អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំធ្វើតេស្ត៍រកសារធាតុញៀន ជូនថ្នាក់ដឹកនាំ នាយនគរបាល និងកីឡាករ កីឡាការិនី
ភ្នំពេញ ៖ យោងតាមអនុសាសន៍ណែនាំដ៏ថ្លៃថ្លា និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានរៀបចំការធ្វើតេស្ត៍ពិនិត្យរកសារធាតុញៀនជូនថ្នាក់ដឹកនាំ នាយនគរបាល និងកីឡាករ កីឡាការិនី ដែលជាកងកម្លាំងចំណុះឱ្យអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
សូមរម្លឹកជូនថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដាច់ខាតត្រូវតែពិនិត្យ និងធ្វើតេស្ដ៍រកសារធាតុញៀនដល់ ដល់ថ្នាក់ដឹកនាំ មន្ត្រី ជាពិសេសកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃ ដោយមិនអាចអាក់ខានបានឡើយ។
សូមជម្រាបថា ការធ្វើតេស្ត៍ពិនិត្យរកសារធាតុញៀនជូនដល់ថ្នាក់ដឹកនាំ នាយនគរបាល និងកីឡាករ កីឡាការិនីកងកម្លាំងចំណុះឱ្យអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ធ្វើឡើងរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី២៥-២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅអគារមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ៕
ដោយ-រ៉ាវុធ