែមទៀតនូវ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន រួមទំាងការជំរុញឲ្យមានការហោះហើរផ្ទាល់ឡើងវិញ រវាងកម្ពុជា និងជប៉ុន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រមទំាងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល កូវីដ-១៩។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានវាយតម្លៃខ្ពស់ ចំពោះការបន្តគាំទ្ររបស់ជប៉ុន ក្នុងការអភិវឌ្ឍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីសម្រេចគោលដៅ «កម្ពុជាគ្មានគ្រាប់មីននៅត្រឹមឆ្នំា២០២៥» របស់កម្ពុជា។
ចំពោះប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសទំាងពីរបានឯកភាពឲ្យមានការចាប់ផ្តើម ឡើងវិញនូវកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ដែលត្រូវបានខកខានដោយសារជំងឺរាតត្បាតសកល ដើម្បីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្ស នៅប្រទេសជប៉ុន និងបានសម្តែងនូវការប្តេជ្ញាក្នុងការរក្សាខ្ជាប់នូវកិច្ចសន្ទនា ស្តីពីស្ថានភាពសិទ្ធិមនុស្ស ដែលមានស្រាប់រវាងប្រទេសទំាងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីទំាងពីរក៏បានពិចារណាជាវិជ្ជមាន ក្នុងការដំឡើងកម្រិតយន្តការ ពិគ្រោះយោបល់ទ្វេភាគីបច្ចុប្បន្ន ពីថ្នាក់ឧត្តមមន្ត្រី ទៅថ្នាក់អនុរដ្ឋមន្ត្រី។
ក្រៅពីកិច្ចសហប្រតិបតិ្តការទ្វេភាគី រដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបតិ្តការត្រីភាគី ដែលកំពុងដំណើរការ ស្តីពីការដោះមីនសម្រាប់អ៊ុយក្រែន និងឯកភាពពង្រីកកិច្ចសហការនេះដល់ប្រទេសទីបីផ្សេងទៀត ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។ រដ្ឋមន្ត្រីទំាងពីរក៏បានពិភាក្សាលើ កិច្ច សហប្រតិបតិ្តការ ពហុភាគី និង ឯ កភាពគ្នា ពង្រឹងភាពជាដៃគូ និង កិច្ច សហ- ប្រតិបតិ្តការ បន្ថែមទៀត ពិសេសក្នុង ក្របខណ្ឌ អង្គការ សហប្រជាជាតិ និង ក្របខណ្ឌ ពាក់ព័ន្ធ អាស៊ាន។
ឯកឧត្តម ហាយ៉ាហ្ស៊ី បាន បញ្ជាក់ សាជាថ្មីនូវការកោតសរសើរ និងអបអរសាទររបស់ជប៉ុន ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ ហើយក្នុងពេលនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែង អំណរគុណចំពោះការចូលរួមរបស់ជប៉ុន និងបានថ្លែងពីការគំាទ្រយ៉ាងពេញលេញពីសំណាក់កម្ពុជា ចំពោះការ រៀបចំ កិច្ច ប្រជុំ កំពូលរំលឹកខួប អនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនង មិត្តភាព និង សហប្រតិបតិ្តការ អាស៊ាន-ជប៉ុន ក្នុង ឆ្នាំ២០២៣នេះ។
រដ្ឋមន្រ្តីការបរទេសទាំងពីរក៏ បាន ផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហា នៅក្នុង តំបន់ និង អន្តរជាតិដែល ជាកង្វល់ រួម ដូចជា សង្គ្រាមនៅអ៊ុយក្រែន និងសភាពការណ៍នៅឧបទ្វីបកូរ៉េ។ ចំពោះ ស្ថានការណ៍នៅមីយ៉ាន់ម៉ា ឯកឧត្តម ហាយ៉ាហ្ស៊ី បាន បញ្ជាក់សាជាថ្មីនូវការកោតសរសើរយ៉ាងខ្លាំងរបស់ជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ក្នុងការ ជួយ មីយ៉ាន់ម៉ាស្វែងរក សន្តិភាព ស្ថិរភាព និង ការ វិលត្រឡប់មក ប្រក្រតីភាពឡើងវិញ និងសង្ឃឹមថា កម្ពុជានឹងនៅតែបន្តចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ។
ជាចុងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន បញ្ជាក់សាជាថ្មី នូវ ការគាំទ្រ ឥតងាករេរបស់កម្ពុជា ចំពោះជប៉ុ នជា សមាជិក អចិន្ត្រៃយ៍ របស់ ក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ និងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការ ពន្លឿន ឱ្យ មាន ដំណោះ ស្រាយឆាប់រហ័ស លើបញ្ហាការ ចាប់ពង្រត់ ជនជាតិជប៉ុនដោយកូរ៉េខាងជើង។ លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការគំាទ្ររបស់កម្ពុជា ចំពោះគោលការណ៍សំខាន់បី នៃយុទ្ធសាស្ត្រសន្តិសុខជាតិជប៉ុន (NSS) ដែលផ្តោតលើវិភាគទានប្រកបដោយបុរេសកម្មដើម្បីសន្តិភាព គុណតម្លៃសកល និងសន្តិសហវិជ្ជមាន ព្រមទំាងវិបុលភាពរួមគ្នាជាមួយនឹងបណ្តាប្រទេសនានាដទៃទៀត។
ក្នុងពេលស្នាក់នៅទីក្រុងតូក្យូ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានចូលរួម ពិធី ជប់លៀង រំលឹកខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន នៅស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ និងបានប្រាស្រ័យទាក់ទងជាមួយនឹងសមាជិកសម្ព័ន្ធសភា មិត្តភាពកម្ពុជា-ជប៉ុន និង សមាគមជប៉ុន-កម្ពុជាផងដែរ។ នៅក្នុងជំនួបទាំងនោះ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន បាន សម្តែងការអរគុណចំពោះស្ថាប័នទាំងពីរ ដែលបាន រួមចំណែក ដល់ការរីកចម្រើន ជារួមនៃ ទំនាក់ទំនងកម្ពុជា-ជប៉ុន។ ជាការឆ្លើយតប គណប្រតិភូទាំងនោះ បានសន្យានឹងបន្តជួយជំរុញឱ្យចំណងមិត្តភាព និង កិច្ចសហប្រតិបតិ្តការ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ថែមទៀត៕