រដ្ឋមន្ត្រីក្រសួងកសិកម្មចង់ប្រែក្លាយចម្ការកៅស៊ូជប់ ទៅសារមន្ទីរសម្រាប់ សិក្សាស្រាវជ្រាវដំណាំកៅស៊ូ

អត្ថបទដោយ៖
CPA

កំពង់ចាម៖​ រដ្ឋមន្ត្រីក្រសួងកសិកម្មចង់ប្រែក្លាយចម្ការកៅស៊ូជប់ទៅ ទីកន្លែង សម្រាប់សិក្សាស្រាវជ្រាវដំណាំកៅស៊ូ។ បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា បានថ្លែងក្នុងដំណើរចុះ ទស្សនកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅក្នុងឃុំជីរោរិ៍ទី២ ស្រុក/ខេត្ដត្បូងឃ្មុំ ដើម្បីស្វែងយល់ពីស្ថានភាពកៅស៊ូកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា លោកនឹងឱ្យជំនាញការក្រសួងកសិកម្ម មកសិក្សានិងព្យាបាល ដើមកៅស៊ូមួយចំនួន សម្រាប់ការស្រាវជ្រាវនិង ផលិត ពូជបន្តទៅទៀត។

ឯកឧត្តមថ្លែងបន្តថា៖ « ថ្ងៃក្រោយទៅជាសារមន្ទីរហើយ ក្នុងផ្ទៃដី១៤ហិកតា របស់ចម្ការកៅស៊ូជប់ ដោយនឹងរៀបចំការពារឱ្យបានល្អ ហើយទុកសម្រាប់ សិក្សាស្រាវជ្រាវ សម្រាប់ពូជរបស់យើង»។

បើតាមឯកឧត្តម ឌិត ទីណា គឺ ចម្ការកៅស៊ូជប់ មានកៅស៊ូដែលនៅសល់ តាំងពី ជំនាន់មុនមក ដោយយោងតាមឯកសារ គឺឆ្នាំ១៩២៤ មកដល់ បច្ចុប្បន្ន មានអាយុកាល៩៩ឆ្នាំ។លោកបន្ថែមថា អ្វីដែលសំខាន់ យើង អាចចាត់ទុកថា ជាសារមន្ទីរកៅស៊ូ ឬអាចចាត់ទុក ជាទ្រព្យសម្បត្តិរបស់ ជាតិមួយដ៏មានតម្លៃ ព្រោះគ្មាននៅកន្លែងណាផ្សេងទៀតទេ ។ កៅស៊ូ យកមកដាំពីមុនមកដែលមានអាយុ៩៩ឆ្នាំនោះនៅសល់ប្រមាណ៤៧៧ដើម។
លោក ម៉ែន សុភក្តិ ប្រធានក្រុមហ៊ុនវិនិយោគសុភក្តិនីកា ដែលជាក្រុមហ៊ុន ដាំដុះនិងនាំចេញកៅស៊ូ បានស្វាគមន៍ចំពោះចំពោះការលើកឡើង របស់ ឯកឧត្តមដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានបំណង ប្រែក្លាយចម្ការកៅស៊ូជប់ទៅជាសារមន្ទីរបែបនេះ។លោកបន្តថា នៅចម្ការ កៅស៊ូជប់មានពូជកៅស៊ូច្រើន ប្រភេទ និងជាពូជដែលល្អ ៗថែមទៀត និងជាតំបន់ដែលបង្កើតចំការកៅស៊ូធំៗមុនដំបូងគេនៅក្នុងប្រទេសកម្ពុជា ។
លោកថ្លែងថា ៖« ល្អហើយ កន្លងមកខាងក្រសួងកសិកម្ម និងចម្ការកៅស៊ូធំ ៗ បានសហការ និងធ្វើការនេះដែរហើយ ដើម្បីបន្តជ្រើសរើសពូជល្អៗ និង បង្កាត់ពូជថ្មី នៅក្នុងតំបន់នេះ។ពូជណាដែលល្អៗ ត្រូវរក្សាទុកដាំនៅក្នុង តំបន់នោះ ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានទិន្នផលខ្ពស់ និងស្របជាមួយ នឹងអាកាសធាតុ និងតំបន់»។

លោក ម៉ែន សុភក្តិ លើកឡើងថា ពូជកៅស៊ូដែលបាននឹងកំពុង ប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា គឺមានជាង ២០ ពូជ ដែលត្រូវ បាននាំ ចូលពី បណ្តា ប្រទេសផ្សេងៗ យកទៅដំានៅក្នុងចម្ការ ប៉ុន្តែ ភាគច្រើននាំចូល ពូជមកដាំដុះ នៅក្នុងប្រទេសគឺមកពីប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាមជា ដើម។

ចម្ការកៅស៊ូជប់ មានទីតាំងស្ថិតមានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូង ឃ្មុំ ដែលនៅសល់ដើមកៅស៊ូ អាយុកាល៩៩ឆ្នាំ ប្រមាណ៤៧៧ដើម និងមានផ្ទៃដីប្រមាណ១៤ហិកតា៕ ដោយ៖ យុទ្ធ វីរៈ

ads banner