គម្រោងជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែងសម្រេចបាន៥០ភាគរយ

អត្ថបទដោយ៖
CPA

សៀមរាប៖គិតមកដល់ពេលនេះគម្រោងអភិរក្សនិងជួសជុសជ្រុងខាងជើង ប្រាសាទភ្នំបាខែង សៀមរាប ដែលអនុវត្តគម្រោងដោយមូលនិធិ ប្រាសាទ ពិភពលោក(World Monuments Fund) សម្រេចបានប្រមាណ៥០ ភាគរយហើយ។នេះបើតាមការឱ្យដឹងពីក្រសួងវប្បធម៌និងវចិច្រសិល្បៈ កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

តាមរយៈក្រសួងវប្បធម៏ និងវិចិត្រសិល្បៈលោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថា គម្រោង ជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពី ឆ្នាំ២០១៩ ដែលមកដល់ បច្ចុប្បន្ននេះសម្រេចបាន៥០ភាគរយហើយ ខណៈការងារនេះអាចនឹងចំណាយពេលប្រមាណប្រមាណប្រាំមួយឆ្នាំទៀត ដើម្បីរួចរាល់ជាស្ថាពរ។

លោកស្រី Ginevra Boatto បានបញ្ជាក់ថា៖«មិនខុសពីប្រាសាទ ដទៃ ទៀតដែរ ប្រាសាទភ្នំបាខែងរងការខូចខាតដោយសារកត្តាពេលវេលា អាកាសធាតុ ដែលធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទនេះខូចខាត និងទ្រេត ហើយកន្លែងខ្លះរលំផងដែរ ដូចជានៅតាមជ្រុង នីមួយៗ ដោយសារ មានទឹកហូរច្រោះ»។ ការជួសជុល នេះគេត្រូវកាយថ្មនៅបាតគ្រឹះចេញ ដោយបុកបង្ហាប់ គ្រឹះថ្មី និងធានាថា ទឹកមិនហូរច្រោះតទៅទៀត ។ក្រៅពីនោះ ក៏មានការជួសជុលតួប៉ម នៅតាមជ្រុងនីមួយៗដែលបានបាក់ និងដួលរលំផងដែរ។ លោកស្រីបន្តថាអ្នកជំនាញ ក៏បានគិតគូរពីការរៀបចំ ប្រព័ន្ធបង្ហូរទឹក បង្ការទឹក ជ្រាបចូលគ្រឹះ ដែលធានាសុពលភាព បានយូរអង្វែង។

ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោក ញឹម ស៊ីដេត មគ្គុទេ្ទសក៍ទេសចរណ៍ នាតំបន់អង្គរ ខេត្តសៀមរាប បានគាំទ្រចំពោះសកម្មភាពជួសជុសជ្រុងខាង ជើងប្រាសាទភ្នំបាខែងនេះឡើងវិញ របស់អ្នកជំនាញជាតិអន្តរជាតិ ដែល បាន យកចិត្តទុកដាក់ក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទដ៏អស្ចារ្យ មួយនេះ ឱ្យមានភាពស្រស់ស្អាត រឹងមាំបានយូរ អង្វែងតទៅមុខ។

លោកបានបន្តថា៖« ប្រាសាទភ្នំបាខែង ជាទម្រង់សំណង់ប្រាសាទភ្នំដែល មានតួប៉មច្រើន នៅតាមខឿនទាំងប្រាំថ្នាក់ ប៉ុន្តែកន្លងមកភ្ញៀវទេសចរ ដែល អាចចូលទៅទស្សនាប្រាសាទនេះ គឺត្រូវបានកំណត់ចំនួន នឹងអាចឡើង បាន តែថ្នាក់ទីប្រាំនៃប្រាសាទខាងលើមួយប៉ុណ្ណោះ ។ចំណែកថ្នាក់ប្រាសាទ ខាង ក្រោមផ្សេងៗទៀត មិនបានអនុញ្ញាតនោះទេ ដោយសារកំពុងជួសជុល និង អាជ្ញាធរចង់ការពារសុវត្ថិភាពរបស់ភ្ញៀវទេសចរ»។

លោកបន្ថែមទៀតថា ប្រាសាទភ្នំបាក់ខែង គឺជាប្រាសាទដែលចាស់ជាងគេ ក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក និងជាសមិទ្ធផលក្នុងរាជព្រះរាជាខ្មែរសម័យអង្គរ នាចុងសតវត្សទី៩ នៃ គ្រិស្តសករាជ។តាមប្រវត្តិសាស្ត្រកម្ពុជា ព្រះរាជាព្រះនាមយ សោវម៌្មទេវ (យសោវរ្ម័ន) បានផ្លាស់ប្ដូររាជធានីពីហរិហរល័យ (តំបន់រលួសបច្ចុប្បន្ន) មកប្រតិដ្ឋនៅម្ដុំភ្នំបាខែងបច្ចុប្បន្ន។

មគ្គុទេ្ទសក៍ទេសចរណ៍រូបនេះបានបញ្ជាក់បន្ថែមទៀតថា៖«ភាគច្រើនភ្ញៀវទេសចរមកកាន់តំបន់អង្គរ មិនដែលរំលងប្រាសាទនេះនោះទេ ព្រោះទេសចរ ភាគច្រើន កាលណាឡើងទៅលើប្រាសាទភ្នំបាខែង ក្រៅពីទស្សនា សំណង់ បុរាណនេះ ពួកគេក៏មានគោលដៅដ៏សំខាន់ផ្សេងៗទៀត ដែលតែងល្បីតៗ គ្នាកន្លងមក គឺគយគន់ទេសភាពពីលើភ្នំ រួមទាំងទិដ្ឋភាពថ្ងៃលិចជាដើម។ រីឯទេសចរបែបកីឡា ក៏តែងជ្រើសរើសទីតាំងនេះជាកន្លែងទស្សនា និង លំហាត់ ប្រាណ(ដើរឡើងភ្នំ)។ ចំណែកអ្នកដែលចូលចិត្តថតរូបភាពមួយ ចំនួន ពួកគេឡើងភ្នំបាខែង ដើម្បីផ្ដិតយករូបប្រាសាទអង្គរវត្ត មុនពេល ព្រះអាទិត្យអស្ដង្គតផងដែរ»។

គួរបញ្ជាក់ដែរថា បើតាមអ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានសង្កត់ធ្ងន់ដែរថា គម្រោងអភិរក្សនិងជួសជុលប្រាសាទភ្នំបាខែង គឺ ជាគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ចាប់ ផ្តើមពីឆ្នាំ២០០៩មក។ ហើយនៅជំហានបន្ទាប់ WMF នឹងគិតគូរជួយ អភិរក្សប្រាសាទដទៃទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ។

បន្ទាប់ពីមានវត្តមាននៅខេត្តសៀមរាបជាង ៣០ឆ្នាំមកនេះ WMF បានជួយកិច្ចអភិរក្សនៅប្រាសាទមួយចំនួន ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែងជាដើម៕
ដោយ៖ សែម ពិសី

ads banner