ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសំណើរទីតាំងដីដែលរដ្ឋបាលខេត្តពោធិ៍សាត់ស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប
ពោធិ៍សាត់៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តពោធិ៍សាត់ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសំណើរករណីទីតាំងដីដែលរដ្ឋបាលខេត្តស្នេីសុំកែសម្រួលព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រជុំនេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ការរៀបចំកិច្ចប្រជុំអន្តរក្រសួងនាពេលនេះគឺ ដើម្បីពិនិត្យសំណើរបស់រដ្ឋបាលខេត្តពោធិ៍សាត់លេខ ០១៧២ ចុះថ្ងៃទី ៦ ខែមករាឆ្នាំ ២០២៣ ដែលស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្នុងនោះមាន ១:ស្រុកបាកាន មាន៤ឃុំ ស្មើនឹង១៥០គ្រួសារ ស្មើនឹង ១៥៨ក្បាលដី មានទំហំដី ៦១,៥៣ហិកតា , ២: ស្រុកកណ្ដៀង មានពីរឃុំ មាន ៥៦ គ្រួសារ ស្មើនឹង៦១ ក្បាលដី មានទំហំដី ២៩,៩១ហិកតា, ៣: ស្រុកក្រគរ មាន១ឃុំ មាន៩គ្រួសារ ស្មើនឹង ៩ ក្បាលដី មានទំហំដី ៥,៧៦ហិកតា។ យោងតាមសំណើរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្រុមការងាររួមនិងរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធទាំងអស់ ជាមួយនឹងក្រុមការងាររបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចុះមកធ្វើការត្រួតពិនិត្យសម្របសម្រួលពិភាក្សាគ្នា ហើយក៏មានចំណុចកែសម្រួលខ្លះៗ យោងតាមសំណើរបស់រដ្ឋបាលខេត្ត។ ចំណុចកែសម្រួលនេះ គឺជាការកែសម្រួលមួយដើម្បីឲ្យអង្គប្រជុំ មានធាតុចូល មានលក្ខណៈរឹងមាំហើយធានាបាននូវនិរន្តរភាព។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោយពីបញ្ចប់អង្គប្រជុំនេះ យើងបានឯកភាពគ្នានឹងលើកសំណើរជូនទៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីផ្ដល់សេចក្តីសម្រេចមានលក្ខណៈងាយស្រួលនិងធានាបាននូវភាពរឹងមាំយូរអង្វែង។ ក្រៅពីនេះយើងនឹងរៀបចំធ្វើអនុក្រឹត្យដោយឡែក សម្រាប់ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដាច់ដោយឡែកពីគ្នា ដើម្បីប្រគល់ការទទួលខុសត្រូវដល់រដ្ឋបាលខេត្ត ថ្នាក់ស្រុក ក្រុង នីមួយៗ ដូចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការទទួលខុសត្រូវបន្តគ្នា នាពេលអនាគត ដោយភ្ជាប់ជាមួយនឹងឯកសារនេះ បើទោះបីជាមានការផ្លាស់ប្ដូរអាណត្តិ របស់រដ្ឋបាលខេត្តយ៉ាងណាក្តី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា បានចាត់ទុកថានេះគឺជាការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក មេឃុំទាំងអស់ ដែលបានលើកសំណើរបស់ប្រជាពលរដ្ឋ ឲ្យបានជ្រាបដល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្ដល់សេចក្តីសម្រេចដើម្បីបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋស្របតាមការរស់នៅនិងអាស្រ័យផលជាក់ស្ដែង៕


ដោយ ង៉ាន់ ទិត្យ