ក្រុមគ្រូពេទ្យ ជនជាតិបារាំង ចុះពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារគរថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យជនជាតិ បារាំង ESC Team បានចុះមកពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារគរថ្លង់ ចំនួន ១២០នាក់ នៅវិទ្យាល័យពិសេស កំពង់ចាម ខេត្តកំពង់ចាម ។
របស់លោក កែវ ផល្លី នាយកវិទ្យាល័យពិសេសកំពង់ចាម បានឲ្យដឹងថា ក្រុមគ្រូពេទ្យជនជាតិបារាំង ដែលបានអញ្ជើញមកបំពេញបេសកកម្មពិនិត្យព្យាបាល នាពេលនេះ ក្នុងគោលបំណង ដើម្បី ជួយ សម្រួលដល់ការស្តាប់ របស់កុមារគរថ្លង់ ។ ក្រៅពីនោះ ក្រុមគ្រូពេទ្យបារាំង ក៏បានផ្តល់អត្ថប្រយោជន៍ សំខាន់ ចំនួន ៣ ផងដែរ គឺ ៖ ទី១.ពិនិត្យ សម្អាតត្រចៀក ។ ទី២. បំពាក់ម៉ាស៊ីន ត្រចៀក និងទី៣.បណ្តុះបណ្តាលជំនាញផ្នែកត្រចៀក ដល់គ្រូជនជាតិខ្មែរផងដែរ ។
លោក កែវ ផល្លី នាយកវិទ្យាល័យពិសេសកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមគ្រូពេទ្យ ជនជាតិបារាំង ដែលបានខិតខំចំណាយពេលវេលា ទាំងកម្លាំងកាយ ចិត្ត ចុះមកពិនិត្យត្រចៀក និងបំពាក់ម៉ាស៊ីនត្រចៀក ដើម្បី ជួយសម្រួលដល់ ការស្តាប់ របស់កុមារពិការភ្នែក និងគរថ្លង់ ព្រមទាំង ជួយបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូជាជនខ្មែរ ដើម្បី ទុកជាធនធាន សម្រាប់ជួយដល់កុមារគថ្លង់ បន្តទៅពេលអនាគត ផងដែរ ។
លោក ហ្សង់ ប៉ូល ជាប្រធានដឹកនាំក្រុមគ្រូពេទ្យជនជាតិបារាំង ផ្នែកពិនិត្យ ត្រចៀក និងបំពាក់ម៉ាស៊ីនជំនួយ ការស្តាប់ដល់ក្មេងគថ្លង់ ហៅថា ESC បានឱ្យដឹងថា ក្រុមការងាររបស់លោក តែងតែមកជួយរាល់ ២ឆ្នាំម្តង ដើម្បីជួសជុលម៉ាស៊ីនត្រចៀកឡើងវិញ និងបំពាក់ម៉ាស៊ីនត្រចៀកថ្មី ជំនួយដល់ការស្តាប់ ។ ក្រៅពីនោះ លោកមកពេលនេះ ក៏ដើម្បី ជួយដល់វិទ្យាល័យអប់រំពិសេសទាំង៥ ក្នុងប្រទេសកម្ពុជា គឺ វិទ្យាល័យពិសេស កំពង់ចាម វិទ្យាល័យពិសេស ច្បារអំពៅ វិទ្យាល័យពិសេស ភ្នំពេញថ្មី វិទ្យាល័យពិសេស បាត់ដំបង និងវិទ្យាល័យពិសេស សៀមរាប ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វិទ្យាល័យពិសេសកំពង់ចាម មានសិស្សសរុប ចំនួន ១៨០នាក់ ក្នុងនោះ សិស្សពិការភ្នែក មានចំនួន ៥២នាក់ សិស្សគថ្លង់ចំនួន ១២៨នាក់ ៕ លី ពៅ