ក្រសួងការបរទេសបដិសេធការផ្សាយរបស់ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា (Video Inside)
ក្រសួងការបរទេសកម្ពុជា បានបដិសេធការផ្សាយព័ត៌មានមួយរបស់ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា «Demografiya upala» ដែលនិយាយថាកម្ពុជាបានគាំទ្រផ្នែកយោធា ដល់ប្រទេសអ៊ុយក្រែន។
សេចក្តីបដិសេធនេះបានធ្វើឡើងបន្ទាប់ពីការផ្សាយព័ត៌មានបរទេសនេះ បានធ្វើបច្ចុប្បន្នភាពផ្សាយជាមួយការបង្ហាញផែនទីពិភពលោកបង្ហាញថា តើមានប្រទេសណាខ្លះដែលគាំទ្រយោធាដល់អ៊ុយក្រែន និងមានប្រទេសណាខ្លះដែលគាំទ្រយោធាដល់រុស្ស៊ី។
ប៉ុន្តែក្នុងការផ្សាយនោះ, Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា បានដាក់ប្រទេសកម្ពុជា គឺស្ថិតក្នុងចំណោមប្រទេសដែលគាំទ្រអ៊ុយក្រែនផ្នែកយោធា។ ការផ្សាយរបស់កាសែតបរទេសនេះ ត្រូវគេរាយការណ៍ថាបានផ្អែកលើអ្វី ដែលកម្ពុជាបាន ជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសដោះគ្រាប់មីនដល់អ៊ុយក្រែន។
កម្ពុជាបានទាត់ចោលការចោទប្រកាន់ទាំងនោះ និងបញ្ជាក់ទៅវិញថាការជួយបណ្តុះបណ្តាលនេះ គឺផ្អែកលើកត្តាមនុស្សធម៌។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី២៤ មករា ឆ្នាំ២០២៣ បានសរសេរថា «ការសម្រេចចិត្តផ្ដល់ជំនួយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេស ដោះគ្រាប់មីនដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA គឺធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្ម រក្សាសន្តិភាពនានារបស់កម្ពុជានៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ក្រោមឆត្រអង្គការសហប្រជាជាតិ»។
ក្រសួងការបរទេសកម្ពុជាបានស្នើឱ្យ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា ត្រូវកែតម្រូវព័ត៌មានរបស់ខ្លួនសាឡើងវិញ ដោយសារការផ្សាយនោះមិនត្រឹមតែមិនពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កភាពប៉ះពាល់ដល់ឈ្មោះ នៃប្រទេសកម្ពុជាដែលជាប្រទេសស្រឡាញ់សន្តិភាព និងដែលតែងប្រកាន់ខ្ជាប់ចំពោះគោលនយោបាយបរទេសអព្យាក្រឹត្យដូចបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។