សម្ដេចតេជោ ហ៊ុន សែន ទទួលជួបជាមួយប្រតិភូវិនិយោគបារាំង នៅវិមានសន្តិភាព
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយប្រតិភូវិនិយោគបារាំង ដឹកនាំដោយឯកឧត្តម អូលីវីយេ បេស (Olivier Becht) នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។
ឯកឧត្តម អូលីវីយេ បានជម្រាបជូន សម្ដេចតេជោថា ប្រតិភូទាំងអស់គ្នា មានជំនឿលើការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យ ហើយបានបំបែក ឯតទគ្គកម្ម លើការ ជំរុញកំណើនសេដ្ឋកិច្ច រយៈពេល ២០ឆ្នាំ ។
ជាមួយនេះ កម្ពុជា បានបន្តធ្វើកំណែទម្រង់ បង្កបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា និងកម្ពុជា កំពុងមានអ្នកមានចំណូលមធ្យមច្រើន ក្នុងន័យនេះ ប្រតិភូបារាំងសម្រេច ធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យ រថភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវគោក, ផ្លូវអាកាស, សំណង់ ថាមពល និងវិស័យដទៃទៀតនិង សុំស្វែងយល់ ពីសម្ដេចតេជោ អំពីវិស័យវិនិយោគ ដែលជាអាទិភាព របស់កម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ និងបានជម្រាបជូន ប្រតិភូវិនិយោគបារាំងទាំងមូលថា កម្ពុជាអនុញ្ញាត ឲ្យធ្វើការវិនិយោគ 100% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្ត ឲ្យមានការវិនិយោគពីវិស័យឯកជន តាមរយៈ សាងសង់ ប្រតិបត្តិការ.ផ្ទេរ B.O.T ។
ពាក់ព័ន្ធនឹងវិស័យថាមពលស្អាត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាត ប្រមាណ ៦២%ហើយ, កំពុងតែទាក់ទាញវិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុម័ត ឲ្យបង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្ម ថ្មី ឬធ្វើទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គឡើយ។ ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់ថាមពល ពន្លឺព្រះអាទិត្យ ។
សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូ អំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជាផងដែរ នោះគឺការជំរុញនយោបាយឧស្សាហកម្ម ជំរុញឲ្យមានការវិនិយោគ លើឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ ដែលកម្ពុជាមានវត្ថុធាតុដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវ ជាដើម ។ សម្រាប់ធ្វើការកែច្នៃមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាទេ ប៉ុន្តែទៅកាន់ទីផ្សារដទៃទៀត ដែលជា ដៃគូរបស់កម្ពុជា ៕
ដោយ វណ្ណលុក